លោកប្រាក់​សុខុន​នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ានជាមួយអង់គ្លេស

ភ្នំពេញ៖លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចក្រភពអង់គ្លេស ស្ដីពីជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអង់គ្លេស នឹងផ្លាស់ប្តូរយោបល់គ្នាអំពីបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ក្នុងការឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជា ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺនេះ។

ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីការបរទេសទាំងអស់ ក៏នឹងពិភាក្សាអំពីវិធីសាស្រ្តនានាដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍រួមគ្នារវាងអង់គ្លេស និងប្រទេសសមាជិកអាស៊ាន។ បញ្ហាតំបន់ និងសកល ដែលជាកង្វល់រួម ក៏ជារបៀបវារៈនៃកិច្ចពិភាក្សាគ្នាផងដែរ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ នឹងក្លាយជាជំហានមួយឆ្ពោះទៅរកការរៀបចំទិសដៅអនាគតសម្រាប់ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស ក្នុងបរិបទនៃបញ្ហា ប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន និងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប៕

Loading...