លោកហ៊ុន ម៉ាណែត៖ តើលោក ម៉ែន ណាត ហ៊ានភ្នាល់ជាមួយខ្ញុំទេ?

លោកហ៊ុន ម៉ាណែត៖ តើលោក ម៉ែន ណាត ហ៊ានភ្នាល់ជាមួយខ្ញុំទេ?

ថ្មីៗនេះលោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហានក្នុងការបញ្ចេញពត៌មាននានា បានបង្ហោះព័ត៌មានមួយដែលចោទថាខ្ញុំមានលាក់លុយ ២០០លានដុល្លា នៅធនាគារមួយឈ្មោះ BNP នៅប្រទេសបារាំង និងបានកំពុងដេញថ្លៃទិញអគារទីស្នាក់ការបក្ស Le Parti Socialiste ដែលគាត់ចោទថាខ្ញុំ ហ៊ានដេញថ្លៃដល់ជាង ៥៨ លានអឺរ៉ូឯណោះផងដែរ។

នេះមិនមែនជារឿងទីមួយទេ ដែលលោក ម៉ែន ណាត និងក្រុមរបស់គាត់បានប្រឌិតឡេីងក្នុងចេតនាមួលបង្កាច់ ញុះញង់ បំផ្លាញកិត្តិយសអ្នកដទៃ ដេីម្បីកេងចំណេញនយោបាយ។

ក្នុងនាមជាកូនប្រុស ខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយទេ។ ខ្ញុំចង់ភ្នាល់តែម្តងជាមួយលោក ម៉ែន ណាត ដែលបានចោទថាខ្ញុំមានលុយរាប់លានដុល្លាទុកនៅធនាគារបារាំង ហេីយនិងកំពុងចូលរួមដេញថ្លៃអគារក្នុងតម្លៃរាប់លានអឺរ៉ូនោះ។

ការភ្នាល់នោះគឺ៖ ខ្ញុំផ្តល់រយៈពេល២សប្តាហ៏អោយលោក ម៉ែន ណាត បង្ហាញឯកសារជាភស្តុតាងដែលបញ្ជាក់ថា៖ ១) ខ្ញុំមានលាក់លុយ២០០លានដុល្លានៅធនាគារ BNP នៅបារាំង ២) ខ្ញុំមានឈ្មោះដេញថ្លៃអគារ Le Parti Socialiste ដូចដែលលោកបានចោទ។

ឯកសារទាំងនោះយើងអាចស្នើសុំអោយស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជានៅបារាំង សុំអោយធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិត។

បើលោក ម៉ែន ណាត មានឯកសារដែលបញ្ជាក់ថាខ្ញុំពិតជាមានប្រាក់និងកំពុងដេញថ្លៃអគារដូចដែលលោកចោទប្រកាន់មែន ខ្ញុំហ៊ាន៖

១) ប្រគល់លុយទាំងអស់ ដែលលោកចោទខ្ញុំថាមាននោះអោយទៅលោក

២) ខ្ញុំនឹងធ្វើកិច្ចសន្យាជាសាធារណៈថាខ្ញុំនឹងឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត

ប៉ុន្តែបើលោក ម៉ែន ណាត មិន ហ៊ានភ្នាល់ ឬមិនអាចផ្តល់ភស្តុតាងពិតប្រាកដដើម្បីបញ្ជាក់តាមការចោទរបស់លោកទេ ខ្ញុំសុំអោយលោក ម៉ែន ណាត៖

១) ធ្វើលិខិតសុំទោសខ្ញុំជាសាធារណៈ

២) ធ្វើកិច្ចសន្យាជាសាធារណៈថាលោកនឹងឈប់ប្រឡូកក្នុងនយោបាយតាមគ្រប់រូបភាព អស់មួយជីវិត

ខ្ញុំមិនខ្លាចនឹងភ្នាល់ទេ ព្រោះខ្ញុំគ្មានអ្វីត្រូវលាក់បាំងចំពោះការចោទប្រកាន់របស់លោក ម៉ែន ណាត ទេ។

ខ្ញុំសង្ឃឹមថាលោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហាននោះហ៊ានភ្នាល់ជាមួយខ្ញុំដែរ ព្រោះបើតាមអ្វីដែលលោកសរសេរនោះគឺលោកបានអួតថាមានភស្តុតាងអស់ហើយសម្រាប់យកឈ្នះក្នុងការភ្នាល់គ្នានេះ។

ប្រជាពលរដ្ឋជាច្រើនក៏កំពុងរង់ចាំមើលដែរ តើអ្នកក្លាហានដូចលោកហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនសរសេរឬទេ?

ខ្ញុំសង្ឃឹមថាលោក ម៉ែន ណាត ពិតជាមានចិត្តជាកូនប្រុស និងមានភាពក្លាហាន ទទួលខុសត្រូវចំពោះការសរសេររបស់ខ្លួន ហើយមិនមែនជាជនកំសាក និងមិនហ៊ានទទួលខុសត្រូវនោះទេ។

ខ្ញុំនឹងរង់ចាំចម្លើយលោក ហើយបើលោកមានឯកសារជាភស្តុតាងពិតប្រាកដ សូមបង្ហាញមក។ ឯកសារទាំងនោះយើងនឹងស្នើសុំអោយស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជានៅបារាំង សុំអោយធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិតបាន៕

 

Loading...