លិខិតអញ្ជើញឬលិខិតបែបបំភ័យ??? កញ្ញា អែល សុភាព បកអាក្រាតលោក សៀក មុន្នីអភិបាលស្រុកអូររាំងរឿងធ្វើការងារមិនសុច្ចរិត និងពុករលួយ!

ខេត្តមណ្ឌលគីរី៖ កញ្ញា អែល សុភាព ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរី កាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បានសម្ដែងមតិបកអាក្រាតភាពមិនប្រក្រតី ការធ្វើការមិនសុច្ចរិត និងពុករលួយរបស់លោក សៀក មុន្នី អភិបាលស្រុកអូររាំងនិង បក្សពួកមានភូមិ ឃុំជាដើម។

ស្រាប់តែនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ទំនងជាលោក សៀក មុន្នី អភិបាលស្រុកអូររាំងភ័យខ្លាច ព្រោះធ្លាប់មានរឿងអាស្រូវកន្លងមកពាក់ព័ន្ធការគប់គិតគ្នាលក់ដីរដ្ឋ និងឈូសឆាយដីដើមស្រល់កន្លងមកនោះ ទើបបានចេញលិខិតអញ្ជើញ កញ្ញា អែល សុភាព ឲ្យចូលខ្លួនបំភ្លឺក្រោយបានសំដែងមតិនៅក្នុងវេទិកាសាធារណៈកាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ថាសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាង នៃឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបង្ហាញការមិនពេញចិត្ត និងអំពើអនុវត្តផ្ទុយច្បាប់របស់អាជ្ញាភូមិ-ឃុំ-ស្រុកអូររាំង។

កញ្ញា អែល សុភាព បានបន្តថា មេភូមិពូរ៉ាង មេឃុំសែនមនោរម្យ និងអភិបាលស្រុកអូររាំង ធ្វើការងារមិនសុចរិត ពុករលួយ ស៊ីប្រាក់សំណូកសូកប៉ាន់ តែងតែយល់ព្រមចុះហត្ថលេខា និងត្រាចំពោះដីទិញលក់ក្នុងសហគមន៍ភូមិពូរ៉ាងជាច្រើនកន្លែង ទាំងដីមានម្ចាស់រួចមកហើយ ដីខ្លះជាដីព្រៃ ជាដីចំការស្រល់ ជាដីតំណម ជាដីកបសពចាស់ៗ ដីអារក្សអ្នកតាជាទីសក្ការៈរបស់ប្រជាពលរដ្ឋ បើទោះបីប្រជាជននៅភូមិមួយចំនួនមិនយល់ស្របក៏ដោយ។

កញ្ញាបានឲ្យដឹងទៀតថាលើសពីនេះការវាស់វែងដីគឺមិនមានការចូលរួមពីសហគមន៍ និងការឯកភាពពីសហគមន៍ឡើយ។ សហគមន៍ស្នើសុំឲ្យស្ថាប័នមានសមត្ថកិច្ចស៊ើបអង្កេតបន្ត និងសុំផ្តល់ដីសហមូហភាពដល់ជនជាតិដើមភាគតិចភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ស្របតាមច្បាប់កំណត់។

ចាំមើលថាតើលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរីនឹងមានចំណាត់ការយ៉ាងណាទៅចំពោះ លោក សៀក មុន្នី អភិបាលស្រុកអូររាំងរូបនេះ ឬមួយទុកឲ្យលោក សៀក មុន្នី ធ្វើព្យុះភ្លៀងតាមតែអំពើចិត្ត និងហ៊ានកោះហៅពលរដ្ឋខ្លួន ក្រោយពីពលរដ្ឋបាននិយាយការពិតនៅក្នុងវេទិកាសាធារណៈនោះ៕

Loading...