លោកថោង ខុន ផ្តល់អនុស្សាសន៍គន្លឹះ៨ចំណុច ដល់ថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅសល់ ជូនប្រពលរដ្ឋ

កំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ធ្វើយ៉ាងណាសម្រេចលទ្ធផលឲ្យមានប្រសិទ្ធភាព ។

ការជំរុញណែនាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃអង្គារ ៩កើត ខែបុស្ស ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ គ.ស ២០១៧ នៅក្នុងសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ និងលោក សុខ​ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិនិងមានការចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ អភិបាលក្រុង-ស្រុក និងសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ។

ក្នុងកិច្ចប្រជុំខាងលើ រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ បានរាយការណ៍ពីលទ្ធផលនៃការដោះស្រាយបញ្ហាមួយចំនួន ជម្រាបជូនគណៈអធិបតី ព្រមទាំងបានលើកឡើងពីបញ្ហានៅសេសសល់មួយចំនួន ដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ។

ដើម្បីជំរុញការដោះស្រាយបញ្ហាទាំងឡាយដែលនៅសេសសល់នោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានដាកចេញនូវអនុសាសន៍ជាគន្លឹះមួយចំនួន ដល់រដ្ឋបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ជាតិ មន្ទីរជំនាញ និងមន្ត្រីតាមមូលដ្ឋានក្រុង-ស្រុកទាំង៨ ក្នុងខេត្ត ដូចខាងក្រោម៖

១៖ បន្តអនុវត្តការងារឆ្វៀលដីនៅតំបន់៣ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដោយជំរុញការចេញសាលកប័ត្រព័ត៌មានឲ្យដល់ដៃរបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ ពិសេសនៅតំបន់ណាដែលត្រូវបានចុះវាស់វែង និងមានឯកសារគ្រប់គ្រាន់រួចហើយ ដូចជានៅភូមិគោកត្របែក ឃុំស្រឡៅជាដើម។

២៖ បន្តជំរុញការងារចុះវាស់វែង រៀបចំបែបបទ និងលិខិតស្នាមក្នុងការស្នើសុំកាត់ឆ្វៀលដីពីតំបន់២មកតំបន់១ ដោយត្រូវអនុវត្តជាជំហានៗ តាមស្ថានភាពជាក់ស្តែងនៅតំបន់នីមួយៗ ពិសេសនៅឃុំម្សាក្រង ស្រុកស្ទោង។

៣៖ ចំពោះដីតំបន់អភិរក្សសត្វខ្សឹប ត្រូវចុះវាស់វែងលម្អិត និងកំណត់ទីតាំង និងទំហំដីអោយបានច្បាស់ ដូចជាដីលំនៅដ្ឋាន ដីកសិកម្ម សាលារៀន វត្តអារាម ដើម្បីរៀបចំជាទិន្នន័យច្បាស់លាស់ក្នុងការស្នើកាត់ដីចេញពីតំបន់អភិរក្សសត្វខ្សឹប ដូចជានៅឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ជាដើម។

៤៖ បន្តពន្លឿននីតិវិធី និងបែបបទនៃការកាត់ដីជូនប្រជាពលរដ្ឋចេញពីបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរ/អង្គភាពនានាជុំវិញខេត្ត ដោយប្រគល់ជូនតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកជួយតាមដាន និងសម្របសម្រួលការងារនេះ។

៥៖ បន្តពិភាក្សាជាមួយអាជ្ញាធរជាតិសំបូរព្រៃគុក ដើម្បីពិនិត្យលើសំណូមពរប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រណបនៃតំបន់អភិរក្សប្រាសាទសំបូរព្រៃគុក។

៦៖ ជំរុញការបង្កើតសហគមន៍ សិប្បកម្ម កែឆ្នៃឈើ នៅឃុំចុងដូង ស្រុកបារាយណ៍ ដែលក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទបានគាំទ្រនិងឯកភាពរួចហើយ អោយបានរហ័ស។

៧៖ បង្កើនការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដែលកំពុងកើតមានបទល្មើសជាច្រើន និងបង្កើនការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃតាមតំបន់អភិរក្ស ពិសេសតំបន់ព្រៃឡង់ និងព្រៃអង់តែន។

៨៖ ជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋមានអត្តសញ្ញាណបណ្ណ ក្នុងការធ្វើបែបបទឯកសារគតិយុត្តផ្សេងៗ និងប្រើប្រាស់ដល់ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ។

លោកក៏បានដាក់ចេញយុទ្ធសាស្ត្រការងាររួមឲ្យមន្ត្រីពាក់ព័ន្ធ បង្កើនប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមាន ដោយលោកបានលើកឡើងនូវប្រយោគមួយឃ្លាថា «បទល្មើសត្រូវតែបង្ក្រាបឲ្យខានតែបាន ប៉ុន្តែត្រូវចៀសវាងការគំរាមកំហែងដល់ប្រជាពលរដ្ឋ»៕

 

Loading...