លោកហ៊ុន ម៉ាណែត៖ និស្សិតត្រូវគិតពីសក្តានុពល ខ្លួនឯង ទើបអាចប្រកួតជែងនិងនិស្សិតអន្តរជាតិបានជោគជ័យ

ខេត្តបាត់ដំបង៖ លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា២០១៧ ២០១៨និងប្រគល់ប័ណ្ណសរសើរជូនដល់សាស្រ្តាចារ្យនិងនិស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តបាត់ដំបង ថា និស្សិតត្រូវគិតពីសក្តានុពលរបស់ខ្លួនព្រោះបច្ចប្បន្នសមត្ថភាពនិស្សិតខ្មែរក៏មានសមត្ថភាពនិងស្នាដៃល្អប្រកួតប្រជែងជាមួយសិស្សនិស្សិតអន្តជាតិបានច្រើន។ និស្សិតត្រូវពង្រឹងស្មារតី សមត្ថភាពប្រកួតប្រជែងដើម្បីជួយអភិវឌ្ឍប្រទេសជាតិ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ២០១៧។

ក្នុងឱកាសនោះដែរលោក ហ៊ុន ម៉ាណែត បានសម្តែងនូវការ អបអរសាទរយ៉ាងខ្លាំង ចំពោះសាស្រ្តាចារ្យនិងនិស្សិតជ័យលាភីដែលទទួលបានជោគជ័យនៃការប្រឹងប្រែងរបស់ខ្លួនដែលនេះគឺជាមោទនភាពរបស់ខ្លួន។ ចំពោះនិស្សិត នេះគឺជាដំណាក់កាលនៃផ្លូវបំបែកនៃជីវិតនិងជាការទទួលខុសត្រូវនៅក្នុងជីវិត។

លោកមានប្រសាសន៍ថា និស្សិតទោះបីប្រឈមនឹងការលំបាក កុំបោះបង់ត្រូវតែខិតខំប្រឹងប្រែងតស៊ូរៀនឱ្យបានជោគជ័យព្រោះយើងមានឱកាសច្រើននិងការប្រកួតប្រជែងក៏ច្រើនដើម្បីកសាងអនាគតនិងគ្រប់គ្រងលើខ្លួនឯង។ និស្សិតត្រូវសងគុណឱពុកម្តាយទី១ដែលបានផ្តល់កំណើតនិងឱពុកម្តាយទី២ដែលបានផ្តល់នូវការអប់រំតាមរយៈការខិតខំប្រឹងប្រែង ការធ្វើខ្លួនធ្វើខ្លួនឱ្យល្អ មានសីលធម៌ គុណធម៌ និងត្រូវវិវឌ្ឍខ្លួនឯងឱ្យស្របនឹងការវិវឌ្ឍរបស់ប្រទេសជាតិកុំវិវឌ្ឍខ្លួនឯងធ្វើឱ្យប៉ះពាល់នឹងការវិវឌ្ឍរបស់ប្រទេសជាតិនិងអ្នកដទៃ។ និស្សិតត្រូវប្រឹងប្រែងរៀនសូត្រទាំងក្នុងសាលានិងក្រៅសាលាដើម្បីបង្កើនសមត្ថភាពក្នុងការធ្វើជាម្ចាស់ការនិងទទួលខុសត្រូវលើខ្លួនឯង ។

លោកលើកឡើងថា ប្រទេសមានសុខសន្តិភាព មានសេរីភាព មានការរីកចម្រើនសិស្សានុសិស្សមានឱកាសច្រើនណាស់ទាំងការសិក្សានិងការងារ។ការកសាងធនធានមនុស្សមិនមែនសម្រាប់តែរយៈពេលខ្លីនោះទេ ។ ការវិនិយោគធនធានមនុស្សនៅក្នុងវិស័យអប់រំគឺសម្រាប់រយៈពេលវែងដើម្បីធានាបានគុណភាព សមត្ថភាពសម្រាប់ឱកាសការងារនិងកាអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងនោះគុណបំណាច់របស់លោកគ្រូអ្នកគ្រូ អាណាព្យាបាលដែលបានបង្ហាត់បង្រៀននិងចិញ្ចឹមបីបាច់ថែរក្សា ចែករំលែកចំណេះដឹង បណ្តុះបណ្តាលកែឆ្នៃក្មួយៗនិស្សិតឱ្យក្លាយជាធនធានល្អដើម្បីកសាងអនាគតខ្លួនឯង សម្រាប់គ្រួសារនិងសង្គមជាតិ ផងដែរ ៕

Loading...