លិខិតជូនលោកថេដ គ្រូស សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ២០៥១០

ឯកឧត្តម ថេដ គ្រូស
សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស់
សហរដ្ឋអាមេរិក
រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ២០៥១០

ឯកឧត្តមសមាជិកព្រឹទ្ធសភា ថេដ គ្រូស ជាទីរាប់អាន

ខ្ញុំសូមអរគុណចំពោះឯកឧត្តមដែលបានផ្ញើលិខិតចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧ ដែលបានលើកឡើងពីការយល់ឃើញរបស់ឯកឧត្តមចំពោះការចាប់និងឃុំខ្លួន លោក កឹម សុខា និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំសូមទទួលស្គាល់នូវការព្រួយបារម្ភរបស់ឯកឧត្តម និងសូមអះអាងជូនឯកឧត្តមថា ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព ត្រូវបានឱ្យតម្លៃយ៉ាងខ្លាំងពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដូចដែលអាមេរិកឱ្យតម្លៃដូច្នោះដែរ។ ខ្ញុំសង្ឃឹមថា ឯកឧត្តមអាចវាយតម្លៃពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជា តាមរយៈទស្សនៈរបស់យើងខ្ញុំ។
ខ្ញុំសូមគូសបង្ហាញជូនឯកឧត្តមថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែមានការរីកចំរើន។ ប្រជាធិបតេយ្យអាចសម្រេចទៅបាន ប្រសិនបើនីតិរដ្ឋត្រូវបានថែរក្សានិងអនុវត្តអោយបានពេញលេញ ដើម្បីថែរក្សាការពារនូវស្ថិរភាពនិងសន្តិភាពដែលទទួលបានដោយលំបាក និងការពារផលប្រយោជន៍ជាតិ។
ការចាប់ខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិ បានធ្វើឡើងស្របទៅតាមច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា ជំពូក ២ (ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ) ក្នុងផ្នែក ១ (អំពើក្បត់ជាតិ និងចារកម្ម) មាត្រា ៤៤៣ (បទសន្និដ្ឋិភាពជាមួយបរទេស)។ ដូចការរំពឹងទុក ការចាប់ខ្លួនលោក កឹម សុខា នឹងបង្កើតជាសំណួរនយោបាយ ព្រោះគាត់គឺជាប្រធានគណបក្សប្រឆាំងនៅកម្ពុជា។ នេះអាចជាមូលហេតុដែលធ្វើឱ្យលោក កឹម សុខា បង្ហាញពីអំនួតរបស់គាត់ជាសាធារណៈ ដូចដែលបានឃើញនៅក្នុងឃ្លីបវីដេអូ នៅឆ្នាំ២០១៣ ដែលបានបង្ហាញអោយឃើញពីការជួយជ្រោមជ្រែងពីមហាអំណាចបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ដោយមិនបាច់រំលឹកពីសោកនាដកម្មរបស់ប្រទេសទាំងពីរនេះ ខ្ញុំសូមស្នើឯកឧត្តមពិចារណាថា តើទង្វើររបស់លោក កឹម សុខា អាចត្រូវបានអត់ឱនដែរឬទេក្រោមច្បាប់របស់សហរដ្ឋអាមេរិក? អ្វីដែលលោក កឹម សុខា បាន និងកំពុងប្រព្រឹត្តពុំមែនជាការប្រកួតប្រជែងតាមលទ្ធិប្រជាធិបតេយ្យដោយយុត្តិធម៌នោះទេ។ សហរដ្ឋអាមេរិកមានច្បាប់ជាច្រើនសម្រាប់ទប់ស្កាត់អំពើបែបនេះ ដូចជា ច្បាប់ស្តីពីចារកម្ម (Espionage Act) ច្បាប់ស្តីពីការចុះបញ្ជីភ្នាក់ងារបរទេស (Foreign Agents Registration Act) ក្រមព្រហ្មទណ្ឌនិងនីតិវិធីព្រហ្មទណ្ឌ (ជំពូកទី១១៥ ស្តីអំពីអំពើក្បត់ជាតិ ការបះបោរ និងវិទ្ធង្សនា)។ ការចាប់ខ្លួនលោក កឹម សុខា ត្រូវបានធ្វើឡើងស្របតាមច្បាប់របស់កម្ពុជាទាំងស្រុង។ វិធានការនេះដូចគ្នានឹងករណី លោក ផូល ម៉ាណាហ្វត អតីតប្រធានយុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថ្មីៗនេះត្រូវជាប់ចោទពីបទឃុបឃិតបរទេសប្រឆាំងនឹងសហរដ្ឋអាមេរិក។ វាមិនយុត្តិធម៌ សំរាប់រាជរដ្ឋាភិបាលកម្ពុជានោះទេ ដែលត្រូវបានគេរិះគន់និងគំរាមដាក់ទណ្ឌកម្ម ដោយកម្ពុជាគ្រាន់តែអនុវត្តច្បាប់សំដៅការពារសន្តិសុខ សន្តិភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដូចប្រទេសផ្សេងទៀតដែរនោះ។ ការចាប់ខ្លួនលោក កឹម សុខា និងការឈានទៅរកការរំលាយគណបក្សសង្រ្គោះជាតិ នៅពេលខាងមុខពុំមានន័យថា ពហុបក្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងត្រូវបញ្ចប់នោះទេ។
ព័ត៌មានដែលឯកឧត្តមបានទទួលថារាជរដ្ឋាភិបាលបានបិទស្ថានីយ៍វិទ្យុរាប់រយនោះគឺពុំមែនជាការពិតទេ។ ស្ថានីយវិទ្យុប្រមាណចំនួន ២០ ត្រូវបានបិទ ដោយអនុលោមតាមច្បាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយ ព្រោះស្ថានីយ៍ទាំងនោះបានជួលម៉ោងផ្សាយរបស់ពួកគេដោយមិនបានរាយការណ៍ជូនក្រសួងព័ត៌មាន ដូចមានចែងក្នុងអនុស្សរណៈ។ ការបិទកាសែតឌឹខេមបូឌាដេលីគឺជាការអនុវត្តច្បាប់ពន្ធដារសុទ្ធសាធ។ ដូចសារព័ត៌មានផ្សេងទៀតដែរ កាសែតឌឹខេមបូឌាដេលីត្រូវតែបំពេញកាតព្វកិច្ចបង់ពន្ធដាររបស់ខ្លួន ប៉ុន្តែកាសែតនេះបានសម្រេចដោយខ្លួនឯងបញ្ឈប់ប្រតិបត្តិការ នៅពេលដែលប្រឈមនឹងបំណុលពន្ធដារក្នុងរយៈពេលប្រហែលមួយទសវត្សរ៍កន្លងមក។ កាសែតឌឹខេមបូឌាដេលីគ្រាន់តែជាកាសែតមួយក្នុងចំណោមស្ថាប័នកាសែតបោះពុម្ពផ្សាយចំនួន ៨០០ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។ លើសពីនេះទៀត ប្រទេសកម្ពុជាមានកាសែតតាមប្រព័ន្ធអេឡិចត្រូនិចចំនួន៧០ ស្ថានីយ៍ទូរទស្សន៍ចំនួន២២ ស្ថានីយ៍វិទ្យុចំនួន៣៣០ រួមទាំងស្ថានីយ៍បរទេសដែលអាចចូលប្រើប្រាស់បានដោយគ្មានការត្រួតពិនិត្យខ្លឹមសារជាមុនទៀតផង។ យោងតាមរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន(Reporter Without Borders)ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកក្នុងឆ្នាំ ២០១៦ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសអាស៊ានទាំង១០។ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើនលទ្ធភាពអោយប្រជាជនអាចប្រើប្រាស់អ៊ីនធឺណេតនៅទូទាំងប្រទេស និងឱ្យលើសពីចំនួនអ្នកប្រើប្រាស់បច្ចុប្បន្នដែលមានចំនួន ៥០% នៃប្រជាជនសរុប។ កិច្ចខិតខំប្រឹងប្រែងធ្វើអោយប្រព័ន្ធទំនាក់ទំនងសម្រាប់ការចែករំលែកព័ត៌មាននិងមតិយោបល់គឺជាភស្តុតាងដ៏ល្អបំផុតបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រីក និងការមិនដាក់កម្រិតលើសេរីភាពនៃការបញ្ចេញមតិ។
ប្រទេសកម្ពុជាផ្តល់តម្លៃលើទំនាក់ទំនងដ៏ល្អជាមួយសហរដ្ឋអាមេរិក និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះស
្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ វាមិនមែនជារឿងល្អសម្រាប់កម្ពុជានិងអនាគតរបស់កម្ពុជានោះទេ ប្រសិនបើកម្ពុជាត្រូវបានបង្ខំឱ្យរើសយកជម្រើសដែលផ្ទុយនឹងប្រយោជន៍យុទ្ធសាស្រ្តជាតិរបស់យើង។ កម្ពុជាបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ពីអតីតកាលរបស់ខ្លួនរួចហើយ កាលពីទសវត្សរ៍ឆ្នាំ៧០និង៨០ ហើយក៏បានឃើញយ៉ាងច្បាស់នាពេលថ្មីៗនេះ ពីស្ថានភាពខ្លោចផ្សាររបស់ប្រជាជាតិមួយចំនួន ដែលពេលថ្មីៗនេះ ធ្លាក់ខ្លួនក្នុងគ្រោះមហន្តរាយ ដោយមជ្ឈដ្ធានដែលបង្ករអោយមានការផ្លាស់ប្តូរ ។
ជាថ្មីម្តងទៀត ខ្ញុំសូមអះអាងជូនឯកឧត្តមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការ ហើយនឹងរក្សាជំហរដ៏រឹងមាំក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីធានាមិនអោយសោកនាដកម្មពីអតីតកាលកើតឡើងសាជាថ្មីម្តងទៀតក្នុងប្រទេសកម្ពុជា ដើម្បីធានាថាសន្តិភាពនិងស្ថិរភាពនៅតែបន្តមានសម្រាប់ការអភិវឌ្ឍជាបន្តបន្ទាប់នៅកម្ពុជា ដើម្បីធានាថាដំណើរការប្រជាធិបតេយ្យនៅកម្ពុជានឹងនៅបន្តឆ្ពោះទៅមុខដោយសន្តិភាពនិងដោយអនុលោមតាមនីតិរដ្ឋ និងដើម្បីធានាថា លទ្ធិប្រជាធិបតេយ្យពហុបក្សនិងរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបន្តរីកលូតលាស់ និងបោះជំហានក្នុងលក្ខណៈដែលស្របតាមបរិបទរបស់ប្រទេសកម្ពុជា។
សូមឯកឧត្តមទទួលនូវការគោរពរាប់អានពីខ្ញុំ។

ជុំ ប៊ុនរ៉ុង

Loading...