លោកជំទាវ ឱ វណ្ណឌីន ៖ បុគ្គលដែលត្រូវចាក់វ៉ាក់សាំងដូសទី២ បើជាប់នៅខេត្តណាត្រូវចាក់នៅខេត្តនោះក្នុងអំឡុងពេលបិទខ្ទប់នេះ

ភ្នំពេញ ៖ តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រកាសបញ្ជាក់ជូនថា ក្នុងអំឡុងពេលបិទខ្ទប់ ចំពោះបុគ្គលដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ហើយគាត់បានចេញទៅខេត្តផ្សេងៗ រួចជាប់បម្រាមបិទខ្ទប់មិនអនុញ្ញាតឲ្យធ្វើដំណើរនេះ គឺបុគ្គលនោះ ត្រូវទៅទទួលវ៉ាក់សាំងដូសទី២ នៅខេត្តដែលបានស្នាក់នៅ មានន័យថា បើជាប់នៅខេត្តណា ត្រូវចាក់នៅខេត្តនោះតែម្តង រួចទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលខេត្តនោះ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសទី២ ទៅតាមថ្ងៃកំណត់ដោយមិនហួសចន្លោះពី១៤ថ្ងៃ ទៅ២១ថ្ងៃ ក្រោយពីការចាក់ដូសលើកទី១សម្រាប់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានចាក់កន្លងមកនេះ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចាត់ចែងដឹកវ៉ាក់សាំងទៅផ្គត់ផ្គង់ដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ គឺក្នុង១ខេត្ត ជូនវ៉ាក់សាំងចំនួន២០០ដូស សម្រាប់ត្រៀមបម្រុងទុកចាក់ជូនបុគ្គលដែលបានជាប់បម្រាមបិទខ្ទប់ នៅតាមបណ្តាខេត្តនីមួយៗ៕

Loading...