លោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មណែនាំលោកអធិការនគរបាលខណ្ឌទាំង១៤និងប៉ុស្ថិ៍រដ្ឋបាលទាំង១០៥ ត្រូវយកចិត្តទុកដាក់ពន្លឿនផ្តល់សេវាឯកសារតម្រូវការសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋមិនឱ្យលើសពី១០ថ្ងៃទៅ១៥ថ្ងៃ 

 

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមស្មារតី ប្រកាសលេខ ២៨៨៤ ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពី ការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅគ្រួសារ -សៀវភៅស្នាក់នៅ ។  អនុវត្តតាមប្រកាសលេខ ០០១ សណន ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពី បែបបទនិងនីតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅជូនដល់ប្រជាពលរដ្ឋខ្មែរ។ រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម បានដឹកនាំធ្វើការប្រគល់ជូន បែបបទសុំផ្តល់ , ត្រានិង សៀវភៅស្នាក់នៅជូនដល់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥និង ដោយក្នុងមួយប៉ុស្តិ៍ទទួលបាន ៣៣ សន្លឹក និង សៀវភៅគ្រួសារដល់អធិការដ្ឋាននគរបាលខណ្ឌទាំ១៤ ដោយមួយខណ្ឌទទួលបាន ២៥០ ក្បាល ដើម្បីយកទៅចាត់ចែងផ្តល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។

លោកឧត្តមសេនីយ៍ទោ​ មិន​ សុផេត​ ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់លោកអធិការនគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្ថិ៍នគរបាលរដ្ឋបាលទាំង១០៥ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតាម ស្មារតីប្រកាស និង សេចក្តីណែនាំខាងលើឱ្យមានប្រសិទ្ធភាពដោយ ធ្វើយ៉ាងណា ពន្លឿនការផ្តល់សេវាតម្រូវការឯកសារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានឆាប់រហ័ស ដោយមិនឱ្យ លើសពីរយៈពេល១០ថ្ងៃ សម្រាប់សៀវភៅស្នាក់នៅ និង ១៥ថ្ងៃសម្រាប់សៀវភៅគ្រួសារ ហើយការផ្តល់នោះគឺមិនតម្រូវអោយមានការបង់ប្រាក់ឡើយ ។

លោកឧត្តមសេនីយ៍ស្នងការរងក៏បានលើកឡើងពីទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការផ្តល់ឯកសារសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ជូនដល់ប្រជាពលរដ្ឋបើធ្វើឯកសារនេះហើយ ត្រូវយកប្រគល់ជូនប្រជាពលរដ្ឋទៅដល់ខ្នងផ្ទះ ដោយហាមមិនអនុញ្ញាតយកទុកចោលនោះទេដើម្បីទុកជាថ្នូររកកំរ៉ៃខុសច្បាប់ណានោះឡើយ ហើយណែនាំ ពួកគាត់ឱ្យចេះថែទាំឯកសារទាំងនោះឱ្យបានល្អសម្រាប់ការប្រើប្រាស់គង់វង្សយូរអង្វែង៕

Loading...