រំលោភតាំងពីអាយុ៩ឆ្នាំ រហូតដល់១២ឆ្នាំ ទើបបែកធ្លាយដល់ឪពុកម្តាយ

(រតនគិរី)÷ ក្មេងស្រីជនជាតិទំពួនម្នាក់ត្រូវបានយុវជនល្មោភកាមចាប់រំលោភសេពសន្ថវ:បានសម្រេចជាច្រើនឆ្នាំមកហើយ ទើបពេលនេះបានបែកការដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ។

ការឃាត់ខ្លួនយុវជនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី។

លោក តាំង សុក្រ អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងនៅល្ងាចថ្ងៃទី១៣តុលានេះ ថា ក្មេងស្រីរងគ្រោះត្រូវបានយុវជនល្មោភកាមម្នាក់លួងលោមថា ជួលក្មេងស្រីឲ្យទៅរើសគ្រាប់ស្វាយចន្ទីឪពុករបស់ខ្លួន បន្ទាប់មកក៏បានចាប់រំលោភសេពសន្ថវ:នៅក្នុងខ្ទមចាំចម្ការចន្ទីរបស់ឪពុកខ្លួន ចាប់តាំងពីក្មេងស្រីនោះអាយុទើបតែ៩ឆ្នាំមកម្លេះ។

លោកអធិការរងបានបន្តទៀតថា មកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្មេងស្រីរូបនេះមានអាការៈមិនស្រួលខ្លួនហើយក៏បានប្រាប់ទៅបងថ្លៃរបស់នាងថា នាងបានឈឺនៅត្រង់ប្រដាប់ភេទ ពេលនោះបងថ្លៃនាងលឺដូច្នេះ ក៏បានប្រាប់បន្តទៅឪពុកម្តាយរបស់នាងឲ្យបានដឹង។

ក្រោយមកឪពុកម្តាយក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកធ្វើការអន្តរាគមន៍ ភ្លាមៗនោះដែរសមត្ថកិច្ចបានរាយការណ៍ទៅព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត ហើយបានចុះឃាត់ខ្លួនយុវជនល្មោភកាមរូបនេះរង់ចាំធ្វើកោសល្យវិច័យលើក្មេងស្រីនោះសិន។

លោកអធិការរងបានបញ្ជាក់ទៀតថា ក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញយកទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយគ្រូពេទ្យបានចេញលទ្ធផលឃើញថា ក្មេងស្រីម្នាក់នេះពិតជាមានគេចាប់រំលោភពិតប្រាកដមែន ហើយមានស្នាមរងរបួសទៀតផង។

ក្មេងស្រីរងគ្រោះមានឈ្មោះ ខ.ប.យ អាយុ១២ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ បានចាប់រំលោភសេពសន្ថវ:ទៅលើក្មេងស្រីនេះចំនួន៣ឆ្នាំមកហើយទើបបានបែកធ្លាយ។

លោកថា យុវជននេះបានសារភាពប្រាប់នៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវ:ទៅលើក្មេងស្រីនោះពិតប្រាកដមែន​។​ យុវជននេះមានឈ្មោះ រៀង ចិត្រា អាយុ២៦ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ/ឃុំជាមួយជនរងគ្រោះ។

សមត្ថកិច្ចបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការតាមច្បាប់៕

Loading...