លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ ពិចារណាអំពីសកម្មភាពខ្លួនឯងឡើងវិញ ដើម្បីបញ្ចៀសវិប្បដិសារីទៅថ្ងៃក្រោយ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺមនុស្សពេញវ័យ និងមេគ្រួសារ គឺត្រូវពិចារណាឱ្យបានដិតដល់នូវសកម្មភាពរបស់ខ្លួនឯង ជាពិសេសអនុវត្តនូវវិធានការសុខាភិបាល ឱ្យបានម៉ត់ចត់ ដើម្បីចៀសវៀងការចម្លងវីរុសកូវីដ-១៩ ទៅក្រុមគ្រួសារ និងសហគមន៍រស់នៅរបស់ខ្លួន។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នូវការឆ្លងទៅដល់ទារក និងកុមារ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

លោកជំទាវ បានសង្កត់ធ្ងន់បន្ថែមថា «វីរុសកូវីដ-១៩ កំពុងតែវ៉ៃលុកយេីងហេីយ សូម្បីតែកុមារអាយុ ៦ឆ្នាំក៏វាមិនលេីកលែងឱ្យដែរ។ បញ្ហាសំខាន់របស់បុគ្គលគ្រប់រូបដែលជាមនុស្សពេញវ័យនៅពេលនេះ តេីយេីងត្រូវចូលរួមធ្វេីអ្វីខ្លះ ដេីម្បីកុំឱ្យមានការចម្លងបន្តគ្នាបែបនេះ បេីសូម្បីកូនតូចៗ ក៏ឆ្លងដែរហេីយនៅពេលនេះ? គ្មានអ្វីដែលល្អប្រសេីរជាងការនៅផ្ទះ កុំចេញក្រៅផ្ទះ បេីមិនចាំបាច់ បេីចាំបាច់ត្រូវចេញ សូមអនុវត្តវិធានការ ៣ការពារ និង ៣កុំ ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអនុវត្តទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ អ្នកដែលត្រូវធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ សូមគោរព និងអនុវត្តឱ្យបានត្រឹមត្រូវជាទីបំផុត ផ្អាកឬពន្យាពេលការជួបជុំគ្នាជាចាំបាច់ និងនាំគ្នាធ្វេីការពីផ្ទះតាមអនឡាញ សាមគ្គីគ្នា ជួយអប់រំគ្នាក្នុងគ្រួសារនីមួយៗ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិន ជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខ ប្រសិនបេីយេីងមិនចូលរួម ៣ការពារ និង ៣កុំទេនោះ ) ទេីបយេីងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន»។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ក៏បានផ្ញេីជូននូវការជូនពរដល់កុមារាតូចនេះ សូមឱ្យបានជាសះស្បេីយឆាប់ៗ និងជូនពរដល់បងប្អូនដែលឆ្លងរួចហេីយទាំងអស់ឱ្យឆ្លងផុតដំណាក់កាលវ៉ៃលុករបស់សត្រូវអត់ស្រមោលវិលមករកការជាសះស្បេីយឆាប់ៗ និងអ្នកដែលមិនទាន់ឆ្លង សុំកុំឱ្យមានការឆ្លងបន្តគ្នាឱ្យសោះ មានសុខភាពល្អ រួមគ្នាវ៉ៃបកសត្រូវមេីលមិនឃេីញនេះ ដោយអាវុធ ៣ការពារ និង ៣កុំ ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃម្សិលមិញ មានការផ្សព្វផ្សាយនូវកុមារាមួយរូប អាយុ៦ឆ្នាំ នៅខណ្ឌឬស្សីកែវ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានរថយន្តសង្គ្រោះមកយកទៅព្យាបាល។ កុមារារូបនេះបានបង្ហាញនូវការសហការជាមួយគ្រូពេទ្យ ខណៈមានតែសម្ពាយ និងថង់កាបូបដាក់ខោអាវ ដែលមើលទៅគួរឱ្យក្តុកក្តួលបំផុត។

សូមរម្លឹកផងដែរថា វីរុសកូវីដ-១៩ គិតមកត្រឹមថ្ងៃនេះ ក៏បានសម្លាប់ប្រជាពលរដ្ឋកម្ពុជាចំនួន ០៣នាក់រួចមកហើយផងដែរ៕

Loading...