លិចទូកដឹកជនភ្លៀសខ្លួននៅម៉ាឡេស៊ីស្លាប់មនុស្សយ៉ាងតិច១៤នាក់

យ៉ាងហោចណាស់មនុស្ស១៤នាក់ដែលជាជនភៀសខ្លួនបានលង់ទឹកស្លាប់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ក្រោយពីធ្វើដំណើរតាមទូកតូចមួយដែលមានមនុស្សច្រើនប្រមាណជាង១០០នាក់ប្រជ្រៀតគ្នា ហើយលិចនៅឈូងសមុទ្រប្រទេសម៉ាឡេស៊ី ។

ក្រុមជួយសង្គ្រោះបាននិងកំពុងស្វែងរងជនឥណ្ឌូនេស៊ីដែលរងគ្រោះរាប់សិបនាក់ផ្សេងទៀត នៅបាត់ខ្លួនប៉ុន្មានម៉ោងក្រោយពីទូកឈើដ៏តូចមួយរបស់ពួកគេបានបាត់ពីក្រោមទឹក ។

កម្លាំងកងទ័ពជើងទឹកម៉ាឡេស៊ីបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមអ្នកនេសាទនៅក្នុងតំបន់បានជួយសង្គ្រោះមនុស្ស១៥នាក់ និងបានស្រង់សាកសព១៤នាក់ចេញពីសមុទ្រ ក្នុងចំណោមសាកសពមានស្រ្តី១៣នាក់ និងបុរសម្នាក់ ។

លោក Mohamad Aliyas Hamdan អ្នកនាំពាក្យរបស់កម្លាំងទាហានជើងទឹកម៉ាឡេស៊ីប្រចាំក្នុងតំបន់បានថ្លែងថា ម៉ាឡេស៊ីបានដាក់ពង្រាយនាវា១២គ្រឿង និងយន្តហោះមួយគ្រឿងផងដែរ បូករួមជាមួយកម្លាំង២០០នាក់ផ្សេងទៀតឲ្យធ្វើប្រតិបត្តិការជួយសង្គ្រោះ និងរុករកជនរងគ្រោះ ។

មនុស្សប្រមាណ២លាននាក់ ភាគច្រើនមកពីប្រទេសឥណ្ឌូនេស៊ីបាននិងកំពុងធ្វើការងារនៅក្នុងប្រទេសម៉ាឡេស៊ីដោយពុំមានលិខិតស្នាមត្រឹមត្រូវ ឬអាចនិយាយបានថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ ។ ជាទៀតទាត់ពលរដ្ឋទាំងនោះលួចឆ្លងដែនតាមរយៈផ្លូវទឹក ដោយជិះទូកឈើ គ្មានសុវត្ថិភាពនោះឡើយ ។

ហេតុការណ៍នៅពេលនេះ គឺទូករបស់ពួកគេបានលិចនៅឈូងសមុទ្រភាគខាងលិចរបស់ម៉ាឡេស៊ី ជិតទីក្រុងឈូងសមុទ្រ Sabak Bernam ភាគកណ្តាលរដ្ឋ Selangor ។ លោក Aliyas បានបញ្ជាក់ថា លោកជឿជាក់ថា ទូកនោះបានលិចដោយសារតែជួបអាកាសធាតុអាក្រក់ បូករួមទាំងមនុស្សដែលធ្វើដំណើរតាមទូកនេះមានចំនួនច្រើនហួសកម្រិតផងដែរ ។

លោក Aliyas បន្ថែមថា ផ្អែកទៅលើមូលដ្ឋានទំហំទូកនោះ អាចដាក់បានមនុស្សប្រមាណ៧០នាក់ប៉ុណ្ណោះ ប៉ុន្តក្រុមអ្នកនេសាទនៅក្នុងដែលឃើញហេតុការណ៍បញ្ជាក់ថា ទូកនេះមានអ្នកដំណើរដែលជាជនអន្តោប្រវេសន៍នោះមានរហូតដល់១០០នាក់ ។ លោកបញ្ជាក់ថា បានដាក់ពង្រាយនាវា១២គ្រឿង និងយន្តហោះ១គ្រឿង ព្រមទាំងកងកម្លាំង២០០នាក់ដើម្បីអនុវត្តប្រតិបត្តិការជួយសង្គ្រោះអ្នកដែលនៅបាត់ខ្លួន ។ ពួកគេមានជំនឿថា នឹងអាចស្វែងរកជនរងគ្រោះទាំងឡាយនោះ ពីព្រោះថា ទូកនេះវានលិចនៅក្បែរច្រាំងប៉ុណ្ណោះ ។

សាកសពត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសាធារណៈ Teluk Intan ក្បែរខាងរដ្ឋ Perak នោះដែរ ។ លោកបន្តថា យើងមិនទាន់ប្រាកដទេថា ជនភៀសខ្លួនទាំងអស់នោះមានបំណងមកកាន់ទឹកដីម៉ាឡេស៊ី ឬក៏ព្យាយាមចាកចេញពីម៉ាឡេស៊ីដោយខុសច្បាប់នោះទេ ។ គ្រោះថ្នាក់លិចទូកនៅពេលនេះគឺជាមហន្តរាយធ្ងន់បំផុតសម្រាប់ម៉ាឡេស៊ីនៅក្នុងឆ្នាំនេះ ។

ម៉ាឡេស៊ី ជាប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៣នៅក្នុងតំបន់នេះ ដែលជាគោលដៅសម្រាប់ពលរដ្ឋឥណ្ឌូនេស៊ីភៀសខ្លួនទៅកាន់ទីនោះដើម្បីរកការងារធ្វើ ។

ប៉ុន្តែគ្រោះថ្នាក់នៅតាមផ្លូវទឹកតែងបានកើតឡើងញឹកញាប់ ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សងគ្រោះថ្នាក់ព្យាយាមឆ្លងកាត់តាមដែនសមុទ្រ ដើម្បីស្វែងរកការងារដែលមានប្រាក់កម្រៃល្អប្រសើរជាង នៅតាមអគារសំណង់ និងរោងចក្រជាដើម ៕

yeOkC802fbC1

malasia hunt

imagedxx

boat-sink

Loading...

Leave a Reply

Your email address will not be published. Required fields are marked *