លោកប្រធានមន្ទីរសុរិយោដីខេត្តក្រចេះ​ឈ្មោះ​ ឡែន ប្រើឥទ្ធិពលកាងបទល្មើសចរាចរណ៍​

ខេត្តក្រចេះ៖ ប្រធានមន្ទីរសុរិយោដីខេត្តក្រចេះ ឈ្មោះ ឡែន ត្រូវបានក្រុមគ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតសមាជិកគ្រួសារចោទប្រកាន់ថា បានប្រើអំណាចឥទ្ធិពលរបស់ខ្លួនកាងបទល្មើសចរាចរណ៍ ។ ករណីនេះ ក្រុមគ្រួសារជនរងគ្រោះបានស្នើឲ្យលោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មេត្តាចាត់វិធានការ ជួយអន្តរាគមន៍រកយុត្តិធម៌ ។

ប្រភពព័ត៌មានដែលទទួលបានពីក្រុមគ្រួសាររងគ្រោះបានស្នើសុំការជួយអន្តរាគមន៍ពីលោកជា សុផារ៉ាយ៉ាងដូច្នេះថា៖

«នាងខ្ញុំឈ្មោះ​ ភាន​ សោភា​ សូមគោរពឯកឧត្តម​ ជា​ សុផារ៉ា :​ សូមឯកឧត្តមមេត្តាជួយរកយុត្តិធម៌អោយក្រុមគ្រួសាររបស់នាងខ្ញុំផង​ នាងខ្ញុំជាស្រីមេម៉ាយមានកូនស្រីតែម្នាក់គត់​ ស្រលាញ់ជាងជីវិតទៅទៀត​ ខិតខំចឹញ្ចឹមបីបាច់កូនដោយជីវភាពជាគ្រូបង្រៀន​ រហូតដល់កូនអាយុ១៥ឆ្នាំ​ តែជាអកុសលនៅថ្ងៃទី២៨​ ខែឆ្នូ​ ឆ្នាំ២០១៦​ វេលាម៉ោង៧:៤០នាទីយប់​ នៅពេលដែលកូនស្រីរបស់នាងខ្ញុំចេញពីរៀនគួរនៅសាលាវិទ្យាល័យកុសុម:​ ត្រូវបានមន្រ្តីមន្ទីសូរិយោដីខេត្តក្រចេះឈ្មោះ​ គីរី​ បើកឡានរបស់អង្គភាពសូរិយោលដី​ បុកម៉ូតូកូនស្រីរបស់នាងខ្ញុំបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត​ រួចហើយបើកឡានរត់ទៅលាក់ទុកនៅក្នុងមន្ទីរសូរិយោលដីខេត្តក្រចេះដោយគេចវេះមិនព្រមទទួលខុសត្រូវ​ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយជាងនេះទៅទៀតនោះ​ គឺនៅថ្ងៃបន្ទាប់(ថ្ងៃទី២៩)​ ពេលដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញរថយន្តបង្កដែលលាក់ទុកនៅក្នុងមន្ទីរហើយនោះ​ ស្រាប់តែលោកប្រធានមន្ទីរ​ ឈ្មោះ​ ឡែន​ បានប្រើឥទ្ធិពល​របស់ខ្លួនមិនអោយប៉ូលីសយកទៅរក្សាទុកភ្លាមៗទេ​ ហើយបានព្យាយាមលាក់បាំងជនបង្ករហូត​ ដល់ល្ងាចថ្ងៃដដែលទើបព្រមអោយសមត្ថកិច្ចយកទៅរក្សាទុកនៅកន្លែងប៉ូលីស​ ចំណែកជនបង្ករត់គេចខ្លួនបាត់​ ដោយមិនមានការទទួលខុសត្រូវពីខាងណាទាំងអស់​ ។

ដោយសារនាងខ្ញុំជាស្រ្តីមេម៉ាយទន់ខ្យោយ​ និងមានជីវភាពជាគ្រូបង្រៀន​ នាងខ្ញុំគ្មានលទ្ធភាពអ្វីតទល់ជាមួយលោក​ ឡែន​ ទេ​ មានតែស្នើសុំអោយឯកឧត្តមមេត្តាជួយរកយុត្តិធម៌អោយនាងខ្ញុំផងទៅចុះ​ ព្រោះចាប់តាំងពីកើតរឿងរហូតមកដល់ថ្ងៃនេះភាគីខាងមន្ទីរធ្វើព្រងើយកន្តើយមិនមានទំនាក់ទំនងមកខាងក្រុមគ្រួសារនាងខ្ញុំឡើយ» ៕

Loading...