លោកពូទីន និងលោកអាសាដ ពិភាក្សាគ្នាពីនយោបាយនៅស៊ីរី

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Bashar al-Assad ប្រធានាធិបតីស៊ីរី បានជួបពិភាក្សាគ្នានៅទីក្រុង Sochi កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ដោយចង្អុលបង្ហាញពីសារៈសំខាន់បង្កើតលក្ខខណ្ឌបន្ថែមទៀត ដើម្បីបន្តដំណើរការដោះស្រាយនយោបាយពេញលេញនៅក្នុងប្រទេសស៊ីរី។ នេះបើតាមលោក Dmitry Peskov រដ្ឋលេខាធិការស្តីទីរដ្ឋាភិបាលវិមានក្រឹមឡាំងថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ក្រោយបញ្ចប់កិច្ចប្រជុំ ។

លោក Dmitry Peskov បានមានប្រសាសន៍ថា “កិច្ចប្រជុំពិភាក្សានេះ មានលក្ខណៈលម្អិតណាស់ ។ “លោកប្រធានាធិបតីលោក ពូទីន បានចង្អុលបង្ហាញសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កងទ័ពស៊ីរី ដែលប្រឹងប្រែងតស៊ូប្រយុទ្ធប្រឆាំងជាមួយក្រុមអង្គការភេរវកម្ម ហើយលោកពូទីន ក៏បានអបអរសាទរចំពោះលោកអាល់ អាសាដ មេដឹកនាំស៊ីរីនាក្នុងឱកាសនេះផងដែរ” ។

លោក អាសាដ បានរំពឹងថា ប្រទេសរុស្ស៊ីនឹងដើរតួនាទីសំខាន់នៅក្នុងការកសាងឡើងវិញប្រទេសស៊ីរី បន្ទាប់ពីសង្រ្គាមមួយនេះត្រូវបានបញ្ចប់ ។

ប្រធានាធិបតីទាំងពីរបានចង្អុលបង្ហាញពីសារៈសំខាន់ បង្កើតលក្ខខណ្ឌបន្ថែមទៀតដើម្បីជួយសម្រួលដល់ដំណើរការនយោបាយពេញលេញ​នៅប្រទេសស៊ីរី និងបានកត់សម្គាល់ពីជោគជ័យភាពនៃដំណើរការរបស់ទីក្រុង Astana ក៏ដូចជាសភាប្រជាជនស៊ីរី ដែលត្រូវបានបង្កើតឡើងនៅទីក្រុង Sochi នេះ ។ “កិច្ចពិភាក្សានាថ្ងៃនេះបានផ្តោតលើជំហានរួម។ ”

លោក បាសា អាល់ អាសាដ បានធានាចំពោះលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ថា ទីក្រុងដាម៉ាសគាំទ្រយ៉ាងពេញទំហឹងដំណើរការនយោបាយរបស់សាធារណរដ្ឋ មានការប្រយុទ្ធស្របគ្នាប្រឆាំងនឹងអំពើភេរវកម្ម ។ លោកបានថ្លែងនៅឯកិច្ចប្រជុំជាមួយមេដឹកនាំរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ថា “ស្ថេរភាពកំពុងកើនឡើង​ហើយអ្វីៗទាំងអស់នេះ បើកទ្វារទៅរកដំណើរការនយោបាយដែលយើងបានចាប់ផ្តើមកាលពីពេលមុន” ។

មេដឹកនាំស៊ីរីវិញបានថ្លែងថា “ខ្ញុំតែងតែនិយាយ ហើយខ្ញុំចង់បញ្ជាក់ម្ដងទៀតថា យើងតែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការនយោបាយមួយ ដែលគួរតែដំណើរការជាមួយនឹងការប្រយុទ្ធប្រឆាំងភេរវកម្ម” ។

លោក ពូទីន បានជឿជាក់ថា ពេលវេលាបានមកដល់ដើម្បីកសាងសេដ្ឋកិច្ចស៊ីរីឡើងវិញ ហើយបានស្នើឱ្យប្រធានាធិបតី បាសា អាល់អាសាដ ពិភាក្សាអំពីផែនការទាំងនេះ ។

លោកបាននិយាយនៅក្នុងកិច្ចចរចាជាមួយលោកអាល់អាសាដ ថា “ជាការពិត បន្ទាប់ពីភាពជោគជ័យខាងយោធានេះ លក្ខខណ្ឌបន្ថែម ត្រូវបានបង្កើតឡើង ដើម្បីចាប់ផ្តើមដំណើរការនយោបាយថ្មីឡើងវិញ” ។

យោងតាមលោកពូទីន បានថ្លែងថា “កិច្ចការជាច្រើនត្រូវបានធ្វើឡើងរួចហើយនៅក្នុងដំណើរការរបស់ទីក្រុង Astana ហើយភាគច្រើនត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌកិច្ចប្រជុំសភាស៊ីរី រៀបចំឡើងនៅសូជី” ។

ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា “ឥឡូវនេះយើងអាចផ្លាស់ប្តូររួមគ្នា ហើយកិច្ចការបន្ទាប់ គឺការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងជំនួយមនុស្សធម៌ទៅដល់ប្រជាជនដែលជួបប្រទះស្ថានការណ៍លំបាក” ៕

Loading...