លោកគ្រូ​អ្នកគ្រូ​សាលាបឋមសិក្សា​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស​

ខេត្តកំពង់ឆ្នាំង​៖ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥ នេះ លោកគ្រូ អ្នកគ្រូ របស់​សាលាបឋមសិក្សា​ឆ្នុកទ្រូ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៏ បានធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស​ចំនួន​៣​ថ្ងៃ​ហើយ ព្រោះតែ​បាន​ថ្នាំងថ្នាក់​នឹង​ប្រធានការិយាល័យ​អប់រំ​ស្រុក​បរិបូរ​ណ៏ ដែល​បាន​ដក និង​ដាក់​នាយក​សាលា​នេះ​ស្រេច​តែ​ចិត្ត​គ្មាន​ការ​ពិគ្រោះគ្នា​ជាមុនសិន​ឡើយ​។​

​នៅ​សាលាបឋមសិក្សា​ឆ្នុកទ្រូ មាន​អាគារ​៣​ខ្នង​មាន​១៤​បន្ទប់ មាន​សិស្ស​ចូលរៀន ២៣០​នាក់ (​ស្រី​១១១​នាក់​) មាន​លោកគ្រូ​អ្នកគ្រូ​ចំនួន​១២​នាក់​(​ស្រី​២​នាក់​)​។ នៅក្នុង​ពាក្យបណ្តឹង​ជម្រាបជូន​លោក​ប្រធាន​មន្ទីរអប់រំ​ខេត្ត មាន​ស្នាម​មេដៃ​លោកគ្រូ​អ្នកគ្រូ​ចំនួន​៨​នាក់ បាន​លើកឡើងថា បន្ទាប់ពី​លោកនាយក សាលា​ចាស់ លោក យ៉ុង គឹម​សេង បាន​ចូល​និវត្ត​ន៏ ប៉ុន្តែ​នៅ​មិនទាន់​ធ្លាក់​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ ពេលនោះ​ខាង​ការិយាល័យ​អប់​ស្រុក និង​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ចុះមក​ស្ទង់​មតិ​ដោយ បោះឆ្នោត ជ្រើសរើស​បេក្ខភាព​ដែល​ត្រូវដាក់​ជា​នាយក​សាលា ចំនួន​២​រូប​ឲ្យ​ឈរឈ្មោះ កាលណោះ ជាប់​អ្នកគ្រូ អ៊ូ សុ​ផា​រី​១០​សម្លេង និង​លោកគ្រូ សូត ផា​រី ៥​សម្លេង ហេតុនេះ​អ្នក​ដែល​ត្រូវ​ជាប់​ជា​នាយក​សាលា​គឺ​អ្នកគ្រូ អ៊ូ សុ​ផា​រី​។ ស្រាប់តែ​ថ្មី​នេះ លោកស្រី ម៉ី ហួរ ប្រធានការិយាល័យ​អប់​ស្រុក​បរិបូរ​ណ៏ បាន​ចាត់ចែង​ផ្ទាល់មាត់​ឲ្យ​លោក យ៉ង់ គឹម​សាន ជា​គ្រូបង្រៀន​ថ្នាក់​ទី​៦ ឡើងកាន់តំណែង​ជា​នាយក​សាលា ដោយ​ចាត់ចែង​ដឹកនាំ​ការប្រជុំ យក​ត្រា​សាលា​តាម​ខ្លួន​ទៅផ្ទះ ដែល​ទង្វើ​ទាំងនេះ​ធ្វើ​ទាំង​បំពាន​ទៅលើ​ការបោះ​ឆ្តោ​ត​ប្រជាមតិ​បែប​ប្រជា​ធិ​ប​តយ្យ និង​គ្មាន​លិខិត​ចាត់តាំង​ត្រឹមត្រូវ​ពី​មន្ទីរអប់រំ យុវជន និង​កីឡា​ឡើយ​។ ម្យ៉ាងវិញទៀត ប្រព​ន្ឋ​លោកគ្រូ យ៉ង់ គឹម​សាន នេះ គឺ​អ្នកគ្រូ គង់ ណា​រី បាន​យក​ម៉ោង​រដ្ឋ​បង្ហាត់ គួរ​សិស្ស​យកលុយ​ទៀតផង គឺ​ម៉ោង ១០ ទៅ​១១​ថ្ងៃត្រង់​។

​ក្រុម​លោកគ្រូ​អ្នកគ្រូ នៅ​សាលាបឋមសិក្សា​នេះ​បាន​ប្រាប់ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ច្បាស់លាស់​ទេ​ពួកគាត់​នឹងមិន​ចូល​បង្រៀន​សិស្ស​ឡើយ​។ ជុំវិញ​បញ្ហា​នេះ អ្នកគ្រូ ម៉ី ហួ ប្រធានការិយាល័យ​អប់រំ ស្រុក​បរិបូរ​ណ៏​មិនអាច​សុំ​ការបំភ្លឺ​បានទេ ចំណែក​លោក​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​វិញ​ក៏​បែប​មិនទាន់​ជ្រាប​រឿងនេះ​ដែរ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *