លាតត្រដាងភាពមិនប្រក្រតីរបស់ សូរ សៀង​​នាយក​ផែនការ​លទ្ធកម្ម​នៃ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ

ខេត្តព្រះសីហនុ៖ មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​អំពើពុករលួយ​និង​ភាពមិនប្រក្រតី​នៅក្នុង​អង្គភាព​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មេៗ​នៃ​អង្គភាព​នេះ​ឃុបឃិត​គ្នា​បំប៉ោង​គម្រោង​ចំណាយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​។

ប្រភពពី​មន្ត្រី​និង​បុគ្គលិក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា លោក សូរ សៀង នាយក​ផែនការ​លទ្ធកម្ម​នៃ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ជា​អ្នករៀបចំ​ឯកសារ​បំប៉ោង​គម្រោង​ខ្ទង់ចំណាយ​ទៅលើ​ការទិញ​សម្ភារៈ​គ្រឿងចក្រ​និង​ឧបករណ៍​ផ្សេងៗ​ទៀត​ដែលមាន​តម្លៃ​កើនឡើង​២០​ដង​បើ​ប្រៀបធៀប​ទៅនឹង​តម្លៃនៅលើទីផ្សារ​ធម្មតា​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក សូរ សៀង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ តាម​ប្រភពពី​មន្ត្រី​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា លោក សូរ សៀង បានធ្វើ​ឯកសារ​ចំណាយ​ទៅលើ​ការទិញ​សម្ភារៈ​គ្រឿង​ម៉ាស៊ីន គ្រឿងចក្រ ឬ​រថយន្ត​ក្នុង​មួយឆ្នាំៗ​ប្រមាណ​៩០០​លាន​រៀល ចំណាយ​ទៅលើ​ការទិញ​សំបក​កង់​រថយន្ត​ក្នុង​មួយឆ្នាំៗ​ក៏​អស់​ប្រមាណ​៩០០​លាន​រៀល​ផងដែរ​។

ជាងនេះទៅទៀត​ការចំណាយ​ទៅលើ​ការទិញ​ប្រេង​រំ​អឹ​ល​ឬ​ប្រេងម៉ាស៊ីន​ក្នុង​មួយឆ្នាំៗ​ជាង​១៣០០​លាន​រៀល គឺ​លើសពី​តម្រូវការ​ពិតប្រាកដ​យ៉ាងច្រើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយ​អាង​ខ្លួន​ជា​សាច់ញាតិ​របស់លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ទើប​លោក សូរ សៀង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហេតុនេះហើយ​ទើប​មន្ត្រី​បុគ្គលិក​ក្នុង​អង្គភាព​នេះ​ជម្រុញ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ជាបន្ទាន់​។

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៧ ​កន្លងទៅ​កំពង់ផែ​នេះ​រកប្រាក់​ចំណូល​សរុប​បាន​ប្រមាណ​២២៧​ពាន់​លាន​រៀល ប៉ុន្តែ​ការចំណាយ​មាន​រហូតដល់​ទៅ​ប្រមាណ​៣០០​ពាន់​លាន​រៀល មានន័យថា​ចំណូល​និង​ចំណាយ​ពុំមាន​សមភាព​ឡើយ​។

មានការ​រិះគន់​ចំៗ​ថា​ លោក សូរ សៀង ប្រធាន​ផ្នែក​លទ្ធកម្ម​នៃ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ គឺជា​អ្នកទទួលខុសត្រូវ​យ៉ាងសំខាន់​ចំពោះ​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​ដែល​កំពុងតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។

ប៉ុន្តែ​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ទេនោះ​គឺ​លោក សូរ សៀង មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ ដូច្នេះ​បើ​មានការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​គឺជា​រឿង​សំខាន់បំផុត​។

លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ធ្លាប់​រង​ការរិះគន់​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​និង​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកលូ គឹមឈន់ បានទេ ដោយសារមិនមានលេខទូរស័ព្ទ ៕

 

Loading...