លោកស្រី ឈាង តៃស្រ៊ីន ប្តឹងអភិបាលរងស្រុកកែវសីម៉ា លោក ហឿន សុខណា ទៅអយ្យការអមសាលាដំបូងខេត្ត

ខេត្តតមណ្ឌលគិរី ៖ យោងពាក្យបណ្តឹងចំនួន១ច្បាប់ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ របស់លោកស្រី ឈាង តៃស្រ៊ីន អាយុ៥៦ឆ្នាំ រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គោរពជូន អយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី អមដោយស្នាមមេដៃចំនួន២៤៥នាក់ផងនោះបានរៀបរាប់ថា នាងខ្ញុំ (លោកស្រី ឈាង តៃស្រ៊ីន) និងប្រជាពលរដ្ឋស្រុកកែវសីម៉ា កើតទុក្ខមិនសុខចិត្តសុំដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ហឿន សុខណា ភេទប្រុស ជាអភិបាលរងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយមន្ត្រីអភិបាលរងរូបនេះមានបំណងប៉ុនប៉ងធ្វើបាបប្រជាពលរដ្ឋក្នុងស្រុកកែវសីម៉ា ដែលមានចេតនាប្រើអំពើហឹង្សាទៅលើប្រជាពលរដ្ឋ ដែលជាកូនចៅក្នុងស្រុករបស់ខ្លួន ក្នុងស្រុកកែវសីម៉ា។

ខ្លឹមសារនៃពាក្យបណ្តឹងនេះបានរៀបរាប់ទៀតថា ៖ លោក ហឿន សុខណា នេះគាត់អាងអំណាចធំ បានយកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ហើយគាត់បានយកឡានទៅដេញបំបុក និងប៉ុនប៉ងធ្វើឃាតប្រជាពលរដ្ឋដែលគ្នាដឹកជំនៀកឈើបន្តិចបន្តួចយកទៅលក់តាមគេតាមឯង គ្រាន់បានកម្រៃចិញ្ចឹមគ្រួសារ។

ខ្លឹមសារនៃពាក្យបណ្តឹងដដែលបញ្ជាក់ទៀតថា រូបនាងខ្ញុំ ឈាង តៃស្រ៊ីន និងប្រជាពលរដ្ឋក្នុងស្រុកកែវសីមា សំណូមពរគ្រប់មន្ត្រីជាន់ថ្នាក់មេត្តាដកឈ្មោះ ហឿន សុខណា ដែលជាមន្ត្រីឃោរឃៅ គ្មានសីលធម៌ ប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ។ ម្យ៉ាងទៀតលោក ហឿន សុខណា នេះមើលឃើញតែអ្នកដឹកជំនៀកឈើបន្តិចបន្តួច បើឈ្មួញមានឡានធំៗ លោក ហឿន សុខណា មើលមិនដែលឃើញទេ ព្រោះមន្ត្រីរូបនេះស៊ីសំណូកសូកប៉ាន់ឈ្មួញធំៗច្រើនណាស់។

អាស្រ័យដូចខាងលើ នាងខ្ញុំ ឈាង តៃស្រ៊ីន និងប្រជាពលរដ្ឋក្នុងស្រុកកែវសីម៉ាទាំងមូល ដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីជួយរកយុត្តិធម៌។

ពាក់ព័ន្ធការចោទប្រកាន់ពីសំណាក់លោកស្រី ឈាង តៃស្រ៊ីន ដូចមានខ្លឹមសារក្នុងពាក្យបណ្តឹង គោរពជូន អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ អភិបាលរងស្រុកកែវសីម៉ា លោក ហឿន សុខណា បានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធតេឡេក្រាម telegram ដោយលោកបញ្ជាក់ថា ករណីនេះ មានប្រជាពលរដ្ឋ២គ្រួសារបានមកជួបលោកនៅកន្លែង ហើយពួកគាត់បញ្ជាក់ថា ការផ្តិតមេដៃនេះមិនបានប្តឹងដើម្បីដកតួនាទីលោកទេ ជាលក្ខណៈជួយ ព្រោះអ្នកដើរប្រមូលស្នាមមេដៃប្រាប់ថា ផ្តិតជួយកូនគាត់ដោយសារបណ្ណក្រីក្រ ដូច្នេះហើយទើបពួកគាត់ផ្តិត បន្ទាប់មកលោកក៏បានណែនាំឲ្យពួកគាត់ទៅធ្វើលិខិតបដិសេធនៅសាលាឃុំ ដើម្បីឲ្យឃុំមានវិធានការ។

លោកអភិបាលរងស្រុកបញ្ជាក់ថា ដោយសារតែការបង្ក្រាប (បង្ក្រាបការដឹកជញ្ជូនឈើប្រណីតខុសច្បាប់) ជាឈ្មួញដុះស្លែ ទើបគាត់កើតទុក្ខមិនសុខចិត្ត ដែលកន្លងមកសូម្បីតែសមត្ថកិច្ច ក៏មិនអាចបង្ក្រាបបានដែរ។

សូមរម្លឹកថា កាលពីវេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃ ក្នុងតំបន់ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ដោយធ្វើដំណើរមកឡើងលើកំណាត់ផ្លូវជាតិលេខ៧៦ ឆ្លងកាត់ស្នាក់ការបរិស្ថាន និងស្នាក់ការដែនជម្រកសត្វព្រៃកែវសីម៉ា លុះមកដល់ជិតស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកែវសីមាដែលមានទីតាំងស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពស្រុកកែវសីម៉ា ដឹកនាំដោយលោក ហឿន សុខណា ជាអភិបាលរងស្រុក ទទួលបន្ទុកលេខាធិការដ្ឋានធ្វើការស្ទាក់ និងបង្ក្រាបបានតែម្តង បច្ចុប្បន្នវត្ថុតាងត្រូវបាននាំយកទៅរក្សាទុកនៅឯផ្នែករដ្ឋបាលព្រៃឈើកែវសីមា បន្តនីតិវិធីតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ស្រុកកែវសីម៉ា គឺជាគោលដៅដែលក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាមតាមច្រកព្រំដែនទ្វារទ្វេភាគី ឡាប៉ាខេ យ៉ាងសកម្ម និងរលូនបំផុត សង្ស័យអាចមានការឃុបឃិតគ្នាពីសំណាក់មន្ត្រីជំនាញខិលខូច ហើយនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននាំគ្នាប្រព្រឹត្តអំពើពុករលួយ៕

Loading...