រឿង​ទាំង​៩​យ៉ាង​ ដែល​កូន​ប្រសាស្រី​ចង់​និយាយ​ទៅ​កាន់​ម្តាយ​ក្មេក

ម្តាយ​ក្មេក​និង​កូន​ប្រសា​ស្រី បុគ្គល​ពីរ​នាក់​នេះ​ពេល​ខ្លះ​ដូច​ទឹក​និង​ប្រេង នៅ​ជាមួយ​គ្នា​មិន​បាន ហើយ​បើ​នៅ​បាន​ក៏​​មិន​ចូល​គ្នា​ដែរ។ ម្តាយ​ក្មេក​ថា​កូន​ប្រសា​មិន​ល្អ មិន​យល់​ពី​គាត់ ខណៈ​កូន​ប្រសា​យល់​ថា​ម្តាយ​ក្មេក​ស្អប់ និង​ចាំ​តែ​មើល​បំណាំ​គាត់។

មាន​រឿង​ជា​ច្រើន​កើត​ឡើង​នៅ​ពី​ក្រោយ​ទំនាក់​ទំនង​មួយ​នេះ។ ឥឡូវ​យើង​ទៅ​ស្តាប់​បន្តិច​មើល ថា​បើ​មាន​ឱកាស​កូន​ប្រសា​ស្រី​ចង់​និយាយ​អ្វីខ្លះ​ទៅ​កាន់​ម្តាយ​ក្មេក?

1.កុុំ​ព្យាយាម​គ្រប់​គ្រង​កូន​ប្រុស​ខ្លួន​ពេក គាត់​មាន​គ្រួសារ​ហើយ៖ ដឹង​ថា​ម្តាយ​ស្រលាញ់​កូន​ប៉ុន្តែ​គួរ​តែ​ដឹង​ថា ម្តាយ​គួរ​នៅ​កន្លែង​ណា​ផង កុំ​​ជៀត​ជ្រែក​គ្រប់​ការ​សម្រេច​ចិត្ត​របស់​កូន​ពេក គេ​មាន​គ្រួសារ មាន​ប្រពន្ធ​ហើយ ឲ្យ​គ្រួសារ​គេ​សម្រេច​ទៅ។

2.កុំ​គិត​តែ​អី​រិះ​គន់ សរសើរ​គ្នា​ខ្លះ​ផង៖ ឲ្យ​កិត្តិយស​កូន​ប្រសា​ក្នុង​នាម​ជា​ភរិយា​កូនប្រុស​របស់​អ្នក។ ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត​ដែល​គេ​មាន ជា​ជាង​ចាំ​តែ​អង្គុយ​មើល ហើយ​រិះ​គន់។ បើ​អាច​ជួយ​សរសើរ​និង​បង្ហាញ​ពី​ភាព​ពេញ​ចិត្ត​ពេញ​ថ្លើម​ទៅ​កាន់​នាង​ផង ប្រាប់​ម្តាយចូល​ចិត្ត​កូន​ប្រសា អរគុណ​ដែល​ចូល​មក​ធ្វើ​ឲ្យ​ជីវិត​កូន​ប្រុស​ម៉ាក់​ពេញ​លេញ។

3.ស្រលាញ់​កូន​ប្រសា​ខ្លះ​ផង៖ ទោះ​មិន​អាច​ស្រលាញ់​ស្មើ​នឹង​កូន​បង្កើត​គួរ​តែ​ស្រលាញ់​ក្នុង​នាម​ម្តាយ​របស់​ចៅ​ទៅ។ចង់ឲ្យ​នាង​បាន​ល្អ និង​មាន​កិត្តិយស​ព្រោះ​នាង​គឺ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អ្នក កុំ​និយាយ​អាក្រក់​ពី​នាង​អី។

4.ទុក​កូន​ប្រសា​ជា​សមាជិក​គ្រួសារ​មាន​ការ​អី​ពិភាក្សា​គ្នា៖ ចាន​ក្នុង​រាវ​គង់​មាន​ប៉ះ​គ្នា ម្តាយ​ក្មេក​និង​កូន​ប្រសា​ក៏​ដូច​គ្នា រស់​នៅ​ជាមួយ​គ្នា​យូរៗ​លែង​អី​នឹង​មាន​ថ្នាំង​ថ្នាក់​ចិត្ត ដូច្នេះ​ទាំង​ពីរ​គួរ​ជជែក​គ្នា បើ​មាន​អី​មិន​ពេញ​ចិត្ត ជា​ជាង​នៅ​ស្ងៀម​ហើយ​ទុកឲ្យ​បញ្ហា​កាន់​តែ​ធំ រួច​ទៅ​និយាយ​ប្រាប់​អ្នក​ដទៃ។

5.ឲ្យ​ដំបូន្មាន​តែ​ពេល​ណា​ដែល​គេ​សុំ​ទៅ​បាន​ហើយ៖ ដឹង​ថា​ម្តាយ​ចង់​ឲ្យ​កូន​ល្អ តែ​ពេល​ខ្លះ​ពាក្យ​ទូន្មាន​របស់​អ្នក ត្រូវ​បានមើ​ល​ឃើញ​ថា ជា​ការ​រអ៊ូ ឬ​ការ​រិះគន់​ទៅ​វិញ។ ឆាប់​សរសើរ​គ្នា តែ​កុំ​ឆាប់​រិះគន់ កុំ​សួរ​ជីកឬស​ជីក​គល់​ច្រើន​ពេក។

6.កូន​ប្រសា​មិនមែន​ជា​អ្នក៖ ដូច្នេះ​វា​មិន​ចម្លែក​ទេ​ដែល​នាង​មាន​ការ​គិត​មិន​ដូច​អ្នក រស់​នៅ​មិន​ដូច​អ្នក ធ្វើ​ចិត្ត ហើយ​រៀន​ទទួល​ស្គាល់​នាង​ខ្លះ​ទៅ។

7.ដឹង​ផង​ថា​កូន​ប្រុស​អ្នក​មិន​ជា​ព្រះ គាត់​ក៏​ចេះ​ខុស​ដែរ៖ កុំឲ្យ​កំហុស​តែ​កូន​ប្រសា គ្នា​ធ្វើ​អី​ក៏​ខុសៗ ឯ​កូន​ខ្លួន​មិន​ដែល​ចេះ​ខុស រៀន​មើល​ពី​ហេតុផល​ខ្លះ​ផង កុំ​លម្អៀង​ចិត្ត​ពេក ។

8.កុំ​ទាមទារ​ច្រើន​ពេក​ពី​កូន​ប្រសា៖ អ្នក​ណា​ក៏​ចង់​ឲ្យ​ម្តាយ​ក្មេក​ស្រលាញ់ អ្នកណា​ក៏​ចង់​ផ្គាប់​ចិត្ត​ម្តាយ​ក្មេក​ដែរ ប៉ុន្តែ​ពេល​ខ្លះ​ចង់​ឲ្យ​ម្តាយ​ក្មេក​យល់​ពី​ស្ថានភាព​របស់​ខ្លួន​ផង។ ពេល​ខ្លះ​មិនមែន​មិន​ចង់​ទៅ​លេង តែ​រវល់​ដក​ឃ្លា​មិន​បាន។ ពេល​ខ្លះ​មិន​មែន​មិន​ចង់​ជូន​លុយ​ច្រើន តែ​កាបូប​វា​មាន​លុយ​តិច។

9.ទទួល​ស្គាល់​គោលដៅ​រួមគ្នា​របស់​កូន​និង​កូន​ប្រសា៖ ពេល​ខ្លះ​ពួក​យើង​មាន​គោលដៅ​ដែល​គាត់​មិន​មាន ឬ​មិន​ចង់​ធ្វើ ដូច្នេះ​កូន​ប្រសារ​ពិត​ជា​ចង់​ឲ្យ​ម្តាយ​ក្មេក​ទទួល​ស្គាល់​ហើយ​កុំ​ជំទាស់​អី។ គេ​មាន​គ្រួសារ​ផ្ទាល់​ខ្លួន​របស់​គេ៕

 

Loading...