លោកជំទាវ ឱ វណ្ឌឌីន ៖ ចូលឆ្នាំនៅផ្ទះ សម្រាប់អបអរឆ្នាំថ្មី ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ ឱ្យបានក្នុងពេលឆាប់ៗ

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានផ្ញើសាររំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមចូលឆ្នាំនៅផ្ទះ សម្រាប់អបអរឆ្នាំថ្មី ដើម្បីអាចគ្រប់គ្រងជំងឺកូវីដ១៩ ឱ្យបានក្នុងពេលឆាប់ៗ។

លោកជំទាវ ឱ វណ្ណឌីន បានសរសេរយ៉ាងដូច្នេះថា «ចូលឆ្នាំនៅផ្ទះ សម្រាប់អបអរឆ្នាំថ្មី ២០២១! ឆ្នាំនេះ គឺជាឆ្នាំដែលយើងកំពុងធ្វើការ ដោយមិនគិតពីការនឿយហត់ ទាំងយប់ទាំងថ្ងៃ ដើម្បីដើរចេញពីប្រអប់ Covid-19 ។ មិនទាន់ហួសពេលនៅឡើយទេ ដែលយើងអាចរួមគ្នាធ្វើសកម្មភាព និងឆ្លើយតបជាមួយគ្នាឥឡូវនេះ ដើម្បីឆាប់ទទួលបានជីវិតធម្មតាថ្មីរបស់យើង ហើយមិនត្រូវបណ្តោយឱ្យមេរោគចង្រៃនេះ វាត្រួតត្រាយើងបានឱ្យសោះ យើងចាំបាច់ត្រូវតែគ្រប់គ្រងវាឱ្យបាន ក្នុងពេលឆាប់ៗខាងមុខនេះ! អនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងការពារកូវីដ-១៩ + ចូលឆ្នាំនៅផ្ទះ = ឈ្នះកូវីដ-១៩»៕

Loading...