រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា មន្ត្រី​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ក្បែរ​គល់ស្ពាន​ទឹកថ្លា ផ្លូវជាតិ​លេខ​៥ ត្រូវបាន​បើក​កកាយ​

ប្រភពពី​ឈ្មួញ​និង​អាជីវករ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រុម​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ក្បែរ​គល់ស្ពាន​ទឹកថ្លា ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឈួន សោភា កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ក្រុម​ឈ្មួញ​និង​អាជីវករ​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឈួន សោភា មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​បក្ខពួក​ជាបន្ទាន់​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​តាម​ដងផ្លូវ​នោះ មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក ឈួន សោភា មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ ប្រចាំ​ប៉ុស្ដិ៍​ឈរជើង​ក្បែរ​គល់ស្ពាន​ទឹកថ្លា​នោះឡើយ​។

ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក ឈួន សោភា និង​បក្ខពួក​កំពុង​ប្រើ​តួនាទី​និង​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ចេញ​បង្កាន់ដៃ​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះទេ​។ សូម្បីតែ​អ្នក​ដឹក​បន្លែ​ផ្លែឈើ​បន្តិចបន្តួច​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ប៉ុស្ដិ៍​ជជុះ​របស់​ក្រុមមន្ត្រី​គយ​ចល័ត​នៅ​ចំណុច​ក្បែរ​គល់ស្ពាន​ទឹកថ្លា​នោះ ក៏ត្រូវ​លោក ឈួន សោភា និង​បក្ខពួក​គាប​យកលុយ​តាមរបៀប​ពុករលួយ​យ៉ាង​កំរោល​ដែរ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​និង​ក្រុមអាជីវករ​អត់ធ្មត់​តទៅទៀត​លែង​បាន ហើយ​ទម្លាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា ជា​សាធារណៈ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ខ្លះ​ផង កុំ​ឲ្យ​ក្រុមមន្ត្រី​គយ​ពុករលួយ​ទាំងនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

ប្រភពពី​ម្ចាស់​ក្រុមហ៊ុន​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា គ្រាន់តែ​ពួកគេ​ដឹកទំនិញ​បន្តិចបន្តួច​ដើម្បី​រួច​លុយ​ថ្លៃ​សាំង ថ្លៃ​បាយទឹក គឺ​ត្រូវបាន​លោក ឈួន សោភា គាប​ឲ្យ​បង់លុយ​ក្នុង​រថយន្ត​១​គ្រឿង​ពី​៦​លាន​ទៅ​៧​លាន​រៀល​ក្នុង​មួយខែ​។ ជាងនេះទៅទៀត​មាន​របប​សម្រាប់​មេ​ធំ​របស់គេ​១​លាន​រៀល​ក្នុង​មួយខែ​សម្រាប់​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​១​គ្រឿង​ដែលមាន​ផ្ទុកទំនិញ​បន្តិចបន្តួច​ពី​ក្រុង​ប៉ោយប៉ែត ចូលមក​រាជធានី​ភ្នំពេញ​។ នៅពេលដែល​ម្ចាស់​ក្រុមហ៊ុន​រថយន្តក្រុង សុំ​ឲ្យ​មានការ​យោគយល់​បែរជា​ក្រុមមន្ត្រី​ពុករលួយ និយាយ​យ៉ាង​គឃ្លើន​ថាបើ​រកស៊ី​មិនកើត​ឈប់​រកស៊ី​ទៅ​គ្មាន​នរណា​បង្ខំ​ទេ​។ ទន្ទឹមនឹងនេះ​លោក ឈួន សោភា មន្ត្រី​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​គល់ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ តែងតែ​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​ដើម្បី​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។

បើតាម​ប្រភពពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកទ្វារ​អន្តរជាតិ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្តបន្ទាយមានជ័យ ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ចល័ត​ក្រោម​ឱវាទ​របស់លោក ឈួន សោភា ២​នាក់​គឺ​ឈ្មោះ អឿន និង​ឈ្មោះ រី គឺជា​អ្នក​គាបសង្កត់​យកលុយ​ពី​ពួកគាត់​យ៉ាង​កំរោល​តែម្តង​។ ក្នុងនោះ​អ្នក​ដឹកទំនិញ​តាម​រថយន្តក្រុង​ប្រសិនបើ​គ្មាន​ទំនាក់ទំនង​ជាមួយ​លោក ឈួន សោភា និង​បក្ខពួក​ជាមុន​ទេនោះ​ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ជាមិនខាន ឬក៏​ត្រូវគេ​យក​លេស​រើកកាយ​ឆែកឆេរ​បណ្ដាល​ឲ្យ​ខាត​ពេលវេលា​ទៀតផង​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា និង​បក្ខពួក​ព្រោះ​បច្ចុប្បន្ននេះ​ពួកគេ​កំពុង​បង្កើន​សកម្មភាព​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​៕

ប្រភពព័ត៌មានក្នុងស្រុក

Loading...