លទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចក្រភពអង់គ្លេស ស្តីពីការឆ្លើយតបនឹងជំងឺកូវីដ-១៩ (តាមប្រព័ន្ធវីដេអូ)

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ តាមប្រព័ន្ឋវីដេអូរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងឯកឧត្តម ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ស្តីពីការឆ្លើយតបនឹងជំងឺកូវីដ-១៩។

កិច្ចប្រជុំបានបង្ហាញនូវសេចក្តីព្រួយបារម្ភអំពីការបន្តឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺនេះដល់ជីវភាពប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅទូទាំង ពិភពលោក។ ក្នុងបរិការណ៍នេះ កិច្ចប្រជុំបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ថែមទៀត រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងចក្រភពអង់គ្លេស លើការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្ម និងការចែកវ៉ាក់សាំង និងផ្តល់ការព្យាបាលជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវ វត្ថុបំណងប្រសិទ្ធភាព សុវត្ថិភាព លទ្ធភាពទទួលបានវ៉ាក់សាំង និងការព្យាបាលស្មើៗគ្នា និងមានតម្លៃសមរម្យ។

កិច្ចប្រជុំបានស្វាគមន៍សេចក្តីប្រកាសរបស់ចក្រភពអង់គ្លេស ចូលរួមចំណែកបរិច្ចាគថវិកាចំនួន ១លានផោន ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្រ ជាយុទ្ឋសាស្រ្តនូវថវិកាចំនួន ០,៥ លានផោន ដល់លេខាធិការដ្ឋានអាស៊ាន ដើម្បីបង្កើត និងដាក់ចេញនូវគោលនយោបាយនានាប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩។ កិច្ចប្រជុំក៏បានស្វាគមន៍ផងដែរនូវការប្ដេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសគាំទ្រថវិកាចំនួន ៤,៨ លានផោន ដល់ការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការការពារជំងឺ កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
ប្រទេសសមាជិកអាស៊ានបានលើកទឹកចិត្តដល់ចក្រភពអង់គ្លេសឱ្យជួយគាំទ្រ និងចូលរួមចំណែកដល់ការបម្រុងទុកការផ្គត់ផ្គង់វេជ្ជសាស្រ្តក្នុងតំបន់ ដើម្បីជួយឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះតម្រូវការផ្គត់ផ្គង់វេជ្ជសាស្ត្រជាបន្ទាន់។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីអាទិភាពផ្សេងៗទៀតនៃវិស័យកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងចក្រភពអង់គ្លេស ដើម្បីដោះស្រាយការបង្អាក់សង្វាក់ផ្គត់ផ្គង់ គាំទ្រសេដ្ឋកិច្ចសកល តាមរយៈពាណិជ្ជកម្មបើកចំហ សម្រួលកំណើនសេដ្ឋកិច្ចអន្តរជាតិប្រកបដោយបរិយាប័ន្ន និង ចីរភាព ស្ដារឡើងវិញនូវទំនុកចិត្តធុរកិច្ច នៅក្នុងតំបន់ និងដើម្បីគាំទ្រការតភ្ជាប់តំបន់។

ក្នុងកំឡុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីអំពីការ គាំទ្ររបស់កម្ពុជាចំពោះការស្នើសុំរបស់ចក្រភពអង់គ្លេសក្លាយជាដៃគូសន្ទនា និងបញ្ជាក់ថា អាស៊ាន និងចក្រភពអង់គ្លេស នៅតែអាចធ្វើការជាមួយគ្នាបាន ក្នុងអំឡុងពេលកំពុងរង់ចាំការយល់ព្រមលើសំណើ ជាពិសេសទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលមានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចរបស់អាស៊ាន និងចក្រភពអង់គ្លេស។ ឯកឧត្ដម ក៏បានលើកឡើងថា មានសេចក្តីត្រូវការចាំបាច់សម្រាប់អាស៊ាន និងចក្រភពអង់គ្លេស រួមជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀតនៃសហគមន៍អន្តរជាតិ ដើម្បីបង្កើតជាសម្ព័ន្ធសកល ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានបង្ហាញសុទិដ្ឋិនិយមថា ចក្រភពអង់គ្លេសនឹងរួមចំណែកផ្តល់ជូនទាន់ពេលវេលានូវវ៉ាក់សាំងប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ក៏​បាន​លើកឡើងអំពីលទ្ធភាព​សម្រាប់​ភាគី​ទាំងពីរ ដើម្បីរិះរក វិធី​សាស្រ្តប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិតនានា ​ក្នុង​ការ​រក្សា​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​អន្តរជាតិបើកចំហ និង​ការបង្កើត​ច្រក​ធ្វើ​ដំណើរ​​សុវត្ថិភាព​ សម្រាប់​អ្នក​ជំនួញ ​ដើម្បីធ្វើយ៉ាងណា​ធានា​ឲ្យបាន​នូវ​លំហូរ​ពាណិជ្ជកម្ម​ និង​វិនិយោគ រវាងចក្រភពអង់គ្លេស និងតំបន់អាស៊ាន៕

 

Loading...