លោកស្វាយ សំ​អ៊ាង អភិបាលខេត្តមណ្ឌលគិរី៖ មេទាហាន និងមេ​នគរបាលដែលជាប់ពាក់ព័ន្ធនឹងបទល្មើស​អាចប្រឈមនឹងការដកពី​តំណែង ឬអាច​រហូតដល់ផ្ទន្ទា​ទោសតាមច្បាប់

ខេត្តមណ្ឌលគីរី៖ តាម​មន្ត្រី​មួយចំនួន នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ប្រាប់​ឲ្យ​ដឹងថា ទាក់ទង​នឹង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ចំណុច​អូរ​ហ៊ុ​ចនេះ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ យ៉ាងតិចណាស់​ចាប់ពី២ម៉ឺន ទៅ១០ម៉ឺន​ដុល្លារ ចំណែក ឯ​អ្នក​ខ្លះទៀត​អាច​ទទួល​ពី២០ម៉ឺន ទៅ៣០ម៉ឺន​ដុល្លារ។

តាមព័ត៌មាន​លម្អិត និង​ច្បាស់​ការណ៍​មួយ គឺ​ក្រោយពី​កា​ចុះបង្ក្រាប​របស់ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ដឹកនាំ​ចុះ​ចាប់​បង្ក្រាប និង​ចាប់បាន​ជនជាតិ​វៀតណាម ប្រាំពីរ​នាក់ រួមទាំង​រថយន្ដ​កែច្នៃ​ចំនួន​ប្រាំបី​គ្រឿង ទើប​ធ្វើ​ឲ្យ​បែកធ្លាយ និង​រហូត​ដឹង​ច្បាស់​ថា សម​ត្ត​កិច្ច​ខេត្ត​មណ្ឌល​គី​រី ភាគច្រើន​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ។

ក្រុមមន្ត្រីដដែលនេះ បាន​បន្តទៀតថា ក្រោយពី​ចាប់ខ្លួន​រួចមក មន្ត្រី​រាជ​អាវុធហត្ថ​បាន​ត្រួតពិនិត្យ​រកឃើញ​ឯកសារ​មួយចំនួន នៅជាប់​នឹង​ខ្លួន​ជនជាតិ​វៀតណាម ដូចជា​ឯកសារ​កត់ត្រា រថយន្ដ​ចេញចូល​ឆ្លង​ព្រំដែន​ប្រទេស​ទាំងពីរ រួមទាំង​ឯកសារ​ចំណាយ​ក្នុង រត់ការ​បង់ប្រាក់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ស្ទើរ​គ្រប់​លំដាប់ថ្នាក់។

តាមរយៈ​ឯកសារ​ទាំងនោះ​បានបង្ហាញ​ថា លោក យិន ចន្ទី មេបញ្ជាការ​យោធា​វរៈ​កា​ពារ​ព្រំដែន​គោក​លេខ១០៣ គឺជា​អ្នក​នាំ​ថៅកែ​ជន​ជាត់​វៀតណាម ចូលមក​កាប់​ឈើ​នៅក្នុង​ខេត្ត​តែម្តង រួមជាមួយ​លោក ឯម សុង​ហួរ មេបញ្ជាការ​កងអនុសេនាតូច​ទី៣ ក្នុង​កងអនុសេនាធំ​ទី២ វរៈ១០៣ ដែល​គ្រប់គ្រង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ជាច្រើន​កន្លែង ស្ថិតនៅក្នុង​ស្រុក​កែវ​សីមា និង​ស្រុក​អូររាំង។

សូមបញ្ជាក់ថា លោក ឯម សុង​ហួរ គឺជា​កូនប្រសារ​របស់លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​សឹង​រង ខេត្ត​មណ្ឌល​គី​រី។

ចំណែក លោក ឡេង សោ​ភ​ន្ទ័ មេ​បញ្ជ​ការ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោគ​លេខ៦២១ គឺជា​អ្នកសម្របសម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ចេញចូល​របស់​រថយន្ត​ដឹកឈើ​ខុសច្បាប់ និង​ជា​អ្នក​យកលុយ​ប្រចាំខែ​រហូតដល់​ប្រាំមួយ​ម៉ឺន​ដុល្លារ។

មិនតែប៉ុណ្ណោះ​លោក ឡេង សោ​ភ​ន្ធ័ បាន​យក​រថយន្ដ​កែច្នៃ​ផ្ទាល់ខ្លួន​ចំនួន​ប្រាំ​គ្រឿង​ផ្សេងទៀត ដើម្បី​ដឹកជញ្ជូន​ឈើ ដែល​ត្រូវ​កាប់រំលំ​រួចហើយ។

ចំណែក លោក​ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​សឹក​រង​ខេត្ត​មណ្ឌល​គី​រី បាន​បញ្ជា​ឲ្យ​កូនប្រសារ​របស់ខ្លួន​ឈ្មោះ ឯម សុង​ហួ ជា​អ្នកទទួលខុសត្រូវ​រាប់​ក្បាល​ឡាន​ក្នុង និង​យក​ថ្លៃ​ក្បាល​ឡាន។

តម្លៃ​សម្រាប់​ក្បាល​ឡាន​ដឹកឈើ​នេះ លោក ឯម សុង​ហួរ អាច​ទារ​បាន​រហូតដល់៣០០ដុល្លារ ដូច្នេះ គ្រាន់តែ​ក្នុង​រយៈពេល​មួយខែ​នេះ កូនប្រសា​រលោក ឃិន ម៉េង​ស្រង អាច​ទទួលបាន​លុយ​មិនតិចជាង៣៥ម៉ឺន​ដុល្លារ​នោះទេ។

ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើនេះ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​មានប្រសាសន៍ប្រាប់ប្រភពព័ត៌មាន ថា មន្ត្រី​រាជ​កងអាវុធហត្ថ​ផ្ទៃ​ប្រទេស ដែល​កំពុង​បង្ក្រាប​ករណី​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចូលទៅក្នុង​ប្រទេស​វៀតណាម បាន​រកឃើញ​ភស្តុតាង​ច្រើន​ដែរ​ហើយ​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នេះ។

លោក​បាន​មានប្រសាសន៍ថា ទាហាន និង​ប៉ូលិស ជាពិសេសមេៗទាំងអស់​ហ្នុ​ង ប្រាប់​ខ្ញុំ​ថា អត់​ដឹង។ នៅ​ទី​ហ្នុ​ង​ហើយ​ឆ្លើយថា មិនដឹង​មានតែ​មិន​ទទួលខុសត្រូវ មានតែ​ឃុបឃិត​គ្នា​តែម្តង។

លោក​បាន​ព្រមាន​ថា មេទាហាន និង​មេ​នគរបាល ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​អាច​ប្រឈម​នឹង​ការដក​ពី​តំណែង ឬ​អាច​រហូតដល់​ផ្ទ​ន្ទា​ទោស​តាមច្បាប់​ទៀតផង។

លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​សឹក​រង​ខេត្ត​មណ្ឌល​គី​រី និង​លោក ឡេង សោ​ភ​ន្ធ័ មិនអាច​ទាក់ទង​បានទេ៕

Loading...