លន បញ្ញា ធ្វើឲ្យឈាន រស្មីបាតឱកាសខណៈដែល ថុល មករា រងស្នៀតជង្គង់ ហ្វា និមិត្តក្នុងទឹក២

ភ្នំពេញ៖ កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ វគ្គជម្រុះឆ្ពោះទៅដណ្តើមពានរង្វាន់ TV5 Nock out Series កាលពីយប់ថ្ងៃសៅទី៣ខែមីនាឆ្នាំ២០១៨កន្លងទៅ កីឡាករ លន បញ្ញា មកពី ក្លិបមហិទ្ធិរិទ្ធតាដំបងដែក បានប្រើកណ្តាប់ដៃវាយឲ្យសិស្សច្បង ឈាន រស្មី មកពីក្លិបរាជសីហ៍ ខេត្តរតនគិរី ចុះចាញ់ក្នុងទឹក២ ខណៈដែលកីឡាករ ថុល មករា មកពីក្លិបឃ្លាំងមឿងកីឡា ត្រូវអ្នកប្រដាល់ថៃ ឈ្មោះ ហ្វា និមិត្ត ប្រើស្នៀតជង្គង់ បុកចំពោះ បណ្តាលឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ផងដែរ ។

ចំពោះការប្រកួតវគ្គជម្រុះ ដើម្បីស្វែងរកកៅអីវគ្គ១៦នាក់បន្ត ក្នុងជុំទី២នៃពានរង្វាន់ TV5 Nock out Series by K-Cement រដូវកាលទី២នេះ មាន២គូ គឺ កីឡាករ លន បញ្ញា ឈ្នះ ឈាន រស្មីប្រើកណ្តាប់ដៃ និង ជង្គ្ងង់វាយបោះបង់ការប្រកួត បន្ទាប់ពី លោកអាជ្ញាកណ្តាលរាប់ចំនួន២ដងក្នុងទឹកទី២ ឈាន រស្មីមិនអាចបន្តការប្រកួតបានឡើយ ។ ភាពខុសគ្នា រវាង លន បញ្ញា និងឈាន រស្មីត្រូវអ្នកទស្សនា មើលឃើញចំណុច ចុះខ្សោយកម្លាំង ដោយ រស្មីមានវ័យចាស់ មិនហ្វឹកហាត់មិនពេញល្អខណៈលន បញ្ញា ជាកីឡាវ័យក្មេង ហ្វឹកហាត់បានល្អ ព្រមទាំងកាយសម្បទា ល្អជាង រស្មី ដែលជាឱកាសមួយល្អមួយ សម្រាប់ បញ្ញា ប្រើស្នៀតវាយចំគោលដៅបានល្អនិងច្បាស់អាចផ្តួល ឈាន រស្មីប្រកដដោយប្រសិទ្ធភាព និងបច្ចេកទេស ។ ចំពោះកៅអីវគ្គ១៦នាក់មួយគូទៀត បានទៅលើកីឡាករ ផាន ផាតយុទ្ធ មកពីក្លិបសាលវ័ន្តកីឡា បានវាយឈ្នះ កីឡាករ ឡុង រ៉ាមី មកពីក្លិបខ្លារខិនមានប្ញទ្ធិ ដោយពិន្ទុប្រផុតប្រផើយ ។

ដោយការប្រកួតជាលក្ខណៈមិត្តអន្តរជាតិ រវាងអ្នកប្រដាល់កម្ពុជា-ថៃ ត្រូវបានអ្នកទស្សនា ព្រួយបារម្ភតាំងពី អ្នកប្រដាល់ថៃបង្ហាញវត្តមាន លើសង្វៀនភ្លាម ដោយសារ កីឡាករ កម្ពុជា គឺថុល មករា ត្រូវបាន ហ្វា និមិត្ត ប្រើស្នៀតជង្គង់បុកចូលពោះចំនួន២ដង ក្នុងទឹកទី២ បណ្តាលឲ្យចុករមួលមិនអាចបន្តការប្រកួតបាន ត្រូវបានលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតភ្លាមៗ តែម្តង ។ ក្រោយចប់ការប្រកួត ថុល មករា បានបញ្ជាក់ថា មូលហេតុដែលខ្លួនបោះបង់ការប្រកួត ព្រោះចុកខ្លាំងពេក មិនអាចដកដង្ហើមបាន ទើបខ្លួនចាញ់ ហ្វា និមិត្តនោះ៕

Loading...