លោកស្រីអ៊ុងសានស៊ូជី ត្រូវឃុំខ្លួន២សប្តាហ៍ក្រោមច្បាប់នាំចេញ-នាំចូលបន្ទាប់ពីរដ្ឋប្រហារ

(CNN ថ្ងៃពុធទី៣កុម្ភៈ២០២១)៖ យោងតាមអ្នកនាំពាក្យរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD: National League for Democracy) លោកស្រីអ៊ុងសានស៊ូជី(Aung San Suu Kyi) ជាមេដឹកនាំដែលគេបានទម្លាក់នៅប្រទេសមីយ៉ាន់ម៉ានោះ ត្រូវឃុំខ្លួន២សប្តាហ៍ ពីរថ្ងៃបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលនៃប្រទេសនេះបានដណ្តើមយកការគ្រប់គ្រងនៅក្នុងរដ្ឋប្រហារមួយ។

លោកស្រីស៊ូជី ជាមេដឹកនាំតាមការជាក់ស្តែង(de facto leader)(1) នៃប្រទេសនេះ ដែលមាន
តំណែងជាទីប្រឹក្សារដ្ឋ(State counsellor)(2)នោះ មានដីកាចាប់ខ្លួនពីបទរំលោភច្បាប់នាំចូលនិងនាំចេញនៃមីយ៉ាន់ម៉ា។ លោកស្រីស៊ូជីនឹងត្រូវឃុំខ្លួនរហូតដល់ថ្ងៃទី១៥ខែកុម្ភៈ។ ចំណែកខាងលោកប្រមុខរដ្ឋាភិបាលWin Myint ដែលគេទម្លាក់ដែរនោះ ក៏ត្រូវបានឃុំខ្លួននៅក្រោមច្បាប់គ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេស។ ទាំងលោក ទាំងលោកស្រីស៊ូជី មិនត្រូវបានចោទប្រកាន់ទេ។
Note 1: ដែលកាន់តំណែងតាមការជាក់ស្តែង មិនចាំបាច់តាមសិទ្ធិផ្លូវច្បាប់ទេ (de facto: holding a specified position in fact but not necessarily by legal right)។ ផ្ទុយនឹងពាក្យ “de facto” គឺ ”de jure” ដែលកាន់តំណែងតាមសិទ្ធិផ្លូវច្បាប់ (holding a specified position by legal right).
Note 2: លោកស្រីស៊ូជីត្រូវបានគេបោះឆ្នោតឲ្យធ្វើជាទីប្រឹក្សារដ្ឋ(State counsellor) ជាតំណែងដែលត្រូវបានបង្កើតឡើងនៅចន្លោះប្រហោងច្បាប់ ពីព្រោះរដ្ឋធម្មនុញ្ញដែលព្រាងដោយយោធានោះ បានរារាំងលោកស្រីមិនឲ្យក្លាយជាប្រធានាធិបតីបានឡើយ។

លោកស្រីស៊ូជីនិងអតីតប្រធានាធិបតីWin Myint ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់មុនពេល ព្រះអាទិត្យរះ នៃថ្ងៃច័ន្ទ(ទី១កុម្ភៈ) មុនពេលយោធាប្រកាសថា អំណាចត្រូវបានប្រគល់ទៅឲ្យលោកមេបញ្ជាការMin Aung Hlaing ជុំវិញការចោទប្រកាន់គ្មានមូលដ្ឋាន អំពីការបន្លំសន្លឹក ឆ្នោត។ ស្ថានភាពអាសន្នត្រូវបានប្រកាស សម្រាប់រយៈពេលមួយឆ្នាំ។

សមាជិកសភានិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៅក្នុងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) កំពុងត្រូវបានឃុំខ្លួនផងដែរ ដោយមានមនុស្សប្រមាណ៤០០នាក់ត្រូវបានឃុំទុកនៅផ្ទះសំណាក់មួយ ឯរដ្ឋធានីណៃពិដោ(Naypyidaw)។

ដើម្បីពង្រឹងការគ្រប់គ្រងរបស់ខ្លួន របបយោធាថ្មីបានដករដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីចំនួន២៤រូបចេញពីរដ្ឋាភិបាល ហើយបានតែងតាំងសម្ព័ន្ធមិត្តរបស់ខ្លួនចំនួន១១រូប ជាអ្នកជំនួសដែលនឹងកាន់តួនាទីរបស់ពួកគេនៅក្នុងរដ្ឋបាលថ្មីនេះ។

ការរឹបអូសអំណាចភ្លាមៗបានកើតឡើងនៅពេលដែលសភាថ្មីគ្រោងនឹងបើកសម័យប្រជុំ និងបន្ទាប់ពីមានការខ្វែងគំនិតគ្នាកាន់តែច្រើនឡើង រវាងរដ្ឋាភិបាលស៊ីវិលនិងយោធាដែលមានឥទ្ធិពល អំពីភាពមិនប្រក្រតីនៃការបោះឆ្នោត។

គណបក្សរបស់លោកស្រីស៊ូជី(NLD) បានអះអាងអំពីជ័យជម្នះដ៏លើសលប់ នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០២០ ដែលជាការបោះឆ្នោតលើកទី២ ចាប់តាំងពីការបញ្ចប់ការគ្រប់គ្រងរបស់យោធានោះមក ដោយទទួលបាន៨៣%នៃសម្លេងឆ្នោត ដែលបានផ្តល់ឲ្យ គណបក្សនេះដឹកនាំរដ្ឋាភិបាល រយៈពេល៥ឆ្នាំទៀត។

ពួកអ្នកវិភាគបានលើកឡើងថា រដ្ឋប្រហារនេះទំនងជាធ្វើឡើងដោយសារយោធាប៉ុនប៉ងពង្រឹងអំណាចរបស់ខ្លួន និងមហិច្ឆតាផ្ទាល់ខ្លួនរបស់លោកមេបញ្ជាការកងទ័ពMin Aung Hlaingដែលត្រូវចុះចេញពីតំណែងនៅឆ្នាំនេះ ជាជាងការអះអាងអំពីភាពធ្ងន់ធ្ងរនៃការលួចបន្លំសន្លឹកឆ្នោតនោះ។ល។…
ចំណាំ៖ ប្រទេសចិន និងរុស្ស៊ីបានជំទាស់មិនឲ្យថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា
ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
“Myanmar’s Aung San Suu Kyi detained for 2 weeks under import-export laws following coup”, By Helen Regan, CNN Wednesday, February 3, 2021
(SN 47: 4-02-21)

Loading...