លោកសាស្រ្ដាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ៖ អ្នកជំងឺទឹកនោមផ្អែម សូមកុំបាក់ទឹកចិត្តឬអស់សង្ឃឹម ព្រោះជំងឺនេះយើងអាចព្យាបាលបាននិងអាចបន្តរស់នៅអស់មួយជីវិតដូចមនុស្សធម្មតាដែរ

(ភ្នំពេញ)៖ គ្រូពេទ្យជំនាញបានលើកទឹកចិត្តដល់អ្នកជំងឺលើសជាតិស្ករឬទឹកនោមផ្អែម  មិនត្រូវអស់សង្ឃឹម ឬ បាក់ទឹកចិត្តនោះទេ ផ្ទុយទៅវិញយើងត្រូវរកវាឲ្យឃើញបានឆាប់រហ័សនឹងធ្វើការព្យាបាល ដោយគ្រាន់តែអ្នកជំងឺធ្វើការថែទាំសុខភាព តាមការណែនាំរបស់គ្រូពេទ្យ យើងអាចរស់នៅបានអស់មួយជីវិតដូចអ្នកដែលគ្មានទឹកនោមផ្អែមដែរ ។

លោកសាស្រ្ដាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពីងកម្ពុជា មានប្រសាសន៍ថា អ្នកជំងឺទឹកនោមផ្អែម គឺកើតចេញពីការលើសជាតិស្កររ៉ាំរ៉ៃនៅក្នុងខ្លួន ហើយវាបានបំលែងចេញជាជំងឺ១០០មុខ ហើយអ្នកជំងឺប្រភេទនេះ ប្រសិនបើយើងមិនរកវិធីព្យាបាលឲ្យបានទាន់ពេលវេលាទេនោះ ។ ផលប្រឈមរបស់អ្នកជម្ងឺទឹកនោមផ្អែមគឺត្រូវរកឱ្យឃើញ ដោយគ្រូពេទ្យនឹងធ្វើការជាមួយអ្នកជំងឺ។ ពេលនោះគ្រូពេទ្យជំនាញនិងប្រឹក្សាយោបល់ផ្តល់ ការអប់រំសុខភាព ការថែទាំសុខភាព ជាមួយនឹងអ្នកជំងឺទឹកនោមផ្អែម ដើម្បីឲ្យគាត់អាចបន្តការរស់នៅបានជាធម្មតាដូចមនុស្សដែលគ្មានជំងឺទឹកនោមផ្អែមផងដែរ ។ ប្រសិនបើអ្នកជម្ងឺទឹកនោមផ្អែមមិនអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញវានឹងអាចធ្វើឲ្យអ្នកជំងឺ បាត់បង់សមត្ថភាព ឬពិការភាពនិង អាចបាត់បង់អាយុជីវីតអ្នកជំងឺផងដែរ ។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតបានបញ្ជាក់ថា នៅលើពីភពលោកយើងក្នុងចំណោមមនុស្សធំពីរនាក់ ម្នាក់យើងរកឃើញគាត់មានជំងឺទឹកនោមផ្អែម ហើយម្នាក់ទៀតយើងរកមិនឃើញ។ មានន័យថាយើងបាត់បង់៥០%គឺរកមិនឃើញនូវជំងឺទឹកនោមផ្អែមនោះ ដូច្នេះយើងត្រូវប្រញាប់រកវាឱ្យឃើញ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ ដែលអាចឲ្យគាត់បន្តការរស់នៅជាធម្មតាបានដូចជាមនុស្សធម្មតាគ្មានជំងឺនេះដែរ ។

លោកវេជ្ជបណ្ឌិតកុយ វ៉ាន់នីបន្ថែមថា បើទោះបីការលើសជាតិស្ករមួយមុខហើយវានឹងបំលែងទៅជាជំងឺ១០០មុខក៏ពិតមែន ប៉ុន្តែអ្នកវិជ្ជាសាស្ត្រយើងប្រហែលជា២០ ឆ្នាំចុងក្រោយនេះ បានរកឃើញនូវឱសថពិសេសៗ រាប់ទាំងថ្នាំចាក់និងថ្នាំគ្រាប់ ដែលអាចជួយជីវិតអ្នកជំងឺទឹកនោមផ្អែកយើងឲ្យរស់នៅបានជាធម្មតា ដូចមនុស្សដែលគ្មានការលើសជាតិស្ករ ។ ដូច្នេះការរកឃើញចុងក្រោយនេះ បានឲ្យយើងធានាថា អ្នកជំងឺទឹកនោមផ្អែម អាចរស់នៅបានជាធម្មតា បើទោះបីគាត់លើសជាតិស្ករច្រើនលុបឬជំងឺទឹកនោមផ្អែមក៏ដោយ ។ ដូច្នេះបានជាសមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពីងកម្ពុជា បានរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពី ទិវាទឹកនោមផ្អែមអន្តរជាតិងថ្ងៃ១៤វិច្ឆិកា ជូនដល់ប្រជាពលរដ្ឋទូទៅ ដើម្បីបានស្វែងយល់អំពីជំងឺទឹកនោមផ្អែម។

សូមជម្រាបថា ទិវាជំងឺទឹកនោមផ្អែមពិភពលោកត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ដោយសហព័ន្ធជំងឺទឹកនោមផ្អែម   អន្តរជាតិ និងអង្គការសុខភាពពិភពលោក ឆ្លើយតបនឹងក្តីបារម្ភដែលកំពុងតែកើនឡើងអំពីការគំរាម    កំហែងដល់សុខភាពដោយសារជំងឺទឹកនោមផ្អែម។ ទិវាជំងឺទឹកនោមផ្អែមពិភពលោកក្លាយជាទិវារបស់អង្គការសហប្រជាជាតិជាផ្លូវការនៅឆ្នាំ២០០៦ ជាមួយនឹងការអនុម័តនៃសេចក្តីសម្រេចរបស់អង្គការ  សហប្រជាជាតិ៦១/២២៥។ ទិវានេះរៀបចំប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ វិច្ឆិកា ដែលជាថ្ងៃកំណើត  របស់លោកហ្វ្រេដឺរិក បានទីង គាត់ជាអ្នករកឃើញអាំងស៊ុយលីនជាមួយលោកឆាល បេស នៅឆ្នាំ ១៩២២ ៕

 

 

 

Loading...