លោកហ៊ុន ម៉ានី ជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងអប់រំ

ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានប្រជុំជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តពិភាក្សាលើការជំរុញការផ្តល់ការអប់រំឌីជីថល ដល់សិក្សានុសិស្សអោយកាន់តែមានប្រសិទ្ធភាព និងស្តាប់នូវបទបង្ហាញស្តីពីគម្រោងការបង្កើត APP E-Learning របស់ក្រសួង ដែលបង្ហាញដោយក្រុមការងារបច្ចេកទេស E-Learning នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

ឈរលើមូលដ្ឋាននៃការគាំទ្រ និងការចូលរួមចំណែកផ្តល់ជាធាតុចូលជាបន្តបន្ទាប់ក្នុងការសម្រេចនូវចក្ខុវិស័យរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការទី៧ នៃរដ្ឋសភា បានធ្វើការសហការ គាំទ្រជាមូលដ្ឋានបច្ចេកទេសក្នុងការបង្កើតជា APP របស់ក្រសួង ដើម្បីឆ្លើយតបនូវសំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រី កាលពីកិច្ចប្រជុំ នាថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ គណៈកម្មការទី៧ នៃរដ្ឋសភា សូមថ្លែងអំណរដល់ថ្នាក់ដឹកនាំក្រសួង លោកគ្រូ អ្នកគ្រូ និងមន្ត្រីបច្ចេកទេសទាំងអស់ដែលតែងបានចូលរួម និងបន្តខិតខំសហការគ្នា ពង្រឹងគុណភាពនៃការអប់រំនៅកម្ពុជា។ ទន្ទឹមនឹងនេះ គណៈកម្មការ សូមលើកទឹកចិត្ត អាណាព្យាបាលគ្រប់ៗរូប បន្តផ្តល់ការយកចិត្តទុកដាក់ ណែនាំកូនៗឲ្យស្វ័យសិក្សានៅផ្ទះ និងតាមរយៈមធ្យោបាយអនឡាញនានាស្របតាមការណែនាំរបស់ក្រសួង៕

Loading...