លោកស្នងការ ខេត្តមណ្ឌលគិរី ធ្លាប់ត្រូវបានអតីតអភិបាលខេត្ត ស្នើសុំផ្លាស់ប្តូរតំណែង និង ង់ អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ត្រូវព្រនង់

ខេត្តមណ្ឌលគិរី ៖ យោងតាមរបាយការណ៍មួយច្បាប់ លេខ០១៧ របក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ របស់អតីតអភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី ចុះហត្ថលេខាដោយ លោក ចាន់ យឿន បានស្នើឲ្យផ្លាស់ប្តូរ ស្នងការនគរបាល ខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ក្នុងហេតុផលរួម ៣ចំណុចធំៗ ដែលលិខិតនេះ ត្រូវបានចំណារឯកភាព ដោយសម្តេចក្រឡាហោម ស ខេង ប្រគល់ជូន អគ្គស្នងការនគរបាលជាតិ មុខការ (បានពិនិត្យ និងយល់ព្រម តាមការស្នើសុំ) បូករួមនឹងរឿងរ៉ាវពុករលួយ មួយចំនួនទៀត ប៉ុន្តែរហូតមកដល់ពេលនេះ លោក ញ៉ែម វ៉ាន់នី នៅតែអាចកាន់តំណេង ជាស្នងការខេត្តមណ្ឌលគិរី ដ៏ចម្រូងចម្រាស់ និងអសមត្ថភាពដដែល។

ក្នុងរបាយការណ៍កម្រាស ៤ទំព័រ ដែលបានរៀបរាប់ ពីភាពអសកម្ម និងទង្វើអវិជ្ជមាន ជាច្រើនរបស់លោកស្នងការ ញ៉ែម វ៉ាន់នី ក្នុងនោះផ្តោតសំខាន់ ទៅលើចំណុច ៣ធំៗ រួមមាន ការគ្រប់គ្រងកងកម្លាំង និងប្រើប្រាស់សម្បត្តិរដ្ឋ ការបញ្ជាដឹកនាំជំនាញ ព្រមទាំងមានការយករថយន្តសង្គ្រោះ និងម៉ូតូមួយចំនួន ដែលជាអំណោយរបស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅទុកនៅផ្ទះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងការប្រឆាំងទាំងស្រុង ទៅនឹងគោលការណ៍របស់ អគ្គស្នងការនគរបាលជាតិ ដែលបានដាក់ជូន មន្ត្រីនគរបាលទូទាំងប្រទេស អនុវត្ត ជាពិសេស គឺបំពានលើយុទ្ធសាស្ត្រដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅសែ្វងរកសន្តិភាព ជូនដល់ប្រជាពលរដ្ឋ។

ដោយឡែក អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចេញលិខិតលេខ ៥២៥/១៤ លឆត.ប (អ.ប.ព) ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ កោះអញ្ជើញលោកស្នងការ ញ៉ែម វ៉ាន់នី ឲ្យធ្វើការស្រាយបំភ្លឺ ជាលាយលក្ខណ៍អក្សរ និងផ្តល់ឯកសារពាក់ព័ន្ធ មកអង្គភាពប្រឆាំងអំពើពុករលួយ ជាបន្ទាន់ ពាក់ព័ន្ធករណី ជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ មកកាប់ឈើនៅក្នុង ខេត្តមណ្ឌលគិរី ដោយមានការឃុបឃិតគ្នា ជាមួយបក្ខពួករបស់លោកចំនួន ២រូប ដែលជាមន្ត្រីនគរបាលជាន់ខ្ពស់ក្រោមឱវាទ នៅក្នុងស្នងការដ្ឋាន និងករណីមួយផ្សេងទៀត គឺពាក់ព័ន្ធការយកដី និងអគារសាលប្រជុំ របស់ស្នងការដ្ឋាននគរបាលខេត្ត ទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ប៉ុន្តែការបកស្រាយ ជាលាយលក្ខណ៍អក្សរ របស់លោកស្នងការ ចំពោះករណីពាក់ព័ន្ធខាងលើបានប្រាស់ចាកពីការពិត ដោយលោកបានលើកឡើងថា ការចោទប្រកាន់របស់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី លោក ជា សុវណ្ណថេត គឺមិនមែនជាការពិត ព្រមទាំងមិនមានឯកសារ និងវត្ថុតាងគ្រប់គ្រាន់ បូករួមទាំងសាក្សីផងដែរ។ ក្រៅពីរឿងអាស្រូវដ៏ស្អុយខាងលើ ក៏បានផ្ទុះរឿងឡើងជាបន្តបន្ទាប់ រួមទាំងការប្តឹងពីសំណាក់ មន្ត្រីក្រោមឱវាទ ដែលបានប្តឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃនោះ លោក ញ៉ែម វ៉ាន់នី ក៏បានព្យាយាមបិទបាំង អំពើអាក្រក់របស់ខ្លួន ដោយគ្មានសេចក្តីអៀនខ្មាស់។

ទោះជាយ៉ាងណា លោកស្នងការ ញ៉ែម វ៉ាន់នី មិនអាចបិទបាំងការពិតបានទេ ព្រោះរឿងអាស្រូវ និងអំពើពុករលួយជាច្រើនរូបភាព ត្រូវមន្ត្រីនគរបាលក្រោមឱវាទ លាតត្រដាងនៅក្នុងពាក្យបណ្តឹង រួចទៅហើយ។ ជាការពិតមន្ត្រីជាន់ខ្ពស់ និងមន្ត្រីនគរបាលតូចតាច នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្តឹង ទៅកាន់ក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ ពីទង្វើមិនប្រក្រតីជាច្រើនហើយស្នើ និងជំរុញឲ្យក្រសួងមហាផ្ទៃ ត្រួតពិនិត្យចំពោះ ភាពអសកម្មទាំងនោះជាបន្ទាន់។ មន្ត្រីនគរបាលបម្រើការ ក្នុងស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី បានឲ្យដឹងថា អំពើពុករលួយរបស់លោក ញ៉ែម វ៉ាន់នី គឺជារឿងដែល អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ មិនត្រូវមើលរំលងនោះទេ ហើយគួរចាត់វិធានការ តាមច្បាប់ជាធរមាន។

ក្នុងនោះ ការលាក់ទុកឈ្មោះមន្ត្រីខ្មោច និងសាច់ញាតិរបស់ខ្លួនជាច្រើននាក់ ដើម្បីកិបកេងថវិការដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហេតុនេះអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបើកការស៊ើបអង្កេត និងចាត់វិធានការ ជាបន្ទាន់បំផុត។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ពាក្យបណ្តឹងចោទប្រកាន់លោក ញ៉ែម វ៉ាន់នី នាពេលកន្លងមកនោះ គឺផ្អែកលើការពិតទាំងស្រុង ហើយក្នុងតំណែង ជាស្នងការនគរបាល ខេត្តមណ្ឌលគិរី លោក ញ៉ែម វ៉ាន់នី ធ្វើអ្វីៗស្រេចតែ អំពើចិត្តរបស់ខ្លួន។ លោក ញ៉ែម វ៉ាន់នី បានបើកដៃឲ្យកូនចៅក្រោមឱវាទ ដែលជាបក្ខពួក ជាពិសេសស្នងការរង ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងសន្តិសុខ ឃុបឃិតបិទបាំងបទល្មើស រកស៊ីឈើខុសច្បាប់ ជាមួយក្រុមឈ្មួញធំៗយ៉ាងគឃ្លើន។ ជាងនេះទៅទៀត លោក ញ៉ែម វ៉ាន់នី គិតគូរតែរឿង ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយមិនយកចិត្តទុកដាក់ ពង្រឹងសន្តិសុខសង្គម ឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង ៩ចំណុចនោះទេ ទើបបង្កឲ្យមាន បនល្បែងស៊ីសង និងបទល្មើសផ្សេងៗរាលដាលយ៉ាងអនាធិបតេយ្យ ក្នុងក្រុងសែនមនោរម្យ និងទីរួមស្រុកនានាទូទាំងខេត្តមណ្ឌលគិរី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *