រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក សុផល នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​លាតត្រដាង​ ​

​ភ្នំពេញ៖ បើតាម​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ឃួ​ង ស្រេង ទទួលបាន​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ប៉ា សុជាតិ​វង្ស រួចមក​គឺ​នៅតែ​បណ្ដោយ​ឲ្យ​លោក អ៊ុក សុផល នាយក​នៃ​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដដែល​។ ដូច្នេះហើយ​ទើប​លោក អ៊ុក សុផល មាន​សិទ្ធិអំណាច​ធំធេង​ក្នុងការ​បំប៉ោង​គម្រោង​លើ​ចំណូល​ចំណាយ​សម្រាប់​សាលា​រាជធានី​ភ្នំពេញ ស្រេចតែ​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។

​ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​ក្នុង​ទីចាត់ការ​ហិរញ្ញវត្ថុ​នៃ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កន្លងមក​លោក អ៊ុក សុផល ក្រៅពី​លួច​បំប៉ោង​គម្រោង​នានា​ចាំ​ស៊ី​ឡាក​តាមរយៈ​បញ្ជា​ចំណូល​ចំណាយ​ប្រចាំខែ​និង​តាម​ចំណារ​របស់​អភិបាល​រាជធានី​ភ្នំពេញ​។ ឥឡូវនេះ​លោក អ៊ុក សុផល នៅតែមាន​សិទ្ធិអំណាច​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដដែល ព្រោះ​អាង​មានខ្នងអភិបាល​រាជធានី​ភ្នំពេញ ជា​បង្អែក​ដ៏​រឹងមាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក អ៊ុក សុផល តែង​យកឈ្មោះ​ថ្នាក់ដឹកនាំអភិបាល​រាជធានី​ភ្នំពេញ មក​ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​សុខ​ស្រួល និង​បង្ហាញ​ភាព​ក្រអឺតក្រទម​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។

មន្ត្រីរាជការ​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​លោក អ៊ុក សុផល ទទួលបាន​តំណែង​ជា​នាយក​ទីចាត់ការ​សាលា​រាជធានី​ភ្នំពេញ ច្រើន​ឆ្នាំ​មកហើយ ដោយ​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក អ៊ុក សុផល កំពុង​សប្បាយ​ប្រមូល​លុយ​តាមរយៈ​ការដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​គាបសង្កត់​សព្វបែបយ៉ាង​ទៅលើ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​សិទ្ធិ​អនុវត្តន៍​គម្រោង​ផ្សេងៗ​ដូចជា ធ្វើ​ផ្លូវថ្នល់ និង​សួនច្បារ​ជាដើម​។ ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​ប្រមូល​លុយ​លើ​តុ​ក្រោម​តុ​របស់លោក អ៊ុក សុផល នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។

តាម​ប្រភពពី​មន្ត្រី​នៅក្នុង​ទីចាត់ការ​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា បច្ចុប្បន្ន​គម្រោង​ផ្សេងៗ​ដូចជា ការរៀបចំ​ដោះដូរ​បង្គោល​ភ្លើង អំពូល​ភ្លើង រនាំង​ពុះ​ចែក​ទ្រូងផ្លូវ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​តាម​បណ្ដា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ សុទ្ធតែជា​ប្រភព​ចំណូល​របស់លោក អ៊ុក សុផល ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា គ្រប់​គម្រោង​ដែល​ក្រុមហ៊ុន​នានា​ដេញថ្លៃ​យកទៅ​អនុវត្តន៍ គឺ​លោក អ៊ុក សុផល គាប​យក​ទឹកតែ​ពី​១០​ទៅ​១៥​ភាគរយ ហេតុនេះហើយ​ទើប​ផ្លូវ​មួយចំនួន​គ្មាន​គុណភាព ព្រោះ​ឈ្មួញ​ត្រូវ​កេង​លក្ខណៈ​បច្ចេកទេស​ក្នុងការ​អនុវត្ត​គម្រោង​របស់ខ្លួន​។

ដូច្នេះថ្នាក់ដឹកនាំរាជធានី​ភ្នំពេញ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​អំពី​បញ្ហា​នេះ ព្រោះ​បច្ចុប្បន្ន​លោក អ៊ុក សុផល ដែលជា​នាយក​នៃ​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ កំពុង​ប្រើ​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ ។

ទាក់ទងការចោទប្រកាន់ខាងលើនេះ អង្គភាព​ UKK មិនអាចទាក់ទង​សុំការបំភ្លឺពីលោក អ៊ុក សុផល បានទេ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ដោយសារគ្មានលេខទូរស័ព្ទ ៕

Loading...