លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន មុនពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ និងជាឧត្តមន្រ្តីអាស៊ាននៃកម្ពុជា បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​ (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២២ (22nd APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៨ (28th ACC) តាមប្រព័ន្ធវីដេអូ មុនពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំទាំងបីមានដូចខាងក្រោម៖

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន

រដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីការត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងបានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តសំខាន់ៗក្នុងតំបន់ ទំនាក់ទំនងអាស៊ានជាមួយដៃគូខាងក្រៅ ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម។

កិច្ចប្រជុំបានលើកពីសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់ ដើម្បីសម្រេចនូវការកសាង សហគមន៍អាស៊ាន ប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងមជ្ឈភាពអាស៊ានក្នុងពេលដែលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការលើកកម្ពស់សណ្តាប់ធ្នាប់តំបន់ផ្អែកលើច្បាប់ ជាមួយនិម្មាបនកម្មតំបន់ដែលមានអាស៊ានជាស្នូល។ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់បានបង្ហាញនូវទស្សនៈរួមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំដោយឡែកក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ គឺជាសក្ខីភាពដែលអាស៊ានបានប្តេជ្ញាចិត្តលើកកម្ពស់ពហុភាគីនិយម និងស្មារតីរួមគ្នា។ ការឆ្លើយតបរបស់អាស៊ានចំពោះជំងឺកូវីដ-១៩ និងការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ត្រូវបានពិភាក្សាផងដែរពីការគាំទ្រ និងការប្តេជ្ញាចិត្តសម្រាប់គំនិត ផ្តួតផ្តើមនានា ដែលនេះបង្ហាញនូវ «ភាពស្អិតរមួត និងការឆ្លើយតប» របស់អាស៊ាន នៅចំពោះភាពច្របូកច្របល់បច្ចុប្បន្ន ដែលបង្កឡើងដោយវិបត្តិជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច ក៏ដូចជា អាកាសធាតុពាក់ព័ន្ធនឹងគ្រោះមហន្តរាយ ។

ចំពោះបញ្ហារដ្ឋរ៉ាខាញ រដ្ឋមន្រ្តីទាំងអស់បានរំលឹកជាថ្មីនូវសារៈសំខាន់នៃការពង្រឹងតួនាទីរបស់អាស៊ាន ក្នុងការគាំទ្រមីយ៉ាន់ម៉ា តាមរយៈជំនួយមនុស្សធម៌ ជាពិសេសតាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងលេខាធិការដ្ឋានអាស៊ាន ក៏ដូចជា ការជំរុញមីយ៉ាន់ម៉ាឱ្យបន្តកិច្ចចរចាជាមួយបង់ក្លាដែស នៅក្នុងដំណើរការធ្វើមាតុភូមិនិវត្តន៍ ដើម្បីធានាការតាំងទីលំនៅថ្មីប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅរដ្ឋរ៉ាខាញ។ កិច្ចប្រជុំក៏បានកត់សំគាល់ពីតួនាទីសកម្មរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការលើកកម្ពស់តួនាទីរបស់អាស៊ាន ក្នុងការគាំទ្រមីយ៉ាន់ម៉ា។

បញ្ហាសមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីទាំងអស់ បានបញ្ជាក់នូវសារៈសំខាន់នៃការធានា និងលើកកម្ពស់សមុទ្រ ចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព និងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការធ្វើការជាមួយចិន ដើម្បីឆ្ពោះទៅរកការបញ្ចប់ក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង (COC) ប្រកបដោយប្រសិទ្ធិភាព តាមរយៈវិធានការណ៍ជាជំហានៗ (step-by-step approach)។

កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី ២២៖

កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការមេរបស់សហគមន៍នយោបាយ-សន្តិសុខអាស៊ាន ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីក្នុងចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥។ ទោះបីជាមានបញ្ហាប្រឈម ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំក៏ដោយ កិច្ចប្រជុំបានកោតសរសើរពីសន្ទុះនៃកិច្ចសហប្រតិបត្តិការក្រោមសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានទទួលស្គាល់អំពីសារៈសំខាន់នៃការអនុវត្តសកម្មភាពក្នុងតំបន់នានាដើម្បីដោះស្រាយ សន្តិសុខ និងបញ្ហាឆ្លងដែន ដែលជាការរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ាន។ រដ្ឋមន្រ្តីទាំងអស់បានទទួលយករបាយការណ៍នៃការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃផែនការ មេរបស់សហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥។

កិច្ចប្រជុំក៏បានឯកភាពលើភាពចាំបាច់ ដើម្បីបន្តអនុវត្តសកម្មភាពនានា ដែលអាចលើកកម្ពស់ទំនុកចិត្តនិងការទុកចិត្ត លើកិច្ចសហប្រតិបត្តិការតាមសមុទ្រ ដូចជាក្នុងទម្រង់សិក្ខាសាលាស្តីពីកម្ទេចកម្ទីនៅ សមុទ្រ ហើយសិក្ខាសាលាដែលទើបនឹងប្រព្រឹត្តទៅថ្មីៗនេះ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការធានាភាពត្រឹមត្រូវ និងមនុស្សធម៌ ដល់អ្នកនេសាទនៅសមុទ្រចិនខាងត្បូង។

នៅក្នុងឱកាសនេះផងដែរ លោកជំទាវ អ៊ាត សោភា ក៏បានលើកអំពីសារៈសំខាន់នៃតួនាទីរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងទិដ្ឋភាពសន្តិសុខ និងមនុស្សធម៌ក្នុងតំបន់។ ក្នុងនាមជាម្ចាស់ផ្ទះរបស់មជ្ឈមណ្ឌល លោកជំទាវ បានជម្រាបអង្គប្រជុំអំពីផែនការរបស់កម្ពុជាក្នុងការរៀបចំការប្រមូលផ្តុំមិត្តរបស់ ARMAC ដើម្បីលើកស្ទួយមជ្ឈមណ្ឌល និងជំរុញការគាំទ្របន្ថែមដល់មជ្ឈមណ្ឌលក្នុងបេសកកម្មរបស់ខ្លួន ដើម្បីដោះស្រាយទិដ្ឋភាពមនុស្សធម៌ នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) ក្នុងតំបន់ និងក្រៅតំបន់។

កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៨ ៖

កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន​​​ រួមមានការពិនិត្យឡើងវិញនូវការអនុវត្តធម្មនុញ្ញអាស៊ាន ការពិនិត្យពាក់កណ្តាលអាណត្តិនៃផែនការលម្អិតនៃសហគមន៍អាស៊ានឆ្នាំ២០២៥ និងការវិវឌ្ឍនៃចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ក៏ដូចជា គំនិតផ្តួចផ្តើមស្តីពីការឆ្លើយតបអាស៊ានសម្រាប់ជំងឺកូវី-១៩។ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បាន ឯកភាពលើសារៈសំខាន់ក្នុងការលើកកម្ពស់ការស្គាល់ និងការយល់ដឹងអំពីអាស៊ាន តាមរយៈការបង្ហាញទង់ជាតិ និងភ្លេងរបស់អាស៊ាន នៅតាមស្ថាប័នរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន និងព្រឹត្តិការណ៍នានារបស់អាស៊ាន។

រដ្ឋមន្រ្តីការបរទេសអាស៊ាន បានស្វាគមន៍ចំពោះការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហ-ប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) របស់សាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្វ្រិកខាងត្បូង និងសាធារណរដ្ឋកូឡុំប៊ី ហើយពិធីចុះហត្ថលេខាតាមប្រព័ន្ធវីដេអូនៃលិខិតូបករណ៍នៃការបំពេញបន្ថែម និង លិខិតូបករណ៍នៃការចូលជាភាគីនៃ TAC ក៏ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនេះផងដែរ។ ការចូលរួមនេះបានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងនៃបណ្តាប្រទេសនៅក្រៅតំបន់ ដើម្បីចូលរួមជាមួយអាស៊ាន ដោយផ្អែកលើមូលដ្ឋាននៃការគោរព និងអនុលោមតាមគោលបំណង និងគោលការណ៍របស់ TAC ៕

Loading...