សង្វៀនជល់មាន់ដ៏ធំមួយនៅតំបន់ស្ទឹងកំបុតឃុំ-ស្រុកអង្គរបុរីកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ក្រោមក្រសែភ្នែកលោកយ៉ុង ប៊ុនយ៉ុន អធិការស្រុកអង្គរបុរី ដែលបង្កការភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្នក្នុងសហគមន៍។
សង្វៀនជល់មាន់នេះជារបស់លោកឃាង ប៊ុណ្ណារ៉ា ដែលមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានទាំងនគរបាលនិងកងរាជអាវុធហត្ថ។
ប្រភពពីសមត្ថកិច្ចអះអាងថា លោកឃាង ប៊ុណ្ណារ៉ា ជាមេវង់ដ៏សំខាន់ដែលអាចប្រមូលអតិថិជនជាអ្នកលេងបានមកពីគ្រប់ទិសទីទាំងរាជធានីភ្នំពេញនិងពីស្រុកោះធំខេត្តកណ្តាល។
មេវង់ជល់មាន់ម្នាក់នេះមិនញញើតចំពោះសមត្ថកិច្ចនោះឡើយ។គេដឹងថា សូម្បីលោកយ៉ុង ប៊ុនយ៉ុងដែលទើបកាន់តំណែងជាអធិការស្រុកអង្គរបុរីក៏ត្រូវដៃជើងជាមួយលោកឃាង ប៊ុណ្ណារ៉ាភ្លាមដែរ។
គេថា ទោះបីរាជរដ្ឋាភិបាលហាមឃាត់ការជួបជុំក៏ដោយក៏សង្វៀនជល់មាន់លោកឃាង ប៊ុណ្ណារ៉ា នៅតែមានអ្នកលេងច្រើនកកកុញស្រែកហ៊ោរកញ្ច្រៀវផ្អើលភូមិដោយមិនញញើតនរណាឡើយ។
មន្ត្រីរាជការស្រុកអង្គរបុរីនិយាយថា ទាំងអធិការក៏ដូចជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកត្រូវថ្នាំសណ្តំលោកឃាង ប៊ុណ្ណារ៉ាអស់ទៅហើយ។ដូច្នេះលោកសុខសំណាងស្នងការនគរបាលខេត្តតាកែវនិងស្ថាប័នតុលាការមេត្តាជួយពិនិត្យសង្វៀនជល់មាន់លោក ប៊ុណ្ណារ៉ានៅស្រុកអង្គរបុរីនោះផង៕