លោកស្រីយីងឡាក់ ចេញលក់អង្ករធូរថ្លៃជូនប្រជាពលរដ្ឋ

លោកស្រីយីងឡាក់ អតីតនាយករដ្ឋមន្ត្រីរងការបណ្តេញចេញពីអំណាចនោះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានលក់អង្ករធូរថ្លៃជូនប្រជាពលរដ្ឋ ហើយនេះជាសកម្មភាពថ្មីបំផុតរបស់លោកស្រីដើម្បីទាញប្រជាប្រិយភាពជាង រដ្ឋាភិបាលយោធាដែលប្រឹងប្រែងជួយកសិកររងគ្រោះពីការធ្លាក់ចុះនៃតម្លៃស្រូវ ។

តម្លៃស្រូវធ្លាក់ចុះបានធ្វើឲ្យកង្វល់ថប់បារម្ភនៅតាមទីជនបទសំខាន់ៗទូទាំងប្រទេសថៃ និងធ្វើឲ្យរដ្ឋាភិបាលយោធាក្តៅគូថ អង្គុយមិនស្ងៀម ខ្លាចក្រែងមានបញ្ហាចលាចលកើតឡើង ក៏បានអនុម័តកញ្ចប់ថវិកាមួយដើម្បីជួយទប់ស្កាត់ ឬសង្គ្រោះវិបត្តិមួយនេះ ។

លោកស្រីយីងឡាក់ ដែលរដ្ឋាភិបាលរបស់លោកស្រីត្រូវទទួលរងការធ្វើរដ្ឋប្រហារទម្លាក់កាលពីឆ្នាំ២០១៤នោះ បានឆ្លៀតឱកាសពេលនេះធ្វើសកម្មភាពពាក់ព័ន្ធបញ្ហាតម្លៃស្រូវប្រជាកសិករផងដែរ ដែលជាគ្រឹះរឹងមាំយ៉ាងសំខាន់ក្នុងការគាំទ្រដល់វង្សត្រកូលនយោបាយគ្រួសារលោកស្រី ។

ដោយមិនរំលោភទៅលើបម្រាមនយោបាយរបស់រដ្ឋាភិបាលយោធានោះ លោកស្រីយីងឡាក់ ក្នុងសប្តាហ៍នេះបានធ្វើដំណើរទៅកាន់ភូមិភាគឦសាន្តប្រទេសប្រមូលទិញស្រូវប្រជាកសិករដែលកំពុងជួបការលំបាក ។

នៅថ្ងៃទី៥ ខែវិច្ឆិកា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានលក់អង្ករក្នុងតម្លៃធូរថ្លៃជូនប្រជាពលរដ្ឋនៅទីក្រុងបាងកក ខណៈដែលមនុស្សម្នាជាច្រើនបានតម្រង់ជួរគ្នារង់ចាំដល់វេនខ្លួនចូលទិញម្នាក់ម្តងៗនោះ ហើយតម្លៃអង្ករដែលដាក់លក់ដោយលោកស្រីយីងឡាក់ ថ្លៃត្រឹមតេ២០បាតប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។

ថ្លែងប្រាប់ប្រភព AFP អ្នករត់តាក់ស៊ីអាយុ៦០ឆ្នាំម្នាក់ឈ្មោះ Umaporn Kaewthongkha បានបញ្ជាក់ថា ខ្ញុំនៅទីនេះដើម្បីទិញអង្ករពីអ្នកស្រីយីងឡាក់ ។ ខ្ញុំធ្វើអីចឹងដើម្បីជួយដល់អ្នកស្រី ពីព្រោះអ្នកស្រីយីងឡាក់ ជួយយើង ។ អ្នកស្រីចិត្តល្អ ស្អាតបាត និងជួយអ្នកក្រនៅពេលដែលអាច ។

លោកស្រីយីងឡាក់ និងបងប្រុសមហាសេដ្ឋីថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្ត្រីរងការធ្វើរដ្ឋប្រហារទម្លាក់កាលពីឆ្នាំ២០០៦ដែរនោះ ទទួលបានការគោរពស្រឡាញ់បំផុតពីសំណាក់ប្រជាពលរដ្ឋតាមទីជនបទ អ្នកទីទាល់ក្រ ។ ប្រជាពលរដ្ឋទាំងនោះបានយល់ឃើញថា ពួកគាត់ទទួលរងការសង្កត់សង្កិនខ្លាំងក្លាបំផុត ។

ប៉ុន្តែទោះបីយ៉ាងណា ក្រុមប្រឆាំងរបស់ត្រកូលថាក់ស៊ីន បានយល់ផ្ទុយស្រឡះទៅជារឿងផ្សេងទៅវិញ ។

ក្រុមអ្នកនយោបាយជើងចាស់ស្និទ្ធរាជបល្ល័ង្គ និងសម្ពន្ធមិត្តយោធាបានមើលឃើញត្រកូល ស៊ីនណាវ៉ាត្រា ថាជាអ្នកនយោបាយពុករលួយ ប៉ិនប្រសប់ទាក់ទាញប្រជាប្រិយភាពពីប្រជាកសិករក្រីក្រ ។

អ្នកវិភាគបានថ្លែងថា រដ្ឋាភិបាលយោធាមានការលំអៀងនៅក្នុងសកម្មភាពរារាំងការវិលត្រឡប់ចូលឆាកនយោបាយវិញពីសំណាក់ក្រុមគ្រួសារត្រកូល ស៊ីនណាវ៉ាត្រា និងបានធ្វើសកម្មភាពយ៉ាងមានប្រសិទ្ធភាពដោយចាប់ខ្លួន និងហាមឃាត់អ្នកដែលមានទស្សនៈផ្ទុយពីខ្លួន ។

លោកស្រីយីងឡាក់ នៅពេលបច្ចុប្បន្នប្រឈមការជាប់ពន្ធនាគារ១០ឆ្នាំ និងពិន័យជាប្រាក់១ពាន់លានដុល្លារ ពាក់ព័ន្ធនយោបាយទិញស្រូវអង្កររបស់រដ្ឋបាលលោកស្រី ដែលក្រុមរាជអាជ្ញាលើកឡើងថា បង្កប់ទៅដោយអំពើពុករលួយ ធ្វើឲ្យថវិកាជាតិខាតបង់រាប់ពាន់លាន ។

ប៉ុន្តែខណៈដែលរដ្ឋាភិបាលយោធាថៃកំពុងសង្ខុញលើលោកស្រីយីងឡាក់ ក្នុងបញ្ហាគម្រោងទិញស្រូវអង្ករ កាលពីសប្តាហ៍នេះ រដ្ឋាភិបាលយោធាបែរជាសម្រេចអនុម័តកញ្ចប់ថវិកាមួយស្មើប្រមាណ១.៣ពាន់លានដុល្លារ ដើម្បីផ្តល់កម្ចី ឬឧបត្ថម្ភប្រជាកសិករដែលរងគ្រោះដោយសារតម្លៃស្រូវធ្លាក់ចុះ ។

នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់ អូចា បាននិយាយថា វិធានការសង្គ្រោះនេះជាដំណោះស្រាយរយៈពេលខ្លីមួយ និងបានព្រមានចាត់វិធានការប្រឆាំងអ្នកដែលលើកបញ្ហានេះថា ជារឿងនយោបាយ ៕ សុរ្ម័ន

jt-40443213_-_05_11_2016_-_thailand_politics yingluck-being-offered-rice

Loading...

Leave a Reply

Your email address will not be published. Required fields are marked *