លេចធ្លាយរូបថតរថយន្តទំនើបស៊េរីឆ្នាំ 2022 Genesis G70

រូបភាព​មួយចំនួន​បានលេចធ្លាយ​​អំពីរថយន្តស៊េរីទំនើប​របស់Genesis Motor សាខាក្រុមហ៊ុន​​ហ៊ីយ៉ាន់ដាយកូរ៉េខាងត្បូង​ គឺរថយន្ត 2022 Genesis G70 ។ រូបភាពបានបែកធ្លាយ​នៅលើបណ្តាញ​សង្គម​អំពីការតុបតែង​​រូបរាង​​របស់រថយន្ត G70 ។

នៅផ្នែកខាងមុខ និងផ្នែកកណ្តាល បំពាក់សំណាញ់​រាងអក្សរ V និងមានការបំពាក់ចង្កៀង​​​​យ៉ាងស្រស់ស្អាត ។ រថយន្តស៊េរីនេះ មានការបំពាក់ឧបករណ៍ដ៏ប្រណីតៗ​ផ្សេងទៀត ហើយការរចនា​មានភាពទាក់ទាញបំផុត​ ទាំងនៅផ្នែកខាងក្រៅ និងនៅផ្នែកខាងក្នុង ។

រូបថតលេចធ្លាយ បង្ហាញពីផ្ទៃខាងក្នុងរថយន្ត G70 បំពាក់អេក្រង់​លាតធំទូលាយ និងមានដៃចង្កូតថ្មី ។ ការតុបតែងថ្មីទៀតក៏អាចត្រូវបានផ្តល់ជូនផងដែរ ។ បច្ចុប្បន្ន​ព័ត៌មានទាក់ទង​រថយន្ត 2022 Genesis G70 ស៊េរីថ្មីនេះ មានតិច​តួចបំផុត​​ដែលបានចេញផ្សាយ ។

ចំពោះកម្លាំងម៉ាស៊ីនរបស់រថយន្ត 2022 Genesis G70 នេះវិញ ស្ថិតនៅក្នុងចំណុចអាថ៌កំបាំងផងដែរ ។ បើតាមការបែកធ្លាយមុនៗ បានលើកឡើងថា G70 អាចមានម៉ាស៊ីនធំខ្លាំងជាងមុន គឺម៉ាស៊ីនចំណុះ ២,៥ លីត្រ ប៉ុន្តែរូបថតដែលលេចធ្លាយខាងលើ បង្ហាញអំពីផ្លាកសញ្ញា 2.0T ជាស្លាកសញ្ញា​ដែលកំណត់សម្គាល់ថា ម៉ាស៊ីន​ចំណុះ​២លីត្រ គឺ​២០០០ សេសេ (2000cc) នៅផ្នែកខាងក្រោយ ។ ដូច្នេះ រថយន្ត 2022 Genesis G70 នេះ អាចទៅរួចជាមួយម៉ាស៊ីនចំណុះ ២,០ លីត្រដែលជាប្រពៃណីនោះតែប៉ុណ្ណោះ ។ ចំណែកម៉ាស៊ីនធំជាងនេះ ប្រហែល​ផលិតឡើង​សម្រាប់ទីផ្សារនៅអាមេរិកខាងជើង ។

នៅពេលនេះ គេបានរំពឹងថា រថយន្ត 2022 Genesis G70 នឹងបង្ហាញខ្លួនយ៉ាងអស្ចារ្យនៅឆ្នាំ ២០២១ នេះ ។ វាទំនងជានឹងលេចមុខជាលើកដំបូងនៅលើទីផ្សារប្រទេសកូរ៉េ បន្ទាប់មកទៀត នឹងមានការបង្ហាញខ្លួននៅអាមេរិកខាងជើង នៅក្នុងឆ្នាំ ២០២២ ៕



Loading...