លោកយន្តមីនបង្កើតក្រុមការងារចម្រុះពិនិត្យសកម្មភាពជីកដីភ្នំនិងលុបអូរ

អភិបាលខេត្តព្រះសីហនុ បានបង្កើតឲ្យមានក្រុមការងារចម្រុះ ពិនិត្យផ្លូវច្បាប់ដើម្បីឈានដល់ចាត់វិធានការក្តៅទៅលើសកម្មភាព ជីកកកាយដីភ្នំ នាំឲ្យប៉ះពាល់ដល់បរិស្ថាន ឬសោភណភាពខេត្តទេសចរណ៍មួយនេះ។
ចំណាត់ការនេះ ទទួលបានការគាំទ្រពីមន្ត្រីសង្គមស៊ីវិល មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ប៉ុន្តែស្នើឲ្យអាជ្ញាធរ អនុវត្តវិធានការថ្មីនេះឲ្យមានប្រសិទ្ធភាព។
អភិបាលខេត្តថ្មីនៃខេត្តព្រះសីហនុ លោក យន្ត មីន ដាក់ផែនការដល់មន្ត្រីជំនាញក្រោមឱវាទ ឲ្យកោះហៅអ្នកជាប់ពាក់ព័ន្ធសកម្មភាពជីកកកាយដីភ្នំ ដើម្បីធ្វើអាជីវកម្មនាមូលដ្ឋាននេះមកសួរនាំ និងត្រួតពិនិត្យផ្លូវច្បាប់ជុំវិញការធ្វើអាជីវកម្មនេះ។
លោកអភិបាលបានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ថា សកម្មភាពជីកកកាយដីភ្នំ និងចាក់ដីលុបចូលអូរធម្មជាតិ បានប៉ះពាល់ដល់បរិស្ថានខេត្តទេសចរណ៍មួយនេះពិតប្រាកដមែន។ លោកថា បញ្ហានេះបើមិនទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ នឹងអាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាមូលដ្ឋាននេះនាឆ្នាំខាងមុខ៖ «ឥឡូវនេះខ្ញុំបានចាត់ ចែងឲ្យអភិបាលរងម្នាក់ ចុះទៅពិនិត្យមើលសកម្មភាពជីកកកាយដីភ្នំ និងដឹកដីចាក់លុបអូរធម្មជាតិសម្រាប់បង្ហូរទឹកនាមូលដ្ឋាននេះ ដោយយកចិត្តទុកដាក់។ ចំណាត់ការនេះ ត្រូវធ្វើទៅតាមលក្ខខណ្ឌបច្ចេកទេស ឬពិនិត្យមើលច្បាប់ទម្លាប់ និងអនុវត្តធ្វើម៉េចការពារកុំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយអនុវត្តការងារនេះឲ្យបានល្អឡើងវិញ។ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តសប្ដាហ៍នេះ ខ្ញុំក៏បានលើកយករឿងនេះមកពិភាក្សា និងធ្វើជាអាទិភាពនៅចំពោះមុខ ដែលក្រុមការងាររបស់សាលាខេត្តព្រះសីហនុ ត្រូវដោះស្រាយ»។
ទោះយ៉ាងណា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលទើបចូលកាន់តំណែងដើមសប្ដាហ៍នេះ មិនទាន់បង្ហាញចំណាត់ការតាមផ្លូវច្បាប់បែបណា ទៅលើអ្នកជាប់ពាក់ព័ន្ធសកម្មភាពជីកកកាយដីភ្នំ ឬសកម្មភាពចាក់ដីលុបអូរធម្មជាតិ នាំឲ្យស្ទះលូ ឬអូរពេលមានភ្លៀងធ្លាក់នោះទេ ព្រោះកំពុងពិនិត្យ។
ត្រង់ចំណុចនេះ មន្ត្រីសង្គមស៊ីវិល មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួននាខេត្តព្រះសីហនុ សាទរចំពោះវិធានការនេះ។
បញ្ហានេះ លោក ឃុន សាវឿន មន្ត្រីអង្កេតនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ បានរិះគន់ថ្នាក់ដឹកនាំមន្ទីរ ឬស្ថាប័នមួយចំនួន ដែលកន្លងមកបានអនុញ្ញាតឲ្យក្រុមហ៊ុន ឬឈ្មួញ ជីកកកាយដីភ្នំធ្វើអាជីវកម្ម ដោយមិនរវល់អើពើពីការប៉ះពាល់ដល់បរិស្ថានខេត្តទេសចរណ៍មួយនេះ។ លោកថា សព្វថ្ងៃនេះ បរិស្ថាននៅតាមផ្លូវថ្នល់មួយចំនួននៅចំកណ្ដាលក្រុងទេសចរណ៍មួយនេះ នៅពេលថ្ងៃក្តៅ គឺមានធូលីដីហុយជាប់មិនដាច់នៅតាមផ្លូវសាធារណៈមួយចំនួន ដោយសាររថយន្តដឹកដីជ្រុះអាចម៍ដីរាយប៉ាយតាមថ្នល់។ នៅពេលមានភ្លៀងធ្លាក់វិញ គឺនៅលូទឹក ឬអូរធម្មជាតិទុកសម្រាប់បង្ហូរទឹក ត្រូវកកស្ទះ ឬលិចលង់ ហើយទឹកភ្លៀងបានហូរកាត់ថ្នល់ជាតិ ដោយសារសកម្មភាពចាក់លុបអូរធម្មជាតិធ្វើជាកម្មសិទ្ធិនាពេលកន្លង មក។
លោក ឃុន សាវឿន បានចោទថា ករណីនេះអាចជាការឃុបឃិតរបស់បុគ្គលបម្រើការងារនៅតាមមន្ទីរ ឬអាជ្ញាធរមូលដ្ឋានខ្លះ ជាថ្នូរទទួលបានផលប្រយោជន៍អ្វីមួយ ទើបគ្មានការទប់ស្កាត់បែបនេះ៖ «មូលដ្ឋានខេត្តព្រះសីហនុ គឺជាតំបន់ភូមិសាស្ត្រមានភ្នំច្រើន ប៉ុន្តែហេតុអ្វីបានជាឈ្មួញ ឬឯកជនមានសិទ្ធិប្រើគ្រឿងចក្រជីកកកាយដីភ្នំ ដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីយកអាចម៍ដីលក់ ឬពង្រាបធ្វើជាកម្មសិទ្ធិឯកជន ដោយគ្មានអាជ្ញាធរហាមឃាត់ទៅវិញ។ បញ្ហានេះ ត្រូវប្រជាពលរដ្ឋខេត្តព្រះសីហនុ បានថ្កោលទោស ហើយសកម្មភាពនេះបានរកចំណូលពន្ធបង់ចូលរដ្ឋបានចំនួនប៉ុន្មាន ឬមួយបង់ចូលហោប៉ៅឯកជន»។
កាលពីថ្ងៃទី១០ ខែកញ្ញា ក្រុមការងារចម្រុះថ្មីនេះបានចុះពិនិត្យដល់ទីតាំងមានសកម្មភាពជីក កកាយដីភ្នំ ឬការចាក់ដីលុបលូ និងអូរធម្មជាតិចំនួន ៥ទីតាំង និងត្រៀមកោះហៅម្ចាស់ក្រុមហ៊ុន ឬមន្ត្រីស្ថាប័នពាក់ព័ន្ធមកសួរនាំ និងពិនិត្យច្បាប់ធ្វើអាជីវកម្មឲ្យបានត្រឹមត្រូវ។
ត្រង់ចំណុចនេះ លោក ប្រាក់ សមប្រាថ្នា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះសីហនុ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា បានអនុញ្ញាតឲ្យតែក្រុមហ៊ុនមួយទេមានសិទ្ធិជីកកកាយដីភ្នំធ្វើ អាជីវកម្ម គឺនៅតំបន់ភ្នំ៩៦ នាមូលដ្ឋានក្រុងព្រះសីហនុ។ ចំណែកការដឹកដីធ្វើអាជីវកម្មទៅកាន់ទីតាំងផ្សេងៗ ឬប៉ះពាល់ដល់បរិស្ថាន គឺមិនមែនស្ថិតក្នុងដែនសមត្ថកិច្ចស្ថាប័នលោកត្រូវដោះស្រាយទេ។
ដោយឡែក លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានឲ្យដឹងដែរថា ស្ថាប័នខ្លួនធ្លាប់ផាកពិន័យបង់ពន្ធចូលរដ្ឋទៅលើម្ចាស់ក្រុមហ៊ុន ឬអ្នកធ្វើអាជីវកម្មដឹកដីតាមរថយន្ត ហើយជ្រុះអាចម៍ដីតាមផ្លូវសាធារណៈប៉ះពាល់ដល់បរិស្ថាន ឬអ្នកធ្វើដំណើរជាបន្តបន្ទាប់។ ជាងនេះទៀ ក៏បានណែនាំម្ចាស់ធ្វើអាជីវកម្មដឹកដីទាំងនោះ ត្រូវចូលរួមរក្សាបរិស្ថាន ឬសោភណភាពក្នុងខេត្ត។
ទោះជាបែបនេះក៏ដោយចុះ ការបំពុលបរិស្ថានផ្ដើមដោយការធ្វើអាជីវកម្មជីកដីភ្នំ ឬចាក់ដីលុបអូរធម្មជាតិ នាំឲ្យស្ទះលូបង្ហូរទឹកភ្លៀង បានបន្តកើតមានមកដល់ពេលនេះ ដោយគ្មានមន្ត្រីនៅតាមមន្ទីរ ឬស្ថាប័នណាមួយ ពិសេសថ្នាក់ដឹកនាំខេត្តព្រះសីហនុ ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនៅឡើយទេ៕

32db14ad-ffab-4f12-ac40-4ea5f087c08f

lake620

Loading...

Leave a Reply

Your email address will not be published. Required fields are marked *