លោកវង្ស ហុកលីស្នងការរងខេត្តតាកែវអុកឡុកគ្រប់ទិសទី

ខេត្តតាកែវ៖ គេរាយការណ៍ថា លោកវង្ស ហុកលីស្នងការរងនគរបាលខេត្តតាកែវ ដៃស្ដាំលោក សុខ សំណាង ស្នងការនគរបាលខេត្ត កំពុងអុកឡុកឈ្មួញ និងអ្នករកស៊ីគ្រប់កន្លែងមិនថា ឈ្មួញដឹកទំនិញខុសច្បាប់ ឬស្របច្បាប់ ឬរកស៊ីនៅនឹងកន្លែងនោះឡើយ ។ រឿងលោកវង្ស ហុកលី គ្រប់ទឹកគ្រប់ទីកន្លែងនោះ សូម្បីតែស្នងការរងទទៃទៀតនៃស្នងការដ្ឋាននគរបាលខេត្តតាកែវខូចចិត្តមិនស្ទើរដែរ។

ប្រភពពីអ្នករកស៊ីបានឲ្យដឹងថា សូម្បីតែយានដ្ឋានជួសជុលរថយន្តនៅក្នុងខេត្តតាកែវទាំងអស់ សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោក វង្ស ហុកលី ដោយមិនអាចលើកលែងបានឡើយ ។ ទំនិញដែលនាំចូលពីប្រទេសវៀតណាមសុទ្ធតែត្រូវបង់លុយឲ្យលោកវង្ស ហុកលី ដោយមិនអាចគេចផុតនោះឡើយ ។ ពួកអ្នកនេសាទវៀតណាមចូលមកនេសាទក្នុងទឹកដីខ្មែរនៃស្រុកបុរីជលសារ និងស្រុកអង្គរបុរី សុទ្ធតែត្រូវបង់ប្រាក់អោយលោកវង្ស ហុកលីទាំងអស់គ្នា។

លោកវង្ស ហុកលី ជាអ្នកមានឥទ្ធិពលខ្លាំងជាងគេនៅក្នុងចំណោមស្នងការរងទាំងឡាយ ពីព្រោះលោកជាដៃស្ដាំ និងជាសេនាធិការសេដ្ឋកិច្ចជូនលោកសុខសំណាង ។ មានរឿងរ៉ាវច្រើនពាក់ព័ន្ធនឹងអំពើពុករលួយក្នុងកណ្ដាប់ដៃលោកវង្ស ហុកលី ដែលស្ថិតក្រោមការចាត់ចែងរបស់លោក ។ប្រជាពលរដ្ឋអ្នករកស៊ីគ្រប់ប្រភេទ ទាំងអ្នកដឹកជញ្ជូន ទាំងអ្នករកស៊ីនៅហ្នឹងកន្លែង សុទ្ធតែញញើតនឹងលោកវង្ស ហុកលី ទាំងអស់។

មិនអាចទាក់ទងលោកវង្ស ហុកលី សុំការបំភ្លឺបានទេ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដោយពុំមានលេខទូរសព្ទ៕

Loading...