លោកម៉ុក ពន្លក សហការជាមួយផ្នែកពាក់ព័ន្ធ ចុះត្រួតពិនិត្យ បង្រ្កាបបទល្មើសជលផលនៅចំណុចបឹងពុតស្រី និងក្លោះ ឃុំខ្សាច់អណ្តែត និងបឹងយាយស ឃុំសេដា

ខេត្តក្រចេះ៖ នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោកម៉ុក ពន្លក នៅថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានសហការជាមួយផ្នែកពាក់ព័ន្ធ ចុះត្រួតពិនិត្យ បង្រ្កាបបទល្មើសជលផលនៅចំណុចបឹងពុតស្រី និងក្លោះ ឃុំខ្សាច់អណ្តែត និងបឹងយាយស ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានបានឲ្យដឹងថា សកម្មភាពការងាររបស់មន្ត្រីរាជការខណ្ឌរួមមាន៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ដឹកនាំដោយ លោក ម៉ុក ពន្លកផ្ទាល់ រួមសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដឹកនាំដោយលោកភួង ទីណា នាយរងអធិការ និងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ អធិការដ្ឋាននគរបាលស្រុកឆ្លូង អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទពាក់ព័ន្ធ ចុះត្រួតពិនិត្យ បង្រ្កាបបទល្មើសជលផលនៅចំណុចបឹងពុតស្រី និងក្លោះ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ និងបឹងយាយស ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ការចុះបង្ក្រាបខាងលើនេះជាលទ្ធផល ចាប់យក របាំងស្បៃមុងចំនួន២៥ខ្សែ ប្រវែង១២៥០ម៉ែត្រ, លូស្បៃមុងចំនួន ២៥មាត់លូ, របាំងសាច់អួនក្រលាញឹកចំនួន១៣ខ្សែ, លបសាច់អួនក្រលាញឹក(សាច់ប៉ាក់)ចំនួន ១៣គ្រឿង, របាំងលប ណា រ៉ាវ ចំនួន៣ខ្សែ, លបរ៉ាវ ចំនួន៦គ្រឿង, បង្គោលចម្រឹងឬស្សីប្រមាណ ៤៥៦ដើម និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ៥០គីឡូក្រាមផងដែរ ។

លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានមានប្រសាសន៍ អំពាវនាវពលរដ្ឋទាំងអស់ជួយរក្សាធនធានជលផលទាំងអស់គ្នា ដើម្បីបន្តពូជពង្សសម្រាប់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត និងដើម្បីកូនចៅជំនាន់ក្រោយបានដឹង បានស្គាល់ និងអំពាវនាវធ្វើយ៉ាងម៉េច សូមកុំធ្វើនេសាទខុសច្បាប់ដូចជាការប្រើប្រាស់ឧបករណ៍ស្បៃមុង និងការឆក់ត្រីជាដើម ។

លោក ម៉ុក ពន្លកបានបន្តទៀតថា ធ្វើយ៉ាងណានេសាទលក្ខណៈគ្រួសារបានហើយ កុំនេសាទខុសច្បាប់ បើនេសាទខុសច្បាប់ ថ្ងៃណាមួយសមត្ថកិច្ចចាប់បាននឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាក់ជាពុំខាន៕

Loading...