លុច្យសុីសRX300 បើកលឿនទៅបុកអ្នកតន្ត្រីសម័យស្លាប់២នាក់នៅនឹងកន្លែង

ខេត្តកណ្តាល ៖ អ្នកតន្ត្រីសម័យ២នាក់ខណៈកំពុងលើកដែករោងអ័កកាដង់ដាក់លើចិញ្ចើមផ្លូវត្រូវរថយន្តលុច្យសុីសម៉ាកមួយគ្រឿងបើកលឿនជ្រុលទៅបុកបណ្តាលឲ្យស្លាប់នៅនឹងកន្លែង រួចបន្តជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតយ៉ាងដំណំតែមិនបណ្តាលឲ្យគ្រោះដល់ម្ចាស់ផ្ទះឡើយ ។ ក្រោយកើតហេតុអ្នកបើកបរព្យាយាមរត់គេចខ្លួនបាត់ ។ ហេតុការនេះបានកើតឡើងកាលពីម៉ោងជិត១យប់ឈានចូលថ្ងៃទី១១ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតនៅបណ្តោយផ្លូវលេខ២១ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកលុច្យសុីស RX300 ពណ៌សពាក់ស្លាកលេខភ្នំពេញ1AE-5120 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ ចំណែកអ្នកតន្រ្តីសម័យដែលស្លាប់នោះ ទី១ឈ្មោះ ចាន់ សុភា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបៈតន្ត្រីសម័យនាយឆ្លាម មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ទី២ ឈ្មោះ អន ស្រីអូន ភេទស្រី អាយុ១៤ឆ្នាំ មន្ត្រីសម័យរស់នៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកម្ចាស់ផ្ទះដែលរងការខូចខាតនោះឈ្មោះ អាំង ស្រី ភេទប្រុស អាយុ៧០ឆ្នាំ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះដែលស្លាប់ទាំង២នាក់បានបើករថយន្តដឹកអ័កកាដង់ចូលទៅមុខផ្ទះ ឈ្មោះ ហៃ ឃាង នៅខាងកើតផ្លូវលេខ២១ ផុតពីចិញ្ចើមផ្លូវរួចលើដែកអ័កកាដង់ដាក់លើចិញ្ចើមផ្លូវស្របពេលនោះស្របពេលជាមួយគ្នានោះរថយន្តបង្កបើកមកលឿនយកចង្កូតមិនទាន់ជ្រុលទៅបុកជនរងគ្រោះទាំង២នាក់បណ្តាលឲ្យស្លាប់នៅកន្លែង រីឯរថយន្តបង្កបានបន្តទៅបុកផ្ទះប្រជាពលរដ្ឋ១ខ្នងទៀតបណ្តាលឲ្យខូចខាត ផ្ទះនិងសម្ភារៈមួយចំនួន ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យរងរបួសដល់ម្ចាស់ផ្ទះនោះទេ ។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កព្យាយាមរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ភ្លាមនោះកម្លាំងនគរបាលជំនាញស្រុកស្អាងទទួលព័ត៌មានបានចុះទៅដល់ជួយអន្តរាគមន៍ វាស់វែងដើម្បីធ្វើកំណត់ហេតុរួចយករថយន្តបង្កទៅរក្សាទុកចាត់ការទៅតាមនីតិវិធីច្បាប់ និងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Loading...