រឿងអាស្រូវពុករលួយបក្ខពួកនិយមរបស់ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ត្រូវបានលាតត្រដាង

ខេត្តកំពង់ឆ្នាំង ៖មន្ត្រីរាជការ ក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ពិនិត្យមើលរឿងអាស្រូវពុករលួយរបស់លោក កៅ ពៅ ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ជាបន្ទាន់។ ដោយហេតុថា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ លោក កៅ ពៅ ប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមយ៉ាងពេញបន្ទុក និងមានមុខរបរយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីប្រមូលលុយធ្វើមានធ្វើបាន។ ជាពិសេសការចេញប័ណ្ណបើកបរនៅមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង មានភាពអនាធិបតេយ្យយ៉ាងខ្លាំង ព្រោះលោក កៅ ពៅ និងបក្ខពួកឃុបឃិតគ្នាប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួលបំផុត។
មន្ត្រីមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ជាច្រើននាក់បានបង្ហើបឲ្យដឹងថា លោក កៅ ពៅ បានតែងតាំងកូនស្រីរបស់ខ្លួនឈ្មោះ កែវ ដាលីន ឲ្យមានតួនាទីជាអនុប្រធានការិយាល័យគណនេយ្យរបស់មន្ទីរ។ ចំណែកកូនប្រុសឈ្មោះ ឡេង រដ្ឋា ដែលទើបតែចូលបម្រើការងារបានទទួលតំណែងជាប្រធានការិយាល័យសាធារណការ ចំណែកមន្ត្រីចាស់ៗធ្វើការរាប់សិបឆ្នាំងមកហើយ មិនត្រូវបានថ្នាក់លើយកចិត្តទុកដាក់ឡើយ។ បច្ចុប្បន្ននេះលោក កៅ ពៅ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ ដោយគ្មានញញើតអ្វីទាំងអស់ ហើយអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន ក៏គួរបើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវពុករលួយរបស់ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ដែរ។
សេចក្ដីរាយការណ៍ពីមន្ត្រីនៃមន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង បានលើកឡើងទៀតថា ក្នុងឆ្នាំ២០១៤ មន្ទីរចេញប័ណ្ណបើកបរដល់ទៅ៣៤៥៣សន្លឹក ដូច្នេះលោក កៅ ពៅ ប្រមូលក្បាលកាក់បានមិនតិចឡើយសម្រាប់យកទៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួន។ មិនតែប៉ុណ្ណោះនៅក្នុងគម្រោងថែទាំនិងជួសជុលផ្លូវក៏លោក កៅ ពៅ និងបក្ខពួកឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋលើគម្រោងទាំងនោះមិនតិច ដែរ។ ដូច្នេះលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនត្រូវមើលរំលងរឿងអាស្រូវពុករលួយបក្ខពួកនិយមរបស់លោក កៅ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនោះទេ ព្រោះមួយរយៈពេលចុងក្រោយនេះ លោក កៅ ពៅ ធ្វើអ្វីៗស្រេចតែអំពើចិត្តដូចជាតែងតាំងកូនៗរបស់ខ្លួន ឲ្យធ្វើជាមន្ត្រីធំនៅក្នុងមន្ទីរដោយមិនខ្វល់ពីការរិះគន់អ្វី ទាំងអស់៕

2015_09_16_02_37_08

Loading...

Leave a Reply

Your email address will not be published. Required fields are marked *