រឿងអាស្រូវ​ពុករលួយ​របស់លោក ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ

ភ្នំពេញៈ រឿងអាស្រូវ​ពុករលួយ​របស់លោក ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សេដ្ឋកិច្ច​ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដឹង​និង​ចាត់វិធានការ​ទប់ស្កាត់​។

ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​សៀម និង​ពី​ប្រទេស​យួន​ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដែលជា​កូនចៅ​របស់លោក ពិត បញ្ញា កំពុង​គាប​យកលុយ​ពី​ពួកគេ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​បំផុត​។

ទន្ទឹមនឹងនេះ​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ ក៏បាន​អំពាវនាវ​ឲ្យ​​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ផងដែរ​ ហើយ​ចាត់វិធានការ​តាម​ស្ថានភាព​ជាក់ស្ដែង​។​

​បើតាម​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ​លោក ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​បានដាក់​ពង្រាយ​កូនចៅ​ឲ្យ​ធ្វើ​សកម្មភាព​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​តែម្តង​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កម្លាំង​ក្រោម​ឱវាទ​របស់លោក ពិត បញ្ញា ត្រូវបាន​បែងចែក​ជា​ក្រុមៗ​ដើម្បី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ ហើយ​នៅតាម​ឃ្លាំង​ស្តុក​ទំនិញ​និង​ទីតាំង​ស្តុក​ទំនិញ​ក៏​ក្រុមមនុស្ស​របស់លោក ពិត បញ្ញា ដើរ​ដាក់បទបញ្ជា​ឲ្យ​ឈ្មួញ​បង់លុយ​ប្រចាំខែ​ផងដែរ​។

ប្រសិនបើ​ឈ្មួញ​ឬ​អាជីវក​រណា​ហ៊ាន​តវ៉ា​មិន​ព្រម​បង់លុយ​តាម​ការកំណត់​ទេនោះ គឺ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន ដូច្នេះហើយ​ទើប​ឈ្មួញ​និង​ក្រុមអាជីវករ​មួយចំនួន​លាតត្រដាង​អំពើពុករលួយ​របស់លោក ពិត បញ្ញា ជា​សាធារណៈ​តែម្តង​។​

​ប្រភពពី​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន និង​ពី​ស្រុក​សៀម យកមក​លក់​តាម​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ពួកគេ​កំពុង​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ដោយសារ​អំពើពុករលួយ​របស់លោក ពិត បញ្ញា និង​បក្ខពួក​។

ប្រភព​បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​របស់លោក ពិត បញ្ញា សម្រាប់​រថយន្ត​មួយគ្រឿង​ពី​១០០​ដុល្លារ​ដល់​៣០០​ដុល្លារ​។ នៅ​គ្រប់​ច្រក​ផ្លូវ​ចូល​រាជធានី​ភ្នំពេញ គឺ​ក្រុមមន្ត្រី​នគរបាល​របស់​លោក ពិត បញ្ញា ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យឡើងវិញ​ចំពោះ​បញ្ហា​ខាងលើនេះ​។​

បើតាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា រឿងអាស្រូវ​ពុករលួយ​របស់លោក ពិត បញ្ញា កំពុង​ជ្រួតជ្រាប​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ រួចទៅហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​កន្លងទៅនេះ​។

ប្រភពពី​មន្ត្រីជាន់ខ្ពស់​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា មិនយូរ​ទេ​លោក ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ផែន​សេដ្ឋកិច្ច ត្រូវ​របូត​ពី​តំណែង​ព្រោះ​ទង្វើ​របស់លោក ពិត បញ្ញា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។

ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​មក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា អំពើពុករលួយ​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឹជា​រឿង​ដដែល​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​តាមដាន​ជាប្រចាំ​ជុំវិញ​បញ្ហា​ទាំងអស់នេះ ។

ទាក់ទងបញ្ហាខាងលើនេះ ភ្នាក់ងារយើងមិនអាចរកការបំភ្លឺបានទេពីលោក ពិត បញ្ញា ដោយសារគ្មានលេខទូរស័ព្ទ ៕

 

Loading...