លោកប្រាក់ សុខុន បំពេញទស្សនកិច្ចតួកគីចូលរួមកិច្ចប្រជុំ 17th ACD

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉េវលុត ឆាវូស៊ូលុ(Mevlüt Çavuşoğlu) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋតួកគី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ (17th ACD) តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ជាមួយនឹងបណ្តារដ្ឋមន្រ្តីការបរទេសនៃរដ្ឋសមាជិកទាំង៣៥ របស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី ។   

    ក្រោមមូលបទ «ទេសសចរណ៍ធម្មតាតាមបែបគន្លងថ្មី មានសុវត្ថិភាព និងសុខភាពល្អ» កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងបញ្ហាប្រឈមនានាដែលបានបង្កដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជារិះរកទស្សនវិស័យនានាក្នុងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ដើម្បី ផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន ដោយស្របទៅតាមចក្ខុវិស័យនៃកិច្ចប្រជុំ ACD សំរាប់ឆ្នាំ២០៣០។   

    ក្រៅពីកិច្ចប្រជុំនេះ តាមការផ្តួចផ្តើមរបស់ប្រទេសតួកគីដែលជាប្រធាននៃកិច្ចប្រជុំ សហព័ន្ធសភាពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញរបស់តួកគី នឹងរៀបចំកិច្ចប្រជុំសភាពាណិជ្ជ   កម្មនៃកិច្ចប្រជុំ ACD លើកទី១ ផងដែរ ។

    គួរកត់សម្គាល់ថា កិច្ចប្រជុំ ACD នេះ ត្រូវបានរៀបចំឡើងជាទៀងទាត់ ដែលត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីខែ មិថុនា ឆ្នាំ២០០២ នៅទីក្រុងឆាអាម ប្រទេសថៃ ។ គោលដៅ នៃកិច្ចប្រជុំ ACD គឺជំរុញការពឹងអាស្រ័យគ្នាទៅវិញទៅមកនៅក្នុងបណ្តាប្រទេសអាស៊ី លើកិច្ច សហប្រតិបត្តិការគ្រប់វិស័យ ពង្រីកទីផ្សារពាណិជ្ជកម្មនិងហិរញ្ញវត្ថុនៅអាស៊ី លើកកម្ពស់ភាព ប្រកួតប្រជែងសេដ្ឋកិច្ចរបស់អាស៊ីនៅក្នុងទីផ្សារសកល និងការប្រែក្លាយតំបន់អាស៊ីទៅជា សហគមន៍អាស៊ីមួយ ដែលអាចមានទំនាក់ទំនងជាមួយពិភពលោកទាំងមូលកាន់តែមានគោលជំហរស្មើភាពគ្នា និងចូលរួមចំណែកកាន់តែវិជ្ជមានដល់សន្តិភាព និងវិបុលភាពទៅវិញទៅមក៕

Loading...