លោកសខេង និង លោកសមរង្ស៊ី ណាត់ជួបគ្នាជាថ្មី នៅព្រឹកថ្ងៃ២៩ មករា នេះ

ភ្នំពេញ​៖ លោកឧបនាយករដ្ឋមន្រ្តី​ ស ខេង ​និងជាមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា ​និង ​លោក សម រង្ស៊ី ប្រធាន​​គណបក្សសង្គ្រោះជាតិ ​បាន​កំណត់​ពេល​ជួប​គ្នា​ជា​ថ្មី នៅវិមានរដ្ឋសភា ​នាព្រឹក ថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០១៥ស្អែកនេះ។

សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ របស់អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បង្ហាញថា ថ្នាក់ដឹកនាំតំណាងរាស្ត្រ​នៃគណបក្សនយោបាយ​ ដែលមាន​អាសនៈក្នុងរដ្ឋសភា​ នឹងជួបប្រជុំគ្នា ជាលើកដំបូង នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ៩ព្រឹក នៅសាលទំនាក់ទំនង អន្តរជាតិ វិមានរដ្ឋសភា​។

សេចក្តីប្រកាសដដែល លើកឡើងថា សមាសភាព​ចូលរួម​ក្នុងជំនួបនោះ រួមមាន៖ ១-ខាងគណបក្ស ប្រជាជនកម្ពុជា ដឹកនាំដោយលោក ស ខេង ប្រធានថ្នាក់ដឹកនាំ​តំណាងរាស្ត្រ នៃគណបក្សប្រជាជន កម្ពុជា លោក គាត ឈន់ អនុប្រធាន និងលោកស្រី ម៉ែន សំអន អនុប្រធាន។ ទី២-ខាងគណបក្ស សង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ប្រធានថ្នាក់ដឹកនាំ តំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ លោក កឹមសុខា អនុប្រធាន និងលោក យឹម សុវណ្ណ លេខាធិការ។

សូមរម្លឹកថា កាលពីថ្ងៃទី២៦មករា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសថា ថ្នាក់ដឹកនាំ តំណាង រាស្ត្រនៃគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា ដឹកនាំដោយលោក ស ខេង និង លោក សម រង្ស៊ី នឹងជួបប្រជុំគ្នា ជាលើកដំបូង នៅព្រឹកថ្ងៃទី២៧មករា។ ប៉ុន្តែភ្លាមៗ អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានចេញប្រកាស លុបចោលគម្រោងជំនួបនោះវិញ ដោយគ្មានបញ្ជាក់មូលហេតុ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *