លូ​ស្ទះ​ទឹកស្អុយ​ទល់មុខ​ផ្សារ​ក្រុង​បាន​លុង​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាពរបស់ប្រជាពលរដ្ឋ​

ខេត្តរតនគិរី៖ លូ​ទឹក​ស្អុយ​មួយ​កន្លែង​នៅមុខ​ផ្សារ​ក្រុង​បាន​លុង​ត្រូវបាន​ស្ទះ បន្ទាប់ពី​មាន​សម្រាមកក​ណែន បណ្ដាលឲ្យ​ហូរ​ទឹកស្អុយ​ចេញ​មក​លើ​ផ្លូវសាធារណៈ​ដែលប្រជាពលរដ្ឋចេញចូល។​

​អាជីវករ​លក់ដូរ នៅមុខ​ផ្សារ​ក្រុង​បាន​លុង បាន​ត្អូញត្អែ​ពី​លូទឹកស្អុយ ដែល​ស្ទះ បណ្ដាល​ឲ្យ​ទឹកស្អុយ​ចេញមកក្រៅ មួយកន្លែង ផ្លូវ​ចូល​ទៅក្នុង​ផ្សារ​ក្រុង​បាន​លុង ត្រង់​ចំណុច​ផ្លូវ​កែង ហាង​លក់​ទូរស័ព្ទ​ដៃ យីហោ ហេង​សម្បត្តិ ស្ថិតក្នុង​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ដែល​បណ្ដាល​ឲ្យ​ភ្ញៀវ ខ្ពើមរអើម មិន​ចូល​ទិញ​ទំនិញ និង​មិន​ចូល​បរិភោគ​ចំណីអាហារ ដែល​អាជីវករ​លក់​នៅ​ពេលយប់​។​

បើ​តាម​ការ​ត្អូញត្អែ ពី​អាជីវករ​ដែល​លក់ដូរ​ចំណីអាហា​នៅពេល​យប់ បាន​រៀបរាប់​ថា លូ​នេះ​ស្ទះ​ហូរ​ទឹកស្អុយ​ចេញ​មក​លើ​ថ្នល់​ជាង​១០​ថ្ងៃ​មក​ហើយ​។ តាំង​ពី​លូ​នេះ​ស្ទះ​ហៀរ​ទឹកស្អុយ​ចេញមកក្រៅ ពួកគាត់​លក់ដូរ​មិន​ដាច់​ទេ ដោយ​មាន​ទឹក​ប៉ប៉ិច ប៉​ប៉ាច់ និង​មាន​ក្លិនស្អុយ​អាសោតទៀង​ផង​។​

ករណី​លូ​ស្ទះ​ហូរ​ទឹកស្អុយ​ចេញ​មក​ក្រៅ​នេះ លោក ងិន ណែ​ល អភិបាលក្រុង​បាន​លុង បានឲ្យដឹងតា​មទូរស័​ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា នេះ​ថា លូ​ក្នុង​ក្រុង​បាន​លុង​មិនទាន់​ពេញ​លក្ខណៈ​ជា​លូ​បង្ហូរ​ទឹកស្អុយ​នៅឡើយ​ទេ ដោយ​លូ​នោះ​តូច ហើយ​ប្រជាពលរដ្ឋ​បាន​ចោះ​បង្ហូរ​សម្រាម​ចូល​បណ្ដាល​ស្ទះ តែ​មិន​អី​ទេ​ចាំ​លោក​ឲ្យ​ខាង​សាធារណៈ​ការ​មក​មើល ថា តើ​ត្រូវ​កែកុន​យ៉ាងណា​នោះ ដើម្បី​បណ្ដោះ​ទឹក​ស្អុយ​នេះ​កុំឲ្យ​ស្ទះ​ជា​បណ្ដោះអាសន្នសិន​។​

បើទោះជា​យ៉ាងណា អាជ្ញាធរ​មូលដ្ឋាន ឬ ជំនាញ​ពាក់ព័ន្ធ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យមាន​ក​រ​ណី​នេះ​កើតឡើង​យូរថ្ងៃ​ដូច្នេះ​ទេ ពី​ព្រោះនេះ​ជា​ក្រុង និង​ជា​ទីប្រជុំជន ដែល​មាន​ភ្ញៀវ​ជាតិ នឹងភ្ញៀវ​អន្តរជាតិ ចេញចូល​ច្រើន ព្រមទាំង​ប៉ះពាល់​ដល់​ជីវភាព​អាជីវករ​លក់ដូរ​ទៀតផង​។ ម្យ៉ាងវិញទៀត ខាង​មន្ទីរ​បរិស្ថាន នៅ​ខេត្ត​រតនគិរី ហាក់ដូចជា​មិន​រវល់​អើពើ​ចំពោះ​បញ្ហា​ប៉ះពាល់​ផ្សេងៗ ផ្នែក​បរិស្ថាន ដែល​កើតមានឡើង​នៅក្នុង​ខេត្ត​រតនគិរីមួយនេះ៕

Loading...