លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតបាន ប្រគល់ ជូនអណ្តូងទឹកស្អាតចំនួន៥៥ដល់ប្រជាពលរដ្ឋចំនួន៣ខេត្តដើម្បីអាស្រ័យផល

ខេត្តសៀមរាប៖ អណ្តូងទឹកស្អាតចំនួន៥៤ អណ្តូងត្រូវបានលោកស្រី ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនិធិ អណ្តូងទឹកស្អាត លោកតា ហ៊ុន នាង នឹង លោកយាយ ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុនសែន នឹងក្រុមការងារ ប្រគល់ជូនដល់ប្រជាជនអាស្រ័យផល ចំនួន៦ស្រុកស្ថិតក្នុង ៣ខេត្តផ្សេងគ្នា គឺ ស្រុកបន្ទាយស្រី នឹងស្រុកវ៉ារិន ខេត្តសៀមរាប ស្រុកអន្លង់វែង នឹង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្រុកស្វាយចេក នឹង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល៤យប់៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ខែឧសភាឆ្នាំ២០១៨នេះ។

សូមជំរាបថាក្នុងចំណោមអណ្តូងទឹកទាំង៥៤អណ្តូងនេះ មាន១០អណ្តូងជាអំណោយរបស់មហាឧបាសិកា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើត សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីប្រគល់អណ្តូងទឹកទាំងអស់ លោកស្រី ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរលោកតែងតែគិតគូ និងយកចិត្តទុកដាក់ ចំពោះប្រជាលរដ្ឋគ្រប់ទីកន្លែង ហេតុដូច្នេះហើយទើបសម្តេចបានចាត់អោយក្រុមការងារ មូលនីធិអណ្តូងទឹកស្អាតធ្វើអណ្តូងជូន ដល់ពួកគាត់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសនោះដែរដោយមានការស្នើសុំ និងមើលឃើញតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ នៅមានការខ្វះខាត ជាពិសេសអ្នកដែលនៅឆ្ងាយពីប្រភពទឹក លោកស្រីបានចាត់អោយក្រុមការងារធ្វើជូនបន្ថែមទៀត នៅតាមបណ្តាស្រុកទាំង៦ខាងលើនេះ សរុបប្រមាណជិត៣០អណ្តូងទៀត។

លោកស្រីបានអោយដឹងទៀតថាគម្រោងមូលនីធិអណ្តូងទឹកស្អាតលោកតា ហ៊ុន នាង និង លោកយាយ ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុនសែន ធ្វើ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសចំនួន១ពាន់អណ្តូង។ រហូតមកដល់ពេលនេះអណ្តូងទឹកដែលបានខួងរួចរាល់ហើយចំនួន៤៧៧អណ្តូង រួមទាំងអណ្តូងដែលប្រគល់ជួនអោយប្រើប្រាស់ជាផ្លូវការបានចំនួន ៣៦៦ អណ្តូង។

ឆ្លៀតនៅក្នុងកម្មវិធីប្រគល់អណ្ដូងនេះដែរលោកស្រីក៏បានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ មកពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត សំរាប់ពលរដ្ឋណាដែលមានបញ្ហាសុខភាព និងទទួលបានការពិគ្រោះជម្ងឺជាមួយគ្រូពេទ្យជំនាញ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗដោយមិនគិតថ្លៃ។ លើសពីនោះបើសភាពជំងឺធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត៕




Loading...