លោកស្រី យីងឡាក់ ភៀសខ្លួនទៅឌុយបៃ ប្រកបដោយសុវត្ថិភាព

ប្រពព័ត៌មានរ៉យទ័រ បានផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ថា លោកស្រីយីងឡាក់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលភៀសខ្លួនចេញពីប្រទេសនោះ នៅពេលនេះ បាននិងកំពុងស្ថិតនៅក្នុងទីក្រុងឌុយប៉ៃ ប្រទេសអារ៉ាប់ ប្រកបដោយសុវត្ថិភាព។

កាសែតរ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់គណបក្សភឿថៃ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកស្រីយីងឡាក់ បានចេញពីប្រទេសថៃ ចូលទៅកាន់កម្ពុជា និងទៅកាន់សិង្ហបុរី រួចបន្តដំណើរទៅកាន់ទីក្រុងឌុយបៃប្រកបដោយសុវត្ថិភាព។ ទីក្រុងឌុយបៃនោះ ជាទីកន្លែងដែលបងប្រុសរបស់លោកស្រី គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃដែល បាននិងកំពុងស្នាក់នៅនិរទ្ទេសខ្លួន ដោយខ្លួនឯង គេចវេះពីការចាប់ពន្ធនាគារតាំងពីឆ្នាំ២០០៨ ក្រោមបទចោទប្រកាន់អំពើពុករលួយ។

អនុប្រធានប៉ូលីសជាតិ លោកឧត្តមសេនីយ៍ Srivara Rangsibrahmanakul បានថ្លែងថា ប៉ូលិសគ្មានកំណត់ត្រាណាមួយរបស់លោកស្រីយីងឡាក់ អាយុ៥០ឆ្នាំ ដែលចាកចេញពីប្រទេសថៃនេះទេ ហើយប៉ូលិសកំពុងតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់។

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកស្រីយីងឡាក់ មិនបានបង្ហាញខ្លួននៅតុលាការកំពូលតាមការកំណត់នោះទេ ដើម្បីធ្វើសវនាការពាក់ព័ន្ធគោលនយោបាយទិញស្រូវអង្ករប្រជាកសិកររបស់អតីតរដ្ឋាភិបាលលោកស្រី ដែលត្រូវគេចោទប្រកាន់ថា បានធ្វើឲ្យរដ្ឋខាតបង់ទឹកប្រាល់រាប់លានបាត៕

Loading...