លោកប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ នួន ប៉ុក កំពុងតែធុំក្លិនមិនស្រួល

ខេត្តព្រះសីហនុ៖ ស្របពេលដែលលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានកំណែទម្រង់ការងារដឹកនាំ ប្រកបដោយតម្លាភាព និងមានការគាំទ្រពីបុគ្គលិកមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងក្រសួង ប្រកបដោយសក្តានុពលនោះ បែរជាលេចចេញនូវបាតុភាពមិនប្រក្រតីពីថ្នាក់ដឹកនាំមួយចំនួន ចូលចិត្តធ្វើអ្វីៗខ្វះការថ្លឹងថ្លែង ឬសិក្សាពីសមត្ថភាព អតីតភាពការងារ បែរជាចង់ដក ចង់ដាក់ ធ្វើតាមតែខ្លួនចង់បានក្នុងនាមជាមេកើយទាំងបំពានមកលើកូនចៅ។

លោកស្រី កើត ពៅ ជាប្រធានការិយាល័យអភិរក្សសុរិយោដី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានបង្ខំចិត្តសរសេរជាលិខិតមួយជម្រាបជូនលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខណៈអ្នកស្រីត្រូវបានលោក នួន ប៉ុក ប្រធានមន្ទីរស្នើសុំទៅអភិបាល នៃគណៈអភិបាលខេត្តដកតួនាទី និងភារកិច្ចរបស់គាត់ដោយអយុតិ្តធម៌នោះ។ នៅក្នុងលិខិតរបស់អ្នកស្រី កើត ពៅ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ គោរពជូនលោកទេសរដ្ឋមន្ត្រីដោយបញ្ជាក់យ៉ាងដូច្នេះថា សុំលោកទេសរដ្ឋមន្ត្រីជួយរកយុតិ្តធម៌ករណីដកតួនាទីភារកិច្ចដោយបញ្ជាក់ថា លោក នួន ប៉ុក ទើបទទួលបានតំណែងជាប្រធានមន្ទីររយៈពេល៤ខែប៉ុណ្ណោះ យកលេសពុំសមហេតុផល ស្នើទៅអភិបាល នៃគណៈអភិបាលខេត្តដើម្បីដកតួនាទីភារកិច្ចអ្នកស្រីពីប្រធានការិយាល័យអភិរក្សសុរិយោដីនៃមន្ទីរ ឲ្យទៅបម្រើការងារជាអនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកំពង់សីលា ដែលមានចម្ងាយ១០៤គីឡូម៉ែត្រពីផ្ទះអ្នកស្រី។

អ្នកស្រីបន្តថា ទី១អ្នកស្រីពុំដែលប្រព្រឹត្តកំហុសអ្វីសោះ មកធ្វើការងារពុំដែលខកខាន ការងារគ្មានការកកស្ទះ ទី២បម្រើការងារនៅការិយាល័យអភិរក្សសុរិយោដីនេះយូរឆ្នាំមកហើយ ទី៣អ្នកស្រីជាឃោសនិករបស់គណបក្ស នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ជាច្រើនអាណត្តិ និងទី៤អ្នកស្រីជាស្ត្រីមេម៉ាយមានកូនតូចៗចំនួន២នាក់ ក្នុងបន្ទុកនៅឡើយ ត្រូវការអ្នកស្រីមើលថែទាំ ពុំអាចទៅបម្រើការងារឆ្ងាយពីលំនៅដ្ឋានបានទេ។លិខិតមួយច្បាប់នេះក៏ត្រូវបានអ្នកស្រី កើត ពៅ បង្ហោះនៅក្នុង Account Facebook របស់ខ្លួន និង Share Facebook ទៅលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីឲ្យលោកបានជ្រាបជុំវិញភាពអយុត្តិធម៌របស់លោកប្រធានមន្ទីរឡើងថ្មីនេះ។

មន្ត្រីក្នុងមន្ទីរបានលើកឡើងថា ចំពោះអ្នកស្រី កើត ពៅ គាត់ពិតជាមានសមត្ថភាព និងមានអតីតភាពការងារយូរឆ្នាំ ប្រកបដោយភាពច្បាស់លាស់ ដូច្នេះការដកតួនាទីភារកិច្ចគាត់ ដូចការស្នើទៅអភិបាល នៃគណៈអភិបាលខេត្តដោយលោកប្រធានមន្ទីរបានបង្ហាញពីការគ្រប់គ្រងរបៀបផ្តាច់ការ មិនមានការពិភាក្សា ឬបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើប្រជាមាតិទៅលើបុគ្គលិកលក្ខណៈរបស់អ្នកស្រី កើត ពៅ ថាតើគាត់មានសមត្ថភាពក្នុងកំរិតណា និងមានការគាំទ្រពីមន្ត្រីក្នុងអង្គភាពឬមួយយ៉ាងណា? ពិសេសចំណុចណាខ្លះដែលបញ្ជាក់ថា គាត់មានកំហុស ឬអសមត្ថភាព?។

មន្ត្រីបានគូសបញ្ជាក់ថា គោលការណ៍ដកនេះ លោកប្រធាននិយាយភ្លាមៗដកភ្លែត ដោយគ្មានរកឲ្យឃើញពីកំហុស ឬហៅទៅសាកសួរធ្វើកំណត់ហេតុជីវទស្សន៍នោះទេ សុទ្ធតែអំពើអយុត្តិធម៌។ មិនតែប៉ុណ្ណោះលោក នួន ប៉ុក ប្រធានមន្ទីរកំពុងអនុវត្តផ្ទុយពិគោលការណ៍ក្រសួង ក៏ដូចគោលនយោបាយរាជរដ្ឋាភិបាលលើបញ្ហាគោរពយ៉េនឌ័រ ពីព្រោះថា បើឲ្យអ្នកស្រី កើត ពៅ ដែលមានកូនតូចៗក្នុងបន្ទុក និងជាស្ត្រីមេម៉ាយ ទៅធ្វើការឆ្ងាយពីផ្ទះរាប់រយគីឡូម៉ែត្រ តើសមដែរឬទេ ទុកឲ្យកូនគាត់នៅឆ្ងាយពីម្តាយ និងគ្មានអ្នកទំនុកបម្រុង? ចំណុចនេះមានន័យថា លោក នួន ប៉ុក ដកតួនាទីភារកិច្ចអ្នកស្រី កើត ពៅ ហើយយកទៅធ្វើការនៅកន្លែងឆ្ងាយឲ្យឃ្លាតពីកូនតូចៗ គឺពិតណាស់ថា គាត់មានចេតនាធ្វើបាបអ្នកស្រី កើត ពៅ នេះតែម្តង។

បញ្ហានេះសង្ឃឹមថា លោកអភិបាល នៃគណៈអភិបាលខេត្តក៏ដូចជាលោកទេសរដ្ឋមន្ត្រី និងមានការផ្តល់យុត្តិធម៌ចំពោះទង្វើមិនប្រក្រតីនេះមកលើអ្នកស្រី កើត ពៅ ដែលរងនូវការដកពីលោក នួន ប៉ុក តាមទំនើងចិត្ត។ ប្រភពខ្លះបានបង្ហើបថា មូលហេតុនៃការដកនេះគឺមានតែមួយគត់ ដើម្បីដាក់ប្អូនរបស់ខ្លួន ដូច្នេះលោក នួន ប៉ុក ហ៊ានប្រើអំណាចឥទ្ធិពលជាប្រធានមន្ទីរដកមន្ត្រី រួចបំពេញតម្រូវការចង់បានរបស់ខ្លួនជាមួយនឹងសាច់ញាតក្រុមគ្រួសារ តើថ្នាក់លើអាចទទួលយកបានទេ ចំណាត់ការបែបនេះ?។ ពាក់ព័ន្ធករណីខាងលើនេះលោក នួន ប៉ុក មិនអាចទំនាក់ទំនង សូមការបំភ្លឺលំអិតបាននោះទេ?

Loading...