រោងម៉ាស៊ីនអារឈើស្ថិតនៅខាងក្រោយស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង លោក គង់ សារ៉េត​ ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើ មិនចាត់វិធានការបង្ក្រាប

ខេត្តឧត្តរមានជ័យ៖ បើតាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានរោងម៉ាស៊ីនអារឈើអត់ច្បាប់១កន្លែងដ៏ធំកំពុងដំណើរការយ៉ាងរលូនព្រោះមានការបើកដៃពីសំណាក់មន្ត្រីជំនាញដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា រោងម៉ាស៊ីនអារឈើនោះស្ថិតនៅខាងក្រោយស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង តែម្តងព្រោះលោក គង់ សារ៉េត​ នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង មិនចាត់វិធានការបង្ក្រាបឡើយ។ ប្រភពខ្លះបញ្ជាក់ថា លោក គង់ សារ៉េត​ នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ជាអ្នកឃុបឃិតឲ្យរោងម៉ាស៊ីនអារឈើនោះដំណើរការយ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួនអស់រយៈពេលច្រើនឆ្នាំមកហើយ។

តាមការបង្ហើបពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋានក្នុងឃុំលំទង ស្រុកអន្លង់វែង បានឲ្យដឹងថា រហូតមកដល់ពេលនេះរោងម៉ាស៊ីនអារឈើនៅខាងក្រោយស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង នៅតែដំណើរការយ៉ាងពេញបន្ទុក។

គេថា ម្ចាស់រោងម៉ាស៊ីនអារឈើនោះបានដឹកជញ្ជូនឈើពីខេត្តព្រះវិហារ​ និងពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីអារច្រៀក​ហើយដឹកជញ្ជូនចេញយ៉ាងពេញបន្ទុក ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបទាល់តែសោះ។​

ចំណែកលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ និងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរ កសិកម្មខេត្តឧត្តរមានជ័យ កំពុងបណ្តោយឲ្យលោក គង់ សារ៉េត​ នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ធ្វើអ្វីៗតាមអំពើចិត្ត។

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការដែលលោក គង់ សារ៉េត​ នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ហ៊ានបណ្តោយឲ្យរោងអារឈើជាច្រើនកន្លែងក្នុងស្រុកអន្លង់វែង ដំណើរការយ៉ាងពេញបន្ទុក គឺមានការបើកដៃពីសំណាក់លោក អ៊ឹម សៅវរិទ្ធ និងលោក សូត ស៊ីសុខឃាង។

ចំណែកលោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ តែងតែរក្សាភាពស្ងៀមក្នុងខណៈដែលបទល្មើស​ព្រៃឈើក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ កើតឡើងយ៉ាងរាលដាលហើយព្រៃឈើក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ត្រូវប្រឈមនឹងសេចក្តីវិនាស។

ជុំវិញករណីនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកអន្លង់វែង ជាអ្នកនៅពីក្រោយបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងអនាធិបតេយ្យ ៕

 

Loading...