លួចរថយន្តពីខេត្តសៀមរាបបាន១សប្តាហ៍ ត្រូវម្ចាស់តាមទាន់នៅភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីមានករណីឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយរថយន្ត នីសាន់ ណាវ៉ារ៉ា ១គ្រឿង នៅចំណុចក្រោយមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត កាលពីព្រលប់ថ្ងៃទី១៧ កុម្ភៈ ម្សិលមិញ ត្រូវបានម្ចាស់រថយន្តអះអាងមុខសមត្ថកិច្ចថា រថយន្តនោះត្រូវបានជនសង្ស័យលួចពីខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស៊ឹម សារុន អាយុ៤៦ឆ្នាំ មុខរបរ តៃកុងរថយន្ត រស់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ចំពោះវត្ថុតាងរឹបអូសបាន គឺរថយន្ត១គ្រឿងម៉ាក នីសាន់ណាវ៉ារ៉ា ពណ៌ទឹកប្រាក់ សេរ៊ីឆ្នាំ២០០៦ ស្លាកលេខ 2Y-7523។
ប្រភពពីជនរងគ្រោះជាម្ចាស់រថយន្ត ឈ្មោះ សុខ គឹមសុង ភេទប្រុស អាយុ៤៧ឆ្នាំ មានមុខរបរជាថៅកែរថយន្តដឹកដំឡូង បានរៀបរាប់ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ រូបគាត់បានឲ្យជនសង្ស័យជូនមកទិញគ្រឿងបន្លាស់នៅចំណុចហាងយីហោ ខ្លាស ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ក្រុងសៀមរាប ខណៈរូបគាត់កំពុងរវល់ចុះទិញសម្ភារ ជនសង្ស័យដែលនៅលើរថយន្តស្រាប់ក៏បើកគេចខ្លួនបាត់តែម្តង។
ប្រភពដដែលបន្តថា រហូតដល់ថ្ងៃកើតហេតុរូបគាត់បានប្រទះឃើញជនសង្ស័យរួមជាមួយរថយន្ត នៅចំណុចក្រោយមន្ទីរពេទ្យមិត្តភាព ខ្មែរ-រុស្សី ទើបរាយការណ៍ទៅសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ។
ពាក់ព័ន្ឋករណីនេះលោក ហៀង ថារ៉េត អធិការរងខណ្ឌចំការមន បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការនៅថ្ងៃស្អែកនេះ៕

12476910_1070883579598881_379872721_o

12596929_1070883612932211_1397846688_o

Loading...

Leave a Reply

Your email address will not be published. Required fields are marked *