លោកអភិបាលខេត្តបានចុះ ពិនិត្យស្ថានភាពទឹកទន្លេស្រែពកស្ថិតនៅស្រុកលំផាត់

ខេត្តរតនគិរី÷ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោក ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយប្រធានមន្ទីរជំនាញ និងអាជ្ញាធរស្រុក អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក លំផាត់ ស្របពេលប្រទេសកម្ពុជា ក៏ដូចជាខេត្តរនគិរីកំពុងរងនូវឥទ្ធិពលព្យុះ បណ្តាលឲ្យមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់។
តាមការពិនិត្យមើលជាក់ស្តែងសង្កេតឃើញថាស្ថានភាពទឹកទន្លេស្រែពក លំផាត់គឺកំពស់ទឹកត្រឹម៤.៨០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន១២.៥ម៉ែត្រ។

បើទោះបីជាស្ថានភាពទឹកទន្លេក្នុងខេត្តពុំមានស្ថានភាពគួរឲ្យព្រួយបារម្ភក្តី ក៏លោក បន្តអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋជាប់ដងទន្លេឲ្យយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់តាមដានជាប់ជានិច្ចនូវស្ថានភាពទឹក ដើម្បីត្រៀមលក្ខណៈបង្ការ និងសង្គ្រោះទាន់ពេលវេលា ក្នុងករណីមានជំនន់ទឹកភ្លៀងណាមួយជាយថាហេតុ។

ដោយសារតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាកម្ពុជា នៅបន្តរងឥទ្ធិពលពីព្យុះទី១៦ (ណាងកា) និងទី១៧ (សូដែល) បង្កជាប្រព័ន្ធសម្ពាធទាប លាតសន្ទឹងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ដោយឡែកព្យុះទី១៧ នឹងមកដល់ប្រទេសវៀតណាមត្រង់ចំណុចគីញើន រួចថយឥទ្ធិពលជាបន្តបន្ទាប់ ដោយឆ្លងកាត់ប្រទេសកម្ពុជាតាមខេត្តរតនគិរីនៅថ្ងៃទី១៨~១៩ ក្នុងកម្លាំងវិសម្ពាធ និងសម្ពាធទាបៗ៕

Loading...