លិខិតមិត្តអ្នកអាន៖ រឿងឪពុកក្មេករើសកូនប្រសារដែលកំពុងបញ្ចាំងតាមទូរទស្សន៍ខុសពីសំណៅដើម

អក្សរសិល្ប៍ប្រជាប្រិយខ្មែររឿងឪពុកក្មេករើសកូនប្រសារដែលមាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំផងនោះត្រូវបានគេច្នៃជាខ្សែរវីដេអូចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក ctn ហើយអ្វីដែលធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍នោះគឺសាច់រឿងទាំងស្រុងត្រូវបានកែច្នៃឲ្យខុសពីសភាពដើមគ្រប់ចំណុច។ក្នុងនាមពលរដ្ឋខ្មែរមួយរូបខ្ញុំបាទមិនដឹងថាតើវាជាការត្រឹមត្រូវឬក៏ជាការសមស្របនោះទេដែលសាច់រឿងទាំងមូលត្រូវបានកែច្នៃឲ្យខុសពីសភាពដើមយ៉ាងនេះ។តើក្រសួងអប់រំ,ក្រសួងវប្បធម៍និងវិចិត្រសិល្បៈនិងក្រសួងព័ត៌មានយល់ថាវាជាភាពត្រឹមត្រូវឬទេដែលយកសាច់រឿងអក្សរសិល្ប៍ប្រជាប្រិយខ្មែរទៅកែច្នៃឱ្យខុសពីសភាពដើមទាំងស្រុងយ៉ាងដូច្នេះ?

មានចំណុចខុសគ្នាជាច្រើនដែលធ្វើឲ្យអ្នកសិក្សាជំនាន់ក្រោយយល់ច្រឡំក្រោយពីទស្សនាសាច់រឿងឪពុកក្មេករើសកូនប្រសារលើកញ្ចក់ទូរទស្សន៍ctn ដែលខុសពីអក្សរសិល្ប៍ប្រជាប្រិយរឿងឪពុកក្មេករើសកូនប្រសារនៅលើកម្មវិធីសិក្សា។តាំងពីដើមដល់ពាក់កណ្តាលសាច់រឿងគេបានកែច្នៃឲ្យខុសពីសភាពដើមនិងបានបណ្ដាលឲ្យតម្លៃនៃរឿងប្រាស់ចាកពីសេចក្តីពិតដែលអ្នកនិពន្ធចង់បាន។អក្សរសិល្ប៍ប្រជាប្រិយខ្មែរត្រូវបានអ្នកដឹកនាំរឿងយកទៅកែច្នៃបំផ្លាញខ្ទេចខ្ទីរធ្វើឲ្យសាច់រឿងទាំងមូលក្រឡាប់ចាក់ហើយវាមិនសមជាឪពុកក្មេករើសកូនប្រសារនៅឡើយ។ឈុតឆាកស្នេហាត្រូវគេបង្កើតឡើងដែលធ្វើឲ្យសាច់រឿងឪពុកក្មេករើសកូនប្រសារបាត់បង់តម្លៃជាអក្សរសិល្ប៍ខ្មែរ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់មិនដឹងថាតើខាងស្ថាប័នណាដែលជាអ្នកទទួលខុសត្រូវក្នុងរឿងនេះទេពីព្រោះថាបើមើលទៅសាច់រឿងឪពុកក្មេករើសកូនប្រសារដែលកំពុងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ ctn មិនបានរួមចំណែកអភិរក្សនិងអភិវឌ្ឍអក្សរជាតិខ្មែរនោះឡើយប៉ុន្តែបែរជាគេធ្វើឲ្យមានការភាន់ច្រឡំហើយបើនិយាយឲ្យខ្លីគឺជាការជាន់ឈ្លីតម្លៃអក្សរសិល្ប៍ជាតិខ្មែរដែលរុងរឿងតាំងពីដើមមកនោះ។អ្នកដឹកនាំរឿងបានធ្វើឲ្យតម្លៃអក្សរសិល្ប៍ជាតិខូចខាតខ្ទេចខ្ទីរព្រោះតែដើម្បីផលប្រយោជន៍របស់ពួកគេប៉ុន្មាននាក់ដែលប្រការនេះក្រសួងមានសមត្ថកិច្ចគួរតែចាត់វិធានការចំពោះអ្នកដឹកនាំរឿងដែលមានខួរក្បាលរាក់ៗឲ្យយល់ពីតម្លៃអក្សរសិល្ប៍ជាតិផង៕

Loading...