លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យដល់ព្រលឹងអ្នកស្លាប់ នៅសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង

(ភ្នំពេញ)៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យដល់ព្រលឹងអ្នកស្លាប់ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងវេនកាន់បិណ្ឌទី១០ នាថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

ពិធីនេះក៏មានការចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈ រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមក្នុងពិធីនេះយ៉ាងមហោឡារឹក។

លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវ ភឿង សកុណា តែងនាំមន្ត្រីរាជការបានរៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យដល់ជនរងគ្រោះ ដែលបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងនៅពេលកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសដល់ប្រជាជនខ្មែរទាំងអស់ ដែលបានបាត់បង់ជីវិត នៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតរាប់លាន អ្នកនៅទូទាំងប្រទេសផងដែរ ។

ដូចអ្វីដែលបានធ្វើជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានប្រារព្ធឡើងតាមសំណូមពរ និងការស្នើសុំរបស់ប្រជាពលរដ្ឋ ទៅតាមគន្លងព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសផល្លាមហាកុសល ដែលកើតឡើងពីការ ប្រគេនចង្ហាន់បិណ្ឌបាត ដល់ព្រះសង្ឃឧទ្ទិសកុសល ដល់អ្នកដែលបានរងគ្រោះ ស្លាប់ទាំងវេទនា នៅក្នុងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃក្នុងគុកទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងក្រសួងវប្បធម៌ និងវិចិត្រិល្បៈ តែងនាំមន្ត្រីរាជការក្រសួងរៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យដល់ជនរងគ្រោះ ដែលបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងនៅពេលកាន់បិណ្ឌ~ភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសដល់បងប្អូនប្រជាជនខ្មែរទាំងអស់ ដែលអ្នកខ្លះស្លាប់ទៅដោយពុំមានក្រុមគ្រួសារដើម្បីធ្វើពិធីបុណ្យឲ្យអ្នកខ្លះក៏បានបាត់បង់ជីវិតទាំងគ្រួសារតែម្តង ហើយការឧទ្ទិសនៅថ្ងៃនេះ គឺឧទ្ទិសដល់អ្នកបាត់បង់ជីវិត នៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតរាប់លានអ្នកនៅទូទាំងប្រទេស។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបួងសួង បួងសួងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ជាមួយគ្នានេះដែរ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ ។

សូមរំលឹកផងដែរថា ជាលើកទី១៣ ដែលនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដែលបានរៀបចំពិធីកាន់បិណ្ឌ ហើយជាលើកទី១២ ដែលលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា៕

Loading...