លោកស្រីម៉ែន សំអន ៖ ការសម្របសម្រួលបញ្ចប់វិវាទសំណង់ផ្សារទំនើបសេនជូរីផ្លាហ្សា តាមវិធីសាស្រ្តឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ សម្រប សម្រួលបញ្ចប់ករណីវិវាទរវាង ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកវិនិយោគផ្សារសេនជូរីផ្លាហ្សា កាលពីរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

លោកជំទាវកិត្តិសង្គហបណ្ឌិតមានប្រសាសន៍ថា កន្លងមកជម្លោះនេះបានធ្វើឲ្យ ការសាងសងសំណង់ផ្សារត្រូវ បានផ្អាកជាបណ្តោះអាសន្នអស់ជាច្រើនខែដែលបានធ្វើឲ្យអាជីវករទាំងអស់មានអារម្មណ៍មិនល្អចំពោះគម្រោងនៃការវិនិយោគផ្សារទំនើសេនជូរីផ្លាហ្សានិងបានធ្វើឲ្យសំណង់មិនអាចបញ្ចប់តាមកិច្ចសន្យាដែលបានកំណត់និងម្យ៉ាងទៀតធ្វើឲ្យអាជីវករខកខានក្នុងការលក់ដូរផងដែរ ។ លោកជំទាវបានបន្តថា កន្លងមកក្រសួងបានចាត់ គណៈ ប្រតិភូចុះអង្កេត ស្រាវជ្រាវដល់មូលដ្ឋានទំនាស់និងមានការប្រជុំសម្របសម្រួលជាបន្តបន្ទាប់តែមិនបានសម្រេច ។

ដោយឡែកថ្ងៃនេះក្រោមការដឹកនាំសម្របសម្រួលបញ្ចប់វិវាទរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គូរភាគីទាំងពីរបានសម្តែងនូវការសប្បាយចិត្ត ដោយករណីវិវាទត្រូវបានដោះស្រាយបញ្ចប់ដោយឈរលើ ដោយគោល ការណ៍តម្លាភាពភាតរភាពនិងយុត្តិធម៌ហើយគ្រប់ភាគីសុទ្ធតែឈ្នះស្របតាមវិធីសាស្រ្តឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសភាគីទាំងអស់បានឯកភាពនិងសន្យាអនុវត្ត យ៉ាងម៉ឹងម៉ាត់ តាមស្មារតីកិច្ចប្រជុំនារសៀលថ្ងៃនេះក្នុងការបញ្ចប់ទំនាស់ និងបន្តការសាងសង់បញ្ចប់គម្រោង វិនិយោគ ផ្សារសេនជូរីផ្លាហ្សា ។

នៅចំពោះមុខអង្គប្រជុំ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកវិនិយោគផ្សារសេនជូរីផ្លាហ្សា ក៏បានប្រគល់ការដ្ឋានសំណង់ជូន លោកជំទាវឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុនសេនជូរីហ្គ្រុបបន្តសាងសង់បញ្ចប់គម្រោងដើម្បីឲ្យភាគីក្រុមហ៊ុនបានប្រគល់ជូនដល់អាជីវករជាង ១.២០០តូប អាចចូលលក់ដូរជាធម្មតានៅក្នុងផ្សារ ក្នុងពេលឆាប់ៗខាងមុខនិងបានប្រគល់និងទទួលនូវកិច្ចសន្យាសាងសង់ នៅក្នុង ទីតាំងការដ្ឋានផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែនសំអនសង្ឃឹមយ៉ាងម៉ុតមាំថា ក្រុមហ៊ុននឹងបន្តបញ្ចប់ការសាងសង់ ដោយគោរព តាមបទដ្ឋាននៃសំណង់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍរាជធានីភ្នំពេញថែមមួយកម្រិតទៀត ៕

Loading...