លោកសៅ ប៊ុនណារិទ្ធ មេប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិដូងកំពុងឆ្ងាញ់នឹងអំពើពុករលួយ

ខេត្តបាត់ដំបង៖ លោកសៅ ប៊ុនណារិទ្ធ កាលពីនៅធ្វើប៉ូលិសប៉ុស្តិ៍ច្រកអន្ដរជាតិប៉ោយប៉ែត បានធ្វើឲ្យពលរដ្ឋខឹងហើយ ថ្នាក់លើដកចេញមកទុកឲ្យគ្រប់គ្រងនៅច្រកទ្វារអន្ដរជាតិដូងវិញម្តង ក៏ធ្វើឲ្យពលរដ្ឋខឹងបន្តទៀត ដោយសារគាត់ជំនាញខាងប្រព្រឹត្តពុករលួយ។ នៅមាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទល់ និងភូមិឡែម ឃុំទេពនិមិត្ត ស្រុកប៉ោងណាំរ៉ន ខេត្តចាន់ថាក់បូរី ប្រទេសថៃ។

គេកំពុងដាក់ការសង្ស័យថា ទំនិញបិទបាំងបាននិងកំពុងចរាចរណ៍ឆ្លងកាត់ច្រកទ្វារអន្តរជាតិដូងនេះ ។ ប្រជាពលរដ្ឋបានលើកឡើងថា ទំនិញជាច្រើនប្រភេទ ចូលមកកម្ពុជាដោយសេរី ជាថ្នូរនឹងលុយកាក់ ក្រោមការឃុបឃិតជាប្រព័ន្ធរបស់លោកសៅ ប៊ុនណារិទ្ធ និងមន្រ្ដីច្រកទ្វារជាច្រើនករណីផ្សេងទៀត ។

ប្រភពពលរដ្ឋរស់នៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកអូសរទេះរុញស៊ីឈ្នួលដឹកទំនិញសព្វថ្ងៃនេះ គឺរកព្រឹកខ្វះល្ងាច ហើយអូសរទេះដឹកទំនិញឆ្លងកាត់ម្ដងៗ ត្រូវបង់លុយឲ្យប៉ូលិសអន្តោប្រវេសន៍កូនចៅរបស់លោកសៅ ប៊ុនណារិទ្ធ ចាប់ពី២០០០រៀល ទៅ៥០០០រៀល បើមិនឲ្យតាមការទាមទាររបស់បូលិសអន្តោប្រវេសន៍នោះទេ គឺប្រឈមនឹងការប្រើដំបងឆក់ ឬឃាត់ខ្លួនរាប់ម៉ោងជាក់មិនខាន ។

ប្រភពពីពលរដ្ឋរស់នៅភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង បាននិយាយដោយគ្មានលាក់លៀមថា ប្រជាពលរដ្ឋកំពុងតែសម្ដែងការខកចិត្ត ដោយសារលោកសៅ ប៊ុនណារិទ្ធ មកកាន់ជាមេប៉ូលិសអន្តោប្រវេសន៍អន្តរជាតិដូង គឺពោរពេញទៅដោយអំពើពុករលួយ និងបក្ខពួកនិយម ដូចជា ការឃុបឃិតឲ្យមានទំនិញគេចពន្ធ ទំនិញខូចគុណភាព ជង្គង់មាន ឬត្រី និងស៊ុំគ្រលុំជាមួយមេខ្យល់ឲ្យនាំមនុស្សឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ដែលក្នុងនោះម្នាក់ៗត្រូវបង់ឲ្យប៉ូលិសអន្តោប្រវេសន៍របស់លោកសៅ ប៊ុនណារិទ្ធ ពី២០.០០០ រៀល ទៅ៣០.០០០រៀល ។ ចំណែកឯប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជា ឬផុតច្បាប់អនុញាតនោះ ត្រូវប៉ូលិសអន្តោប្រវេសន៍គាបយកលុយក្នុងម្នាក់ៗចាប់ពី៣០.០០០រៀលទៅ៥០.០០០រៀល បើគ្មានលុយទេ គឺត្រូវតម្រូវឲ្យទៅលាងបង្គន់ ឬទណ្ឌកម្មផ្សេងៗទៀត ហើយក្នុងមួយថៃ្ងៗ ពលករធ្វើចំណាកស្រុករាបរយរាបពាន់នាក់ ។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មិនសប្បាយចិត្តចំពោះទង្វើរបស់លោក សៅ ប៊ុនណារិទ្ធ ដែលបង្កើតបក្ខពួកជំរិតទារប្រាក់ពួកគាត់ឡើយ ។ ដូច្នេះ ថ្នាក់លើត្រូវតែពិនិត្យដោះស្រាយជាបន្ទាន់ ។ បើពុំដូច្នោះទេ ពួកគាត់លែងមានជំនឿទុកចិត្តទៀតហើយ ។

លោកសៅ ប៊ុនណារិទ្ធ មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង មិនអាចសុំការបំភ្លឺតាមទូរស័ព្ទបានទេ ពីព្រោះគ្មានលេខទូរស័ព្ទ ៕

 

Loading...